(ភ្នំពេញ)៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ជំនួបរវាង លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ជាមួយ លោកស្រី ខាមិន ម៉រីណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មិនខុសនឹងជំនួបជាមួយអគ្គរដ្ឋទូតបរទេសមុនៗទេ។

លោក មុត ចន្ថា បានបញ្ជាក់ថា លោកស្រី ខាមិន ម៉រីណូ បានមកជួបសម្តែងការគួរសម និងសួរសុខទុក្ខ លោក កឹម សុខា បន្ទាប់ពីទទួលបានការសម្រេចជាថ្មីរបស់តុលាការ ដែលកែសម្រួលលក្ខខណ្ឌ ក្នុងការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ។

លោកបន្តថា ក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិភាក្សាអំពីកិច្ចការដែលភាគីទាំងអស់អាចចូលរួមចំណែក ស្ថាបនាជាតិទាំងអស់គ្នា នៅពេលដែល លោក កឹម សុខា មានសេរីភាពពេញលេញទៅថ្ងៃខាងមុខ។

នៅពេលអ្នកសារព័ត៌មានសួរអំពីរឿង EBA វិញ លោក មុត ចន្ថា បានបញ្ជាក់ថា នៅក្នុងជំនួបនោះ លោកស្រីអគ្គរដ្ឋទូតអឺរ៉ុប បានអះអាងថា លោកស្រីនឹងមានសេចក្តីប្រកាសមួយ នៅល្ងាចនេះ ហើយការប្រកាសនោះក៏មិនខុសអ្វីអំពីគោលជំហររបស់អឺរ៉ុប ដែលប្រកាស កាលពីថ្ងៃទី១១ ខែវិច្ឆិកាផងដែរ។

រហូតមកដល់ពេលនេះ មានអគ្គរដ្ឋទូតបរទេសចំនួន៥រូបហើយ បានចូលជួប លោក កឹម សុខា បន្ទាប់ពីលោកទទួលបានសិទ្ធិច្រើនជាងមុន ក្នុងនោះមានអគ្គរដ្ឋទូតអាមេរិក អគ្គរដ្ឋទូតអាល្លឺម៉ង់ អគ្គរដ្ឋទូតអូស្រ្តាលី អគ្គរដ្ឋទូតបារាំង និងអគ្គរដ្ឋទូតអឺរ៉ុបប្រចាំនៅកម្ពុជាផងដែរ។

មហាជនបានមើលឃើញថា ខណៈលោក កឹម សុខា កំពុងបន្តជួបពិភាក្សាជាមួយទូតមហាអំណាចធំៗ ក្រុមលោក សម រង្ស៉ី គឺលោកស្រី មូរ សុខហួរ បានចាកចេញពីប្រទេសម៉ាឡេស យ៉ាងអាម៉ាស់ ឆ្ពោះទៅកាន់ប្រទេសអារ៉ាប់ ក្រោយពីទទួលបានបរាជ័យយ៉ាងធ្ងន់ធ្ងរលើផែនការរដ្ឋប្រហារ ៩ វិច្ឆិកា។

លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យមួយចំនួន។ លក្ខខណ្ឌថ្មីនេះ រួមមាន៖ ១៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ២៖ មិនត្រូវធ្វើសកម្មភាពនយោបាយ និង៣៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕