(ភ្នំពេញ)៖ លោកបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានបញ្ជាក់ថា ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោករបស់អាមេរិក Keller Williams Realty បានដាក់អាស៊ាន គឺជាគោលដៅដ៏សំខាន់មួយសម្រាប់ធ្វើការវាយលុកទីផ្សារក្នុងតំបន់អាស៊ី ហើយលោកបានចាត់ទុកនេះជាជម្រើសដ៏ត្រឹមត្រូវ ដ្បិតប្រទេសអាស៊ានបច្ចុប្បន្នមាន ៥ប្រទេសហើយ ដែលមាន KW។

ការលើកឡើងនេះ ស្របពេលលោកបានដឹកនាំសមាជិកក្រុមហ៊ុន KW Cambodia រួមទាំងប្រធានសាខា អនុសាខា និងភ្នាក់ងារជាង ៣០នាក់ ចូលរួមកម្មវិធី KW ASIA Summit 2019 នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ នេះគឺជាលើកដំបូងហើយ ដែលក្រុមហ៊ុន Keller Williams Realty បានរៀបចំកម្មវិធីនេះ នៅតំបន់អាស៊ី។

លោកបណ្ឌិត គីម ហ៊ាង បានថ្លែងប្រាប់អ្នកសារព័ត៌មាន មុនឡើងយន្ដហោះកាលពីថ្ងៃអង្គារម្សិលមិញថា «ដោយសារអាស៊ានជាតំបន់មួយ មានប្រជាជនជាង ៦០០លាននាក់ ហើយជាតំបន់សេដ្ឋកិច្ចលំដាប់ Top-10 លើពិភពលោក អញ្ចឹងគេឃើញនៅអាស៊ី ជប៉ុន កូរ៉េ និងចិន ធំមែន តែអាស៊ាន ជាតំបន់ងាយស្រួលដល់ KW វាយលុកទីផ្សារ...។ ខ្ញុំរំពឹងថា ដាច់ឆ្នាំ២០២២ អាស៊ានយើងអាចមាន KW ពី ៧ ទៅ ៨ប្រទេស។ អញ្ចឹងអាមេរិកដាក់អាស៊ាន ជាតំបន់គោលដៅសំខាន់របស់ទ្វីបអាស៊ី គឺជាជម្រើសមួយដ៏ត្រឹមត្រូវ»។

ជាមួយការចូលរួមកម្មវិធីខាងលើផងដែរ លោកបណ្ឌិត គីម ហ៊ាង បានចាត់ទុកនេះ គឺជាឱកាសមួយដ៏ល្អសម្រាប់ផ្សព្វផ្សាយអំពីសក្ដានុពលនៃវិស័យអចលនទ្រព្យកម្ពុជា ការផ្សាភ្ជាប់ទំនាក់ទំនងអន្ដរជាតិ និងពង្រីកទីផ្សារកម្ពុជាទៅកាន់ពិភពលោក។ លើសពីនេះ លោកបានបង្ហើបអំពីគោលបំណង និងការប្ដេជ្ញាចិត្ត នឹងខិតខំនាំយកកម្មវិធី KW ASIA Summit នេះ មកធ្វើនៅកម្ពុជាឲ្យបាននៅឆ្នាំ២០២០ ទៀតផង ខណៈការរៀបចំលើកដំបូងនៅអាស៊ីនេះ គឺផ្ដើមចេញពីការស្នើសុំមុនគេ ដោយរូបលោកផ្ទាល់។

គួរបញ្ជាក់ថា ការរៀបចំកម្មវិធី KW ASIA Summit 2019 ដោយជ្រើសយកប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ គឺមាន ៧ប្រទេសចូលរួម រួមមាន KW ម៉ាឡេស៊ី កម្ពុជា វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ជប៉ុន និង KW World Wide ដែលមានសមាជិក និងភ្នាក់ងារចូលរួមជាង ១,០០០នាក់។ ចំពោះគោលបំណងកម្មវិធីនេះ គឺដើម្បីផ្សព្វផ្សាយអំពី Brand របស់ KW ពិសេសបង្ហាញដល់ពិភពលោកថា KW បានមកដល់អាស៊ី និងមាន ៥ប្រទេសរួចហើយ គ្រាដែល KW Cambodia ក៏ជាផ្នែកមួយដ៏សំខាន់របស់ក្រុមហ៊ុនលំដាប់ពិភពលោកនេះផងដែរ៕