(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ បានទទួលជួបលោកស្រី ខាមិន ម៉រីណូ (Carmen Moreno) ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា នៅគេហដ្ឋានរបស់លោក នាខណ្ឌទួលគោក រាជធានីភ្នំពេញ។

រហូតមកដល់ពេលនេះ មានអគ្គរដ្ឋទូតបរទេសចំនួន៤រូបហើយ បានចូលជួបលោក កឹម សុខា បន្ទាប់ពីលោកទទួលបានសិទ្ធិច្រើនជាងមុន ក្នុងនោះមានអគ្គរដ្ឋទូតអាមេរិក អគ្គរដ្ឋទូតអាល្លឺម៉ង់ អគ្គរដ្ឋទូតអូស្រ្តាលី និងអគ្គរដ្ឋទូតបារាំងផងដែរ។

លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យមួយចំនួន។ លក្ខខណ្ឌថ្មីនេះ រួមមាន៖ ១៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ២៖ មិនត្រូវធ្វើសកម្មភាពនយោបាយ និង៣៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕