(ភ្នំពេញ)៖ នៅម៉ោងប្រមាណ៤៖២០នាទី ល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានយាងមកដល់វេទិកាកិត្តិយសហើយ ដើម្បីទតការប្រណាំងទូកងថ្ងៃចុងក្រោយ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញ។

វត្តមាននៃការយាង និងអញ្ជើញចូលរួមក្នុងព្រះរាជពិធីថ្ងៃនេះគឺមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រមទាំងញាតិវង្ស ថ្នាក់ដឹកនាំមន្រ្តីរាជការ ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករផងដែរ។

ព្រះរាជពិធីបុណ្យអុំទូក គឺមានរយៈពេល៣ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក។

លទ្ធផលប្រណាំងទូកង នឹងប្រកាសជ័យលាភីនៅល្ងាចនេះផងដែរ។ ទូកជ័យលាភី នឹងត្រូវទទួលព្រះរាជទានរង្វាន់ផ្ទាល់ពីព្រះមហាក្សត្រកម្ពុជា។

នៅរាត្រីនេះ ក៏នឹងមានពិធីបណ្តែតប្រទីប និងបាញ់កាំជ្រួចផងដែរ៕