(ឧត្តរមានជ័យ)៖ ផ្ទះមួយខ្នងដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ចុះទៅប្រគល់ជូនគ្រួសារក្រីក្ររស់នៅ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលមានកូនប្រឡងជាប់និទ្ទេស A។

នៅក្នុងឱកាសនោះ លោក ប៉ែន កុសល្យ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេច តែងគិតគូរជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋងាយរងគ្រោះផ្សេងៗ។

លោកអភិបាលខេត្តឧត្តរមានជ័យ ប៉ែន កុសល្យ បានបញ្ជាក់ថា ផ្ទះនេះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនគ្រួសារក្រីក្រដែលកូនបានប្រឡងជាប់និទ្ទេស A ទូទាំងខេត្ត។ លោកបន្តថា នេះជាកិត្តិយសណាស់សម្រាប់ខេត្តឧត្តរមានជ័យ ដែលការប្រឡង មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨-២០១៩នេះ មានសិស្សប្រឡងជាប់និទ្ទេស A តែម្នាក់គត់ ហើយអ្វីដែលគួរឲ្យកោតសរសើរនោះ គឺចេញពីគ្រួសារ ដែលមានជីវភាពក្រីក្រទៀត។

ជាមួយនឹងការប្រគល់ផ្ទះនេះ លោក ប៉ែន កុសល្យ ក៏បានប្រគល់ជូនថែមនូវឃីតមួយកញ្ចប់ និងថវិកា១៥ម៉ឺនរៀលបន្ថែមទៀត។ ទន្ទឹមនឹងនោះ ក៏បានជូនឃីតមួយកញ្ចប់ និងថវិកា២០ម៉ីនរៀល ដល់គ្រួសារដែលប្រសូត្រ បានកូនភ្លោះ ប្រគេនបច្ច័យព្រះសង្ឃ៤អង្គ ក្នុង១អង្គ៥ម៉ឺនរៀល ជូនតាអាចារ្យម្នាក់ៗ៥ម៉ឺនរៀល និងប្រជាពលរដ្ឋចូលរួមក្នុងម្នាក់ៗ ថវិកា២ម៉ឹនរៀលផងដែរ។

បើតាមរបាយការណ៍របស់ លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្នុងសមយ័ប្រឡង យកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទូទាំងខេត្តឧត្តរមានជ័យឆ្នាំ២០១៨-២០១៩ សម័យប្រឡងថ្ងៃទី១៩ សីហាកន្លងទៅនេះ បេក្ខជនមានឈ្មោះប្រឡង សរុប១,០៩៣ មកប្រឡង១,០៨៦នាក់ ក្នុងនោះប្រឡងជាប់និទ្ទេស A បានម្នាក់ឈ្មោះ កែវ ពន្លឺ ជាសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រសាទ និទ្ទេសB ៧នាក់, និទ្ទេសC ៦៣នាក់, និទ្ទេសD ២០៤នាក់, និទ្ទេសE ៥៩៥នាក់ និងនិទ្ទេសF ២២៣នាក់៕