(ភ្នំពេញ)៖ តំណាងរាស្ត្រអូស្ត្រាលី អ្នកវិភាគសង្គម និងតំណាងសង្គមស៉ីវិល ចំនួន៤រូបបានចេញមុខរិះគន់លោក សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ បន្ទាប់ពីបរាជ័យផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ។ ការរិះគន់វាយប្រហារជនបរាជ័យ សម រង្ស៉ី នេះបានធ្វើឡើងនៅក្នុងវេទិកាមួយរបស់ Cambodia Daily កាលពីថ្ងៃទី០៩ ខែវិច្ឆិកាកន្លងទៅ។

លោក សូ ណារ៉ូ អ្នកវិភាគសង្គម ដែលកន្លងមកធ្លាប់គាំទ្រលោក សម រង្ស៊ី បានលើកឡើងថា ផែនការមាតុភូមិនិវត្តន៍ នៅថ្ងៃ៩វិច្ឆិកា ដែលគេដាក់យ៉ាងច្បាស់លាស់ ចាត់ទុកថាបរាជ័យទាំងស្រុងហើយ ពីព្រោះថាថ្ងៃហ្នឹងគឺផុតហើយ។ ផែនការនេះបរាជ័យ មានន័យថា បើចាប់ពីស្អែកទៅ វាជាផែនការក្រោយ៩វិច្ឆិកា មិនមែនជាផែនការ ៩វិច្ឆិកាទៀតទេ។

លោកបញ្ជាក់ថា «ពីមុនគាត់ (សម រង្ស៉ី) និយាយច្បាស់ណាស់ថា (សម្តេច) ហ៊ុន សែន រលំហើយ ៩វិច្ឆិកា យើងទៅរំដោះប្រទេសបានហើយ។ អញ្ចឹងចង់មិនចង់ ផែនការនេះវាផុតថ្ងៃ៩ហើយ»។

បើតាមលោ ស៊ូ ណារ៉ូ ចំណុចអវិជ្ជមាន២ ដែលលោកមើលឃើញ ពីការបរាជ័យរបស់លោក សម រង្ស៉ី មានដូចជា៖

* ទី១៖ ការរៀបចំរញេរញ៉ៃ អត់មានក្បួនខ្នាត អត់មានផែនការអីច្បាស់លាស់ទេ។ លោក សម រង្ស៉ី ទើបតែមកដល់ម៉ាឡេស៉ី ថ្ងៃទី៨ តាមពិតគាត់ត្រូវមកម៉ាឡេស៉ី តាំងពីថ្ងៃ១ តាំងពីដើមខែ អត់មានរឿងអីម៉ោងនេះទៅធ្វើការទូតអីទៀតទេ ម៉ោងនេះគឺប្រមូលផ្តុំ ទៅលើការអនុវត្តន៍គម្រោងផែនការ។

លោកបន្តថា «បើគាត់មកមុន១សប្តាហ៍ គាត់ឈរជើងនៅម៉ាឡេស៉ី គាត់ជំរុញចលនាប្រជាពលរដ្ឋ កាន់តែខ្លាំងឡើងៗ ពីព្រោះបើគាត់នៅឆ្ងាយ ថ្ងៃទី៧ទៅហើយ នៅប៉ារីសនៅឡើយ។ ផែនការនេះគ្មានជោគជ័យអីទេ គ្រាន់តែខ្ញុំមើលខ្ញុំដឹងតែម្តង។ ថ្ងៃទី៧ គ្រាន់តែមានបញ្ហាអីមួយ យន្តហោះចេញដំណើរអត់បាន ក៏បរាជ័យ មិនចាំបាច់និយាយថា គេមិនឲ្យឡើងយន្តហោះដោយសាររឿងនេះរឿងនោះ អញ្ចឹងហើយផែនការនេះ លេងសើចជាង»។

* ទី២៖ បរាជ័យដោយសារសារនយោបាយតែម្តង។ លោក សម រង្ស៉ី ចេញសារក្តៅគគុក សារបែរកាណុងបាញ់គ្រួសារសម្តេចតេជោ ហ៊ុន សែន សារនយោបាយផ្តល់លុយឲ្យទាហាន ឬក៏សារនយោបាយរហូតទៅដល់ប៉ះពាល់ព្រះមហាក្សត្រ និងចង់ផ្តួលរំលំរបបរាជានិយម។

លោកបញ្ជាក់ថា «គាត់ (សម្តេច ហ៊ុន សែន) យកសារទាំងអស់ហ្នឹងផ្ញើទៅស្ថានទូតគ្រប់ប្រទេស សម រង្ស៉ី ប្រុងបះបោរប្រដាប់អាវុធ ទោះបីយើងដៃទទេក៏ដោយ ប៉ុន្តែយើងហៅឲ្យទាហានងើបឡើងបាញ់ (សម្តេច) ហ៊ុន សែន។ អញ្ចឹងបះបោរប្រដាប់អាវុធនេះ វាធ្វើឲ្យប្រទេសដទៃទៀត គេអត់ហ៊ានគាំទ្រទេ ប្រទេសដទៃគេមានច្បាប់របស់គេ។ យើងឃើញហើយ អង្គទូតមួយចំនួន មិនហ៊ានចេញមុខមកការពារគណបក្សសង្គ្រោះជាតិទេ ដោយសារខ្លាច (សម្តេច) ហ៊ុន សែន ចោទថាគាំទ្រពួកឧទ្ទាម»។

លោក ប៉ា ងួនទៀង ប្រធានមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានថ្លែងថា បើសិនជាការបង្កើតចលនាតស៊ូមួយហើយវាបាត់ទៅវិញ វាហាក់បីដូចជាសម្លាប់ទឹកចិត្តអ្នកស្រឡាញ់សង្គម អ្នកស្រឡាញ់ចង់មានការផ្លាស់ប្តូរដោយសន្តិវិធី។ លោករិះគន់ថា ការរៀបចំរបស់លោក សម រង្ស៉ី នោះវាអន់ពេក។

លោកបញ្ជាក់ថា «ផែនការនេះវាធំណាស់ មិនមែនធ្វើលេងៗកើតទេ វាត្រូវធ្វើមានការរៀបចំប្រយ័ត្នប្រយ៉ែង តាំងពីសារនយោបាយ តាំងពីអាព័ត៌មានណា ត្រូវចេញមុន ចេញក្រោយ»។

លោក គឹម សុខ អ្នកវិភាគសង្គម និងនយោបាយ បានលើកឡើងស្រដៀងគ្នានឹងលោក ប៉ា ងួនទៀង ផងដែរ ដោយចាត់ទុកថា ការរៀបចំផែនការ ៩វិច្ឆិកា របស់លោក សម រង្ស៉ី គឺអន់ខ្លាំងណាស់ ហើយលោក សម រង្ស៉ី គឺជាមនុស្សកំសាក។ លោកថ្លែងថា បើសិនជាលោកមានអ្នកគាំទ្រត្រឹមតែ ១ភាគ៣ នៃអ្នកគាំទ្រលោក សម រង្ស៉ី លោកនឹងហ៊ានចូលស្រុកវិញមិនខាន។

លោក គឹម សុខ បញ្ជាក់ថា «បើខ្ញុំមានឱកាសធ្វើបែបហ្នឹង មិនចាំបាច់ដល់កម្រិតលោក សម រង្ស៉ី ផងគឺតែ១ភាគ៣ទេ នៃសម្លេងដែលគាត់ទ្រលោក សម រង្ស៉ី បច្ចុប្បន្ន បើសិនមាន១ភាគ៣ មកជ្រោមជ្រែង លោក គឹម សុខ វិញ (ខ្ញុំ) ចូលស្រុកមែនទែន»។

ជាមួយគ្នានេះលោក ហុង លីម អតីតតំណាងរាស្ត្រប្រទេសអូស្ត្រាលី សញ្ជាតិកម្ពុជា បានរិះគន់ថា លោក សម រង្ស៉ី ពូកែតែខាងស្រែក តែការអនុវត្តន៍មិនកើតទាល់តែសោះ ហើយលោកបានអំពាវនាវឲ្យលោក សម រង្ស៉ី លាឈប់ធ្វើនយោបាយ ដោយទុកឱកាសឲ្យអ្នកជំនាន់ក្រោយវិញម្តង។ លោកលើកឡើងថា លោក សម រង្ស៉ី ធ្វើនយោបាយ២៥ឆ្នាំហើយ បានត្រឹមតែអុចអាលរួចយកលុយពីអ្នកគាំទ្រ ប៉ុន្តែមិនដែលឃើញសកម្មភាពជោគជ័យឡើយ។

លោក ហុង លីម បញ្ជាក់ថា «ខ្ញុំជឿថាគាត់និយាយពីរោះ ពូកែចាក់ចុច ២៥ឆ្នាំមកហើយ ប៉ុន្តែយើងមិនអាចទ្រាំអញ្ចឹងបានទៀតទេ ពីព្រោះជាតិយើងត្រូវការផែនការច្បាស់លាស់ ត្រូវការអ្នកដឹកនាំ។ ខ្ញុំអំពាវនាវលោក សម រង្ស៉ី មេត្តាហ៊ានចុះចេញប្រកបដោយកិត្តិយស យើងមិនអាចធ្វើអញ្ចឹងបន្តទៀតទេ។ ត្រូវទុកឱកាស ឲ្យអ្នកក្រោយ ដែលធ្វើទៅវាស្អាតស្អំ ប្រកបដោយតម្លាភាព ប្រកបដោយកម្មវិធីនយោបាយច្បាស់លាស់ មិនមែនចេះតែនិយាយ ហើយស្រែកថាឈ្នះហើយៗទេ តាំងប្រមូលលុយហើយទៅវិញបាត់ អត់ដែលឃើញមានអី២៥ឆ្នាំហើយ»៕