(ភ្នំពេញ)៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍, ក្រុមការងារនាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង សហការជាមួយសាលារាជធានីភ្នំពេញ, មន្ទីរទេសចរណ៍, មន្ទីរបរិស្ថាន, អង្គការ Let's Do It! World, River Cleanup Belgium, សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យទេសចរណ៍, យុវជនស្ម័គ្រចិត្ត, អាជ្ញាធរខណ្ឌ, កងកម្លាំងជើងទឹក និងកីឡាករប្រណាំងទូកធ្វើយុទ្ធនាការ «ទីក្រុងស្អាត ទន្លេគ្មានសំរាម» នៅមុខព្រះបរមរាជវាំង តាមដងទន្លេមុខព្រះបរមរាជវាំង តាមដងទន្លេត្រើយខាងកើត។

យុទ្ធនាការនេះ ដែលបានធ្វើឡើងនៅថ្អៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងបញ្រ្ជាបការយល់ដឹងពីភាពស្អាត និងបៃតង និងការថែរក្សាអនាម័យនៅទីក្រុង ដែលជាតំបន់ទេសចរណ៍ និងនៅក្នុងទន្លេ។ ជាងនេះទៅទៀត ក្រុមការងារបានចុះផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងដល់ កីឡាករអុំទូកឲ្យចូលរួមទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ និងរើសសំរាមក្នុងទឹកក្រោយ ពេលចប់កម្មវិធីប្រកួត។

ដូច្នេះហើយ អ្នកចូលរួមទាំងអស់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នា ដើម្បីទន្លេស្អាត ទីក្រុងស្អាត កំណើនទេសចរណ៍ និងសុខភាពល្អ ព្រមទាំងលើកកម្ពស់បរិស្ថាន៕