(សៀមរាប)៖ ភ្ញៀវជាតិ និងអន្តរជាតិ ត្រូវបានគេវាយតម្លៃថាមានចំនួនរាប់ម៉ឺននាក់ បានចូលរួមទស្សនាការប្រណាំងទូក «ង» និងលេងកម្សាន្តជាមួយកម្មវិធីផ្សេងៗ ដែលបានប្រារព្ធធ្វើឡើងនៅតាមដងស្ទឹងប្រវត្តិសាស្ត្រ និងបរិវេណនានាក្នុងខេត្តសៀមរាប នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃដំបូងនៃការប្រារព្ធព្រះរាជពិធី។

លើកឡើងក្នុងពិធីបើកការប្រកួតប្រណាំងទូក «ង» សម្រាប់ខេត្តសៀមរាប លោក ទៀ សីហា ក៏បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅថ្ងៃ១៤-១៥ កើត ខែកត្តិក នៅខេត្តប្រវត្តិសាស្ត្រមួយនេះ តែងប្រារព្ធធ្វើទៅតាមប្រពៃណីខ្មែរ ហើយប្រព្រឹត្តទៅក្នុងលក្ខខណ្ឌ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមល្អប្រសើរ ដែលកត្តាចម្បងនេះ បាននឹងកំពុងមានឥទ្ធិពលទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យចូលមកទស្សនាកំសាន្តខេត្តសៀមរាប កាន់តែច្រើនឡើងៗ។

លើសពីនេះទៀត ការរៀបចំព្រឹត្តិការណ៍នេះ ក៏ជាការឧទ្ទិសដល់អតីតកាល នៃអធិរាជនៃអាណាចក្រខ្មែរ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទជ័យវរ័ន្មទី៧ ព្រះមហាវីរក្សត្រជំនាន់នោះ ដែលព្រះអង្គទ្រង់បានដឹកនាំកងទ័ពជើងទឹកដ៏ក្លាហាន ប្រកបដោយវីរៈភាពអង់អាច និងពោរពេញដោយសមត្ថភាពប្រយុទ្ធ បានរំដោះជាតិមាតុភូមិ ចេញផុតពីការឈ្លានពានរបស់បច្ចាមិត្ត ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ និងកសាងសង្គមជាតិឱ្យរីកចម្រើនថ្កុំថ្កើង រហូតដល់ក្លាយជាអារ្យប្រទេសដ៏កំពូលនាសម័យនោះ។

លោកអភិបាល បានបន្តទៀតថា ការប្រារព្ធព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំនេះ ក៏ជាការរំលឹកដឹងគុណដល់ព្រះគង្គារផងដែរ។ មួយវិញទៀតការបណ្តែតប្រទីប គឺជាការឧទ្ទិសដល់អារុក្ខ អារក្ស អ្នកតា បារមីថែរក្សាទឹកដី ដើម្បីសុំសេចក្តីសុខក្សេមក្សាន្ត ដល់កូនចៅ ដែលរស់នៅឱ្យទទួលបានសុខសុភមង្គលចម្រើនរុងរឿង និងដើម្បីព្យាករណ៍អាកាសធាតុ សម្រាប់បង្កបង្កើនផលនៅឆ្នាំបន្ទាប់ផងដែរ។

ឆ្លៀតនៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើ ដល់ជនរួមជាតិទាំងអស់ ដែលចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ឱ្យចូលរួមថែរក្សានូវអនាម័យ បរិស្ថាន ក្នុងការលើកស្ទួយវប្បធម៌ សោភណ្ឌភាពក្រុងប្រវត្តិសាស្ត្រអង្គរ ព្រមទាំងរក្សាការពារនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន សំខាន់កុមារតូចៗ នៅក្នុងពិធីបុណ្យនេះផងដែរ។

តាមសេចក្តីរាយការណ៍របស់អនុគណៈកម្មការបច្ចេកទេស បានឱ្យដឹងថា ក្នុងឆ្នាំ២០១៩នេះ ការប្រណាំងទូក «ង» មានទូកចូលរួមចំនួន ៣៣ទូក មានទូកនារី ៥ទូក ដែលមានចំណុះ ២២នាក់ ហើយមានកីឡាករ កីឡាការី សរុប ១,៥២៨នាក់ (នារី១១០នាក់) និងកីឡាករ កីឡាការីបម្រុងចំនួន ១៨៦នាក់, អ្នកដឹកនាំក្រុម ៦២នាក់, តាមប្រភេទទូកខ្នាតអន្តរជាតិ ដែលបានកំណត់ដោយគណៈកម្មាធិការជាតិកីឡាអូឡាំពិច ដើម្បីសម្រាប់ប្រគួតជាលក្ខណៈជាតិ អន្តរជាតិ ហើយក៏មានការចូលរួមប្រកួតប្រណាំង នូវក្រឡោ ចំនួន ៦គូរ និងទូកខ្នាតតូច ២គូរ ដែលជាសម្បត្តិវប្បធម៌ប្រពៃណីខ្មែរយើង នៅខេត្តសៀមរាប។

សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីបុណ្យជាតិដ៏សំខាន់នេះ ក៏មានការរៀបចំពិធីបង្ហាញវប្បធម៌ ប្រពៃណី ទាំងបុរាណ និងសម័យផ្សេងៗទៀត នៅក្រុងសៀមរាប-អង្គរ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ និងយុវជនចូលរួមទស្សនា លេងកម្សាន្ត មានដូចជា៖ ពិធីប្រណាំងទូក «ង» តាមបណ្ដោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ពីស្ពានថ្មមន្ទីរទេសចរណ៍ចាស់ ដល់ស្ពានថ្មវត្តព្រះរាជបូព៌, ការជឹះទូក ថតរូបលេងកម្សាន្ដ ជាលក្ខណៈគ្រួសារ មិត្តភក្រ, ការលេងទឹក, ការទស្សនាសិល្បៈ/របាំ សួនកុមារ និងដើរទិញទំនិញនានា នៅតំបន់សួនច្បារព្រះរាជដំណាក់ និងព្រះអង្គចេក ព្រះអង្គចម, អាជ្ញាធរជាតិអប្សរាបានរៀបចំពិធីច្រូតស្រូវ ដាល់អំបុក និងអកអំបុក នៅព្រលាន្តជល់ដំរី នាប្រាសាទបាយ័ន ផងដែរ ។

ក្នុងនោះដូចជានៅតំបន់ផប់ស្ទ្រីត ក៏មានការសម្ដែងវាយស្គរ ពីអ្នកវាយស្គរដ៏ល្បីមកពីក្រុងកូបេ ប្រទេសជប៉ុន ដោយមានការឧបត្ថម្ភពីព្រឹទ្ធាចារ្យ Fujio Tsukasa ប្រធានក្រុមហ៊ុន Tamon Display ជប៉ុន សហការជាមួយសាលាក្រុងសៀមរាប ក្នុងគោលបំណង បង្ហាញវប្បធម៌ជប៉ុន និងរួមចំណែកទាក់ទាញភ្ញៀវទេសចរ ហើយសមាគមក្លិបទេសចរណ៍ខេត្តសៀមរាប (STC) និងប្រតិបត្តិករទេសចរណ៍មួយចំនួន បានរៀបចំពិធីដាល់អំបុក អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ និងការសម្ដែងល្ខោនស្បែក រួមនឹងការទទួលទានអាហារប៊ូហ្វេបែបខ្មែរ សម្រិតសម្រាំងយ៉ាងពិសេស សម្រាប់ទទួលភ្ញៀវជាតិ-អន្តរជាតិ អាចចូលរួមជាមួយក្រុមគ្រួសារ និងមិត្តភ័ក្រ បានយ៉ាងសប្បាយរីករាយ និងការរាំលេងកម្សាន្ត ជាមួយស្គរដៃបុរាណខ្មែរ រហូតដល់ចប់កម្មវិធី នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សណ្ឋាគារ មេម៉រផាឡេស (Memoire Palace Resort & Spa)។

បើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ គឺនៅថ្ងៃទី៩ និងថ្ងៃ១០ វិច្ឆិកា ឆ្នាំ២០១៩ មានភ្ញៀវបរទេស ចំនួន ១៤,៣១៤នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលក្នុងរយៈពេល១០ថ្ងៃ នៃខែវិច្ឆិកានេះ គឺគ្រឹះស្ថានអង្គរ បានលក់បណ្ណ ចំនួន ៦០,២៩៣សន្លឹក ដែលបានចំណូលជាតិ ២,៧៥០,២១៦ដុល្លារផងដែរ៕