(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១០ ខែវិច្ឆិកានេះ បានបង្ហោះសារកោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា យុវជនអាយុក្រោម១៩ឆ្នាំ ដែលបានយកឈ្នះក្រុមបាល់ទាត់ព្រុយណេ ក្នុងលទ្ធផល ៣-០ នៃវគ្គជម្រុះពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC U19 Championship 2020។

ជាមួយនឹងជ័យជម្នះនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡា និងជូនពរកីឡាបាល់ទាត់កម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា «សូមកោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម១៩ឆ្នាំ ក្រុម Cambodia U19 (កម្ពុជា ) យកឈ្នះគូប្រជែង ក្រុម Brunei DS U19(ព្រុយណេ) ក្នុងលទ្ធផល ៣:០ ក្នុងការប្រកួតនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញនារាត្រីថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងវគ្គជម្រុះពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC U19 Championship 2020។ អរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន ក៏ដូចជាតាមទូរទស្សន៍ និងគេហទំព័រកីឡាផ្សេងៗ។ សូមជូនពរកីឡាបាល់ទាត់កម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត»

សូមជម្រាបថា ក្រុមជម្រើសជាតិយុវជន U19 កម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិ U19 ប្រ៊ុយណេ ដោយលទ្ធផល ៣-០ ក្នុងការប្រកួតចុងក្រោយនៃវគ្គជម្រុះពានរង្វាន់ AFC U19 Championship 2020 ពូល G នាយប់ថ្ងៃទី១០ ខែវិច្ឆិកានេះ នៅពហុកីឡដ្ឋានជាតិ ។

សម្រាប់ការប្រកួតបញ្ចប់ពូលនេះ ក្រុមគោព្រៃជំទង់កម្ពុជា ធ្វើបានយ៉ាងល្អ ដោយមានឱកាសគ្រប់គ្រងបាល់ និងស៊ុតជាច្រើន តែធ្វើសម្រេចបានតែ ៣គ្រាប់ ដោយកីឡាករ លឹម ពិសិដ្ឋ, កែវ ឧត្តម និង មិន រតនៈ។ ជ័យជម្នះនេះ បានធ្វើឲ្យកម្ពុជា ឈរលេខរៀងទី២ ក្នុងពូល បន្ទាប់ពីឆ្លងកាត់ ៤ប្រកួត ឈ្នះ៣ និងចាញ់១ រកបាន ៩ពិន្ទុ ។

យ៉ាងណាមិញ ការឈរលេខ២ ក្នុងពូល G នេះ ក្រុមគោព្រៃជំទង់កម្ពុជា មិនទាន់អស្ឃឹមនោះទេ ពោលគឺរង់ចាំអ៊ុតក្រុមលេខ ២ នៃពូលផ្សេងៗទៀត ដើម្បីកំណត់ថា តើក្រុមលេខ២ ល្អជាងគេណាខ្លះ នឹងបានឡើងទៅជុំផ្ដាច់ព្រ័ត្រ នាឆ្នាំ២០២០ នៅប្រទេសអូបេគីស្ថាន?

ចំណែកបេក្ខភាពកក់កៅអីជុំផ្ដាច់ព្រ័ត្រពីពូល G ដែលឈរកំពូលតារាងគឺក្រុម U19 ម៉ាឡេស៊ី ដែលរកបាន ១២ពិន្ទុពេញ ក្រោយបន្ដយកឈ្នះថៃ ១-០ ល្ងាចមិញ៕

Advertising