(ភ្នំពេញ)៖ ក្នុងកិច្ចសម្ភាសជាមួយអង្គភាពព័ត៌មាន Fresh News លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា អ្វីដែលលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិត្រូវធ្វើ គឺបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវកាតព្វកិច្ចរបស់ខ្លួន ដែលកំណត់ដោយចៅក្រមស៉ើបសួរ បើពុំនោះទេចៅក្រមស៉ើបសួរ អាចសម្រេចឃុំខ្លួនបានឡើវិញបាន ដោយយោងតាមមាត្រា២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា។

ការចេញមុខមកបញ្ជាក់ពីមន្ត្រីជាន់ក្រសួងយុតិ្តធម៌ បានធ្វើឡើងបន្ទាប់ពីលោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ បានបង្ហាញឆន្ទៈរបស់ខ្លួន ចង់ទៅជួបជជែកជាមួយលោក កឹម សុខា ពីការយកអាសនៈឃុំសង្កាត់មកវិញ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលលោក កឹម សុខា ត្រូវធ្វើគឺបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវកាតព្វកិច្ចរបស់ខ្លួនដែលកំណត់ដោយចៅក្រមស៉ើបសួរ បើពុំនោះទេចៅក្រមស៉ើបសួរអាចសម្រេចឃុំខ្លួនបាន យោងតាមមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ហេតុនេះ ទាំងលោក កឹម សុខា និងអ្នកដទៃ ត្រូវយល់អំពីបញ្ហានេះ និងចៀសវាងសកម្មភាពណា ដែលប៉ះពាល់ដល់ដំណើរការនីតិវិធីរបស់តុលាការ និងកាតព្វកិច្ចដែលត្រូវអនុវត្ត»។

សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានពិសេសមួយ ដោយសម្រេចដាក់លោក កឹម សុខា ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវការ។ នេះបើយោងតាមសេចក្តីប្រកាសរបស់តុលាការ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

ការទទួលបានការបន្ធូរបន្ថយកាតព្វកិច្ចនៅពេលនេះ ដោយសារជនត្រូវចោទលោក កឹម សុខា នាពេលកន្លងមកបានគោរពត្រឹមត្រូវតាមកាតព្វកិច្ច នៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ ជាពិសេសបញ្ហាសុខភាពរបស់ជនត្រូវចោទដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាល។

សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិត ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចដូចខាងក្រោម ៖

ក៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ខ៖ មិនត្រូវធ្វើសកម្មភាពនយោបាយ។
គ៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេសផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី។

ក្រោយពេលឃុំខ្លួនអស់រយៈពេលជាង១ឆ្នាំ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ បានចេញដីកាមួយសម្រេចដោះលែងលោក ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ជាមួយនឹងការហាមឃាត់សិទ្ធិមួយចំនួនដូចជា មិនអនុញ្ញាតឱ្យចេញក្រៅពីព្រំប្រទល់នៃដែនដីដែលខណ្ឌដោយផ្លូវលេខ៣១៣ ផ្លូវលេខ៣១១ និងផ្លូវលេខ៦០៨, ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរ, មិនត្រូវជួបអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ និងបុគ្គលឬជនបរទេសដែលពាក់ព័ន្ធនឹងសំណុំរឿង និងមិនត្រូវជួបជុំធ្វើសកម្មភាពនយោបាយជាដើម។

ក្រោយពីត្រូវបានតុលាការផ្តល់សិទ្ធិឲ្យដើរពេញផ្ទៃប្រទេស លោក កឹម សុខា បានប្រកាសតាមរយៈ Facebook ផ្ទាល់ខ្លួនថា លោកនឹងចុះសួរសុខទុក្ខប្រជាពលរដ្ឋ នាពេលដ៏ខ្លីខាងមុខនេះ៕