(ភ្នំពេញ)៖ សែលកាត បានប្រកាស នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ខ្លួននឹងចូលរួមឧបត្ថម្ភទូកប្រណាំង ចំនួន១៥ នៅរាជធានីភ្នំពេញនៅអំឡុងពេល ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំនេះ។

សែលកាត ក្រុមហ៊ុនមានមោទនភាពជាខ្មែរ មានកិត្តិយសក្នុងការគាំទ្រក្រុមកីឡាករប្រណាំងទូក ពេលដែលពួកគេត្រៀម ខ្លួនក្នុងការនាំយកមោទនភាព ជូនភូមិ-ឃុំ របស់ពួកគាត់ នៅក្នុងការប្រណាំងល្បីល្បាញ ថ្នាក់ពិភពលោកមួយនេះ។ នេះគឺជាឆ្នាំទី៣ជាប់គ្នាហើយ ដែលសែលកាត បានផ្ដល់ការគាំទ្រទៅដល់ ការរៀបចំនៃពិធីបុណ្យអុំទូកទាំងមូល តាមរយៈការគាំទ្រក្រុមកីឡាករប្រណាំងទូកជាច្រើន។

កម្មវិធីពិសេស ដើម្បីអបអរសាទរបុណ្យអុំទូក ក៏ដូចជាដើម្បីជូនពរក្រុម កីឡាករ ប្រណាំងទូកទាំងអស់ ឲ្យទទួលបានជោគជ័យ នឹងប្រារព្ធឡើងនៅការិយាល័យកណ្តាលសែលកាត ពីម៉ោង១រសៀល ដល់ម៉ោង៣រសៀលថ្ងៃនេះ ជាមួយនឹងសុន្ទរកថាស្វាគមន៍ និងកម្មពិធីកម្សាន្តពិសេស សម្រាប់កីឡាករប្រណាំង ទូក៣០០នាក់ ដែលនឹងជួបជុំគ្នានៅទីនោះ។

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាតសុន បាននិយាយថា «ក្រុមគ្រួសារសែលកាត ទាំងមូលមានសេចក្តី រំភើបចំពោះការប្រារព្ធពិធី នាពេលខាងមុខនេះ ហើយយើងទន្ទឹងរង់ចាំមើលថា តើក្រុមកីឡាករទាំងអស់នេះ នឹងទទួលបាន លទ្ធផលបែបណាដែលនៅថ្ងៃប្រកួតប្រជែង»។

លោក អៀន វ៉ាតសុន បន្ថែមថា «ពិធីបុណ្យអុំទូក គឺជាពេលវេលាដ៏ល្អដល់សែលកាត ក្នុងការបរិច្ចាគទៅវិញដល់ សហគមន៍ដែលយើងបានបម្រើ អស់រយៈពេល២២ឆ្នាំកន្លងមកនេះ។ កម្មវិធីនេះ ធ្វើឲ្យប្រទេសកម្ពុជា និងសែលកាត មានមោទនភាពជារៀងរាល់ឆ្នាំ។ ពិធីបុណ្យអុំទូកបានចាក់ឫសយ៉ាងជ្រៅ នៅក្នុងប្រពៃណីខ្មែរ និងជាការអបអរនូវ ការប្រសព្វគ្នានៃទន្លេទាំងបួន នៅរាជធានីភ្នំពេញ»

កីឡាករអុំទូករបស់សែលកាត សុទ្ធតែមានប្រវត្តិប្រកួតល្អៗ។ ឆ្នាំមុន ក្នុងចំណោម១៧ក្រុម ដែលគាំទ្រដោយសែលកាត១៥ ក្រុមទទួលបានជ័យលាភីលេខ១ និងលេខ២ក្នុងការប្រកួត។

ឆ្នាំនេះ ពួកយើងរំពឹងថា នឹងមានមនុស្សមកទស្សនាច្រើនកុះករ បូករួមទាំងការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយទាំងក្នុងតំបន់ និងអន្តរជាតិផងដែរ។ យើងជឿជាក់ថា ក្រុមរបស់ យើងនឹងធ្វើបានល្អ ហើយយើងជូនពរឲ្យពួកគាត់ មានកម្លាំងរឹងមាំដើម្បីអុំទូកបានលឿនផង»។

ក្រៅពីការប្រណាំងទូកឆ្នាំនេះ សែលកាត នឹងរៀបចំការប្រកួតលេងហ្គេមពិសេសមួយ សម្រាប់យុវជន។ នោះគឺ ការលេងហ្គេម Mobile Legends Bang Bang (MLBB) មិត្តភាព ដែលនឹងប្រារព្ធធ្វើឡើងនៅ សួនវត្តបុទមពីថ្ងៃ១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។

សែលកាត លើកទឹកចិត្តឲ្យយុវជន ដែលចូលចិត្តលេងហ្គេម ចូលរួមប្រកួតឲ្យបានច្រើន ដើម្បីមានឱកាសជួប តារាកត្តិយសរួមមាន៖ Seak, Rainie Dara រួមទាំង អ្នកកំពូលអ្នកលេង Mobile Legends Bang Bang (MLBB) ដូចជា Henaa Gaming និង SZ Gamer។

ទន្ទឹមនឹងនេះ សែលកាត នឹងមានវត្តមាន នៅក្នុងការប្រគំតន្រ្តីទាំងបីថ្ងៃ របស់ស្រាបៀរ Ganzberg និងភេសជ្ជ:ប៉ូវកម្លាំង Boostrong ដែលក្នុងនោះ ក៏នឹងមានការអញ្ជើញចូលរួម ពីសំណាក់សិល្បករល្បីៗជាច្រើនរូបដែរ។ ក្នុងនោះក៏មាន ការអញ្ជើញចូលរួមរបស់កញ្ញា រ៉េត សូហ្សាណា ដែលជាតារាតំណាងរបស់សែលកាតផងដែរ។

ការប្រគំតន្ត្រី ក៏ដូចជាស្តង់ពិព័រណ៍របស់សែលកាត នឹងត្រូវដាក់បង្ហាញក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប នៅទីតាំងដូចខាងក្រោម៖

១៖ ក្នុងទីក្រុងភ្នំពេញ

* មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ
* តាមមហាវិថីព្រះនរោត្តម ជិតInfinity Insurance
* សួនសណ្ឋាគារសុខា

២៖ ក្នុងខេត្តសៀមរាប

* ផ្សារាត្រីកុងតឺន័រ Palm
* ដងស្ទឹង សៀមរាប។

សម្រាប់ព័ត៌មានបន្ថែម អំពីសកម្មភាពរបស់សែលកាត និងដើម្បីទស្សនាកម្មវិធីពិសេសៗ ក្នុងព្រះរាជពិធីបុណ្យអុំទូក។ សូមចូលមកកាន់គេហទំព័រ បណ្តាញសង្គម Cellcard Facebook Fan Page ឬចូលទៅកាន់គេហទំព័រ www.cellcard.com.kh៕