(ភ្នំពេញ)៖ ស្ថានការណ៍ក្នុងសង្គមកម្ពុជារយៈពេលប៉ុន្មានខែកន្លងទៅនេះ ជាពិសេសក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយប្រៀបដូចជាផ្ទាំងពពកដ៏ខ្មៅងងឹត បាំងបិតក្នុងស្បៃអន្ធការ។ ប្រជាខេមរាជាច្រើនបានសម្តែងក្តីកង្វល់បារម្ភខ្លាចមានព្រឹត្តិការណ៍មិនល្អវិលមក គ្របដណ្តប់ជាថ្មីដូចពីអតីតកាល។ តែមកដល់ត្រឹមថ្ងៃ០៩ វិច្ឆិកា ម្សិលមិញនេះ អ្វីៗហាក់បានបញ្ជាក់ផ្ទៃមេឃក៏បានស្រឡះឡើងវិញ ក្រោយពពកខ្មៅងងឹតទាំងឡាយ ត្រូវបានព្រះពាយបក់ផាត់រសាត់ខ្ចាត់ខ្ចាយបាត់ទៅ។

លោក សម រង្ស៉ី អ្នកនយោបាយរុំស្រោបដោយទោសទណ្ឌ និងជាបុគ្គលដែលត្រូវបានចោទប្រកាន់ជាមេរៀបចំគម្រោងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ បានប្រកាសយកថ្ងៃទី០៩ ខែវិច្ឆិកា ជាថ្ងៃវិលត្រឡប់ចូលស្រុកវិញ ដោយមិនខ្លាចការប្រឈមនឹងច្បាប់កម្ពុជានោះឡើយ។ ការប្រកាសកំណត់ថ្ងៃវិលត្រឡប់ចូលស្រុកជាមួយការប្តេជ្ញាចិត្តមុតមាំរបស់លោក សម រង្ស៉ី បានក្លាយទៅជាព្រឹត្តិការណ៍នយោបាយថ្មីមួយសម្រាប់កម្ពុជា ដែលមានការចាប់អារម្មណ៍ខ្លាំងទាំងក្នុងឆាកជាតិ និងអន្តរជាតិ។

ការចាប់អារម្មណ៍ក៏ដោយសារតែលោក សម រង្ស៉ី និងបក្ខពួករបស់ខ្លួន ហាក់បានតាំងចិត្តមុតមាំសម្បើមណាស់ក្នុងការវិលចូលមកកាន់ប្រទេសកម្ពុជាវិញ ទោះត្រូវមានរណាំងឧបសគ្គខ្លាំងក្លាប៉ុណ្ណាក៏ដោយចុះ។ លោក សម រង្ស៉ី និងបក្ខពួក សុទ្ធតែអះអាងជាមួយទំនុកចិត្តថា នឹងចូលមកចាប់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយមិនមែនចូលមកឱ្យរាជរដ្ឋាភិបាលចាប់ខ្លួននោះឡើយ។ បន្ថែមពីលើនោះពួកគេបានប្រកាសក្តែងៗពីការគាំទ្ររបស់ បរទេសមួយចំនួនទៀត សម្រាប់ការវិលត្រឡប់របស់ពួកគេ។

ការប្រកាសរបស់លោក សម រង្ស៉ី និងបក្ខពួក ដែលត្រូវបានតុលាការចោទប្រកាន់ពីបទប្រព្រឹត្តទង្វើក្បត់ជាតិនោះ ស្តាប់ទៅធ្វើឱ្យអ្នកគាំទ្រមួយក្តាប់តូចមានសង្ឃឹម និងភ្ញាក់ផ្អើលសម្បើមណាស់ ដ្បិតថាអ្នកនយោបាយរូបនេះមិនដែលមានសេចក្តីក្លាហានប្រឈមមុខនឹងច្បាប់ម្តងណានោះឡើយ បើធៀបជាមួយអ្នកនយោបាយប្រឆាំងដទៃទៀត ជាពិសេសលោក កឹម សុខា តែម្តង។ តែទីបំផុតទៅអ្វីដែលអ្នកគាំទ្រប្រថុយសង្ឃឹមម្តងទៀតនោះ ត្រូវរលាយរលត់ជាថ្មី ព្រោះថា លោក សម រង្ស៉ី នៅតែជាប់ងារជាអ្នកនយោបាយកំសាកដដែល មិនហ៊ានប្រឈមនឹងច្បាប់ដូចការអួតអាតរបស់ខ្លួននោះឡើយ។

ជាតុល្យការចុងក្រោយគិតត្រឹមថ្ងៃទី០៩ ខែវិច្ឆិកា ដែលជាថ្ងៃកំណត់វិលចូលស្រុក បានបង្ហាញថា ផែនការវិលត្រឡប់របស់លោក សម រង្ស៉ី ត្រូវបានទទួលបរាជ័យទាំងស្រុង។ កុំថាឡើយចូលមកដល់ប្រទេសកម្ពុជា សូម្បីតែចូលមកប្រទេសមានព្រំដែនជាប់ប្រទេសកម្ពុជា ក៏ពួកគេចូលមិនបានផង។ ក្រុមមេដឹកនាំធ្វើចលនាក្បត់ជាតិ បានទើនៅត្រឹមប្រទេសម៉ាឡេស៊ីប៉ុណ្ណោះ។

បរាជ័យផែនការពិសពុលនៅថ្ងៃ០៩ វិច្ឆិកា របស់ក្រុមជនក្បត់ជាតិក្រោមអំណាចច្បាប់របស់តុលាការកម្ពុជា បានបង្ហាញឱ្យក្រុមអ្នកគាំទ្រមួយចំនួនតូចរបស់ពួកគេ មើលឃើញច្បាស់ថា អ្វីដែលលោក សម រង្ស៉ី និងបក្ខពួកស្រែកក្តែងៗនាពេលកន្លងទៅគ្រាន់តែជាផែនការទឹកកក ដែលរលាយទៅវិញពេលប៉ះនឹងកម្តៅថ្ងៃ។ បរាជ័យនៃផែនការបង្កចលាចលរបស់ក្រុមជនក្បត់ជាតិនាពេលនេះ នឹងធ្វើឱ្យពួកគេអស់ថាមពលនឹងរើទៀតហើយ ដ្បិតមេដឹកនាំចលនាទាំងនោះ ប្រៀបដូចពន្លឺថ្ងៃរៀបនឹងលិចទៅហើយ ហើយភាពកម្សោយផ្នែកគំនិត កម្សោយផ្នែកនយោបាយ កម្សោយផ្នែកយុទ្ធសាស្ត្រ និងការខ្វះសេចក្តីក្លាហានរបស់ពួកគេ ធ្វើឱ្យអ្នកគាំទ្រសេសសល់តិចតួចនោះកាន់តែអស់ជំនឿ លែងហ៊ានប្រថុយជឿពួកគេទៀតហើយ។

បរាជ័យរបស់ក្រុមជនក្បត់ជាតិនេះ ក៏បានរំលេចឱ្យឃើញពីផែនការដ៏ម៉ត់ចត់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវិធានការដែកថែបរបស់បុរសខ្លាំងកម្ពុជាតេជោ សែន ដែលជាបុគ្គលមួយរូបបានប្រឡូក និងមានយុទ្ធសាស្ត្រឆ្អិនឆ្អៅក្នុងការកម្ចាត់បច្ចាមិត្តមានមហិច្ឆតាអាក្រក់បំផ្លាញជាតិទាំងឡាយ ចាប់តាំងពីបានដឹកនាំប្រទេសក្រោយឆ្នាំ១៩៧៩។

តេជោ សែន ជាមេដឹកនាំមួយរូបនៅកម្ពុជា ដែលបានប្រយុទ្ធយកឈ្នះគ្រប់សមរភូមិប្រយុទ្ធទាំងប្រយុទ្ធប្រដាប់អាវុធ និងសមរភូមិនយោបាយនៅកម្ពុជា។ សមរភូមិប្រដាប់អាវុធ គឺបានវាយផ្តួលរំលំរបបខ្មែរក្រហមនៅថ្ងៃ៧ មករា ១៩៧៩ សមរភូមិនយោបាយបានយកឈ្នះចលនាតស៊ូត្រីភាគី យកឈ្នះក្រុមហ៊្វុនស៉ិនប៉ិច ហើយឈ្នះធំបំផុត គឺការនាំទ័ពខ្មែរក្រហមសេសសល់ទាំងមូលមកជ្រកក្រោមរាជរដ្ឋាភិបាលឆ្នាំ១៩៩៨។

ពោលបុរសខ្លាំងរបស់កម្ពុជារូបនេះ តែងតែបានវាយបំបាក់រាល់ផែនការពិសពុលទាំងឡាយរបស់ជនដែលប៉ុនប៉ងបំផ្លាញជាតិកម្ពុជា។ ផែនការរបស់ក្រុមក្បត់ជាតិមាន សម រង្ស៉ី ជាមេខ្លាងនាពេលនេះ ក៏ដូចគ្នាដែរ គឺតេជោ សែន មិនបានធ្វេសប្រហែស ឬមើលស្រាលមួយវិនាទីណានោះឡើយ។ ចាប់តាំងពីក្រុមក្បត់ជាតិប្រកាសដាក់ថ្ងៃវិលចូលស្រុកកាលពីខែសីហានោះ សម្តេចតេជោ សែន បុរសដែលប្រឡូកក្នុងសមរភូមិទ័ព និងសមរភូមិនយោបាយឆ្អិនឆ្អៅរូបនេះ បានដាក់ចេញនូវយុទ្ធសាស្ត្ររាយសំណាញ់ការពារប្រទេសជាច្រើនទាំងក្នុង និងខាងក្រៅ រហូតទប់ស្កាត់ និងធ្វើឱ្យបំណងដ៏ពិសពុលរបស់ក្រុមក្បត់ជាតិត្រូវបរាជ័យទាំងស្រុងនៅថ្ងៃ០៩ វិច្ឆិកា។

បរាជ័យរបស់ក្រុមជនក្បត់ជាតិ បានធ្វើឱ្យកម្ពុជាដែលធ្លាប់ញ៉ាំញីដោយសង្គ្រាម និងភាពខ្ទេចខ្ទាំពីអតីតកាលបន្តរក្សាបានសុខសន្តិភាព ស្ថេរភាព និងភាពរីករាយ។ ពិតណាស់ប្រជាពលរដ្ឋខ្មែរក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្ត ជាពិសេសពលរដ្ឋខ្មែរមានវ័យចំណាស់ធ្លាប់ឆ្លងកាត់វិបត្តិសង្គ្រាមនៅកម្ពុជាពីអតីតកាល ដែលក្លិនរំសេវគ្រាប់ឆួលមិនទាន់បាត់ពីច្រមុះរបស់គាត់នៅឡើយនោះ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងខ្លាចកើតមានភាពវឹកវរនៅក្នុងប្រទេស។

ប្រជាពលរដ្ឋនៅតាមខេត្ត បានហៅកូនចៅរបស់ខ្លួនកំពុងធ្វើការ និងរៀនសូត្រក្នុងរាជធានីភ្នំពេញ ឱ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងនៅខេត្តវិញ។ ឯអ្នកនៅរាជធានីភ្នំពេញវិញ ក៏មានអារម្មណ៍ហ្មងសៅមិនសូវជារីករាយប៉ុន្មាននោះដែរ។

ប៉ុន្តែក្រោយផែនការរបស់ក្រុមក្បត់ជាតិត្រូវបានបង្ហាញឱ្យឃើញថា បរាជ័យទាំងស្រុងនៅថ្ងៃទី០៩ ខែវិច្ឆិកា មន្ទិលសង្ស័យខ្លាចភាពវឹកវរទាំងឡាយក៏បានរសាយបាត់ ហើយក្តីរីករាយ និងទំនុកចិត្តសម្រាប់សុខសន្តិភាពក៏បានកើតមានមកវិញ។ ស្នាមញញឹម និងភាពស្រស់ស្រាយបានកើតមានចំពោះប្រជាពលរដ្ឋខ្មែរដែលស្រែកឃ្លានសុខសន្តិភាព ដោយបាននាំគ្នាប្រកបរបរចិញ្ចឹមជីវិត ចេញដើរលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកដោយរីករាយ ខណៈអ្នកខ្លះក្នុងឱកាសឈប់សម្រាកនេះ ក៏បាននាំគ្រួសារចេញដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្រៅរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តដោយក្តីសុខសាន្ត។

តាមព្រឹត្តិការណ៍ដែលស្តែងឡើងក្នុងរយៈពេលចុងក្រោយនេះ បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរពិតជាត្រូវការយ៉ាងជ្រាលជ្រៅនូវសុខសន្តិភាព ដើម្បីផ្តល់ឱកាសដល់ការកសាងជីវភាព និងការរស់នៅដោយសុខដុមរបស់ពួកគេ។

ជារួមមកសន្តិភាពនៅតែជាសេចក្តីត្រូវការដ៏មហាសាលរបស់ជាតិ និងប្រជាពលរដ្ឋកម្ពុជា ដែលទាមទារឱ្យរួមគ្នាប្រឹងប្រែងថែរក្សា ដោយមិនត្រូវឱ្យក្រុមជនទុច្ចរិតណាមកបំផ្លាញនោះឡើយ។ ដើម្បីសុខសន្តិភាពបន្តមានវត្តមាននៅកម្ពុជាជាអមតៈ ប្រជាពលរដ្ឋក្នុងសង្គមនេះ ត្រូវមានការគិតពិចារណាឱ្យបានល្អិតល្អន់បំផុត មុនសម្រេចធ្វើសកម្មភាពណាមួយដែលជាការញុះញង់របស់ក្រុមជនទុច្ចរិត ដែលចង់បានអំណាចដោយប្រើហិង្សា និងចលនាបះបោរ ដោយមិនប្រើអំណាចប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតដូចមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

ដោយឡែករាជរដ្ឋាភិបាលដែលដឹកនាំប្រទេស ដើម្បីថែរក្សាសុខសន្តិភាព ត្រូវតែប្រឹងប្រែងផ្តល់នូវទំនុកចិត្ត និងក្តីស្រឡាញ់ដល់ប្រជាពលរដ្ឋឱ្យបានកាន់តែច្រើន ដោយព្យាយាមផ្តល់នូវនូវតម្រូវការទាំងឡាយរបស់ប្រជាពលរដ្ឋ លុបបំបាត់នូវភាពអសកម្ម និងភាពអយុត្តិធម៌ក្នុងសង្គមឱ្យបានកាន់តែច្រើន។

ប្រជាពលរដ្ឋដែលទទួលបានសេចក្តីសុខពីក្នុងសង្គមដែលពួកគេរស់នៅសព្វថ្ងៃ នឹងប្រែក្លាយខ្លួនជាខឿនការពារដ៏មានប្រសិទ្ធភាពនូវសុខសន្តិភាព និងសមិទ្ធផលទាំងឡាយក្នុងសង្គមនោះ ទប់ទល់មហិច្ឆតាពិសពុលទាំងឡាយរបស់ក្រុមជនទុច្ចរិត៕

ដោយ៖ វ៉ាន់ សារាយ