(ពោធិ៍សាត់)៖ លោកស្រី មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មាធិការ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្នាក់កណ្តាល, លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នារសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីរាជការ សមាជិក សមាជិកា សមាគមនារីខេត្ត និងប្រជាពលរដ្ឋ ប្រារព្ធពិធីទទួលទានអំបុក ក្រោមប្រធានបទ «អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ» នៅបរិវេណដីវាល ជាប់ផ្លូវចូលបឹងព្រះពន្លៃ ស្ថិតក្នុងភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ លោកស្រី មាន សំអាន បានថ្លែងថា «នៅថ្ងៃ០៩ ខែវិច្ឆិកានេះ គឺជាថ្ងៃដែលប្រទេសយើង ប្រារព្ធពិធីបុណ្យឯករាជ្យជាតិ និងជាថ្ងៃបុណ្យកំណើត នៃកងយោធពលខេមរភូមិន្ទ ដូច្នេះហើយ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមអបអរសាទរ ក្នុងរូបភាពហូបអំបុកសាមគ្គី ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ទាំងអស់គ្នា»

ជាមួយគ្នានោះ ការរៀបចំពិធីនេះ ក៏មានគោលបំណងក្រើនរំលឹក និងផ្សព្វផ្សាយជូនដល់យុវជន យុវនារី ឱ្យទទួលបានការយល់ដឹងអំពីប្រវត្តិ និងសកម្មភាពបុកអំបុក ដើម្បីចូលរួមថែរក្សាកេរ្តិ៍ដំណែលដូនតា ដែលបានបន្សល់ទុកឱ្យបានគង់វង្សល្អ ដល់កូនចៅជំនាន់ក្រោយបានស្គាល់ បានឃើញ និងបានដឹងគ្រប់ៗគ្នា។

លោកស្រីបន្ថែមថា យើងទាំងអស់គ្នា មានឱកាសជួបជុំប្រារព្ធពិធី គឺដោយសារប្រទេសជាតិយើង មានសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំពុះពារគ្រប់ឧបសគ្គ នាំមកនូវសុខសន្តិភាព ស្ថេរភាពពេញផ្ទៃប្រទេស និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា ក្មួយៗយុវជន យុវនារី ដែលជាទំពាំងស្នងឫស្សី ពិតជាចូលរួមផ្សព្វផ្សាយបន្ត រក្សាឱ្យបាននូវទំនៀមទម្លាប់ប្រពៃណីខ្មែរ និងចូលរួមជួយថែរក្សាការពារ សុខសន្តិភាព និងសមិទ្ធផលដែលកើតមានសព្វថ្ងៃបានគង់វង្សយូរអង្វែងតរៀងទៅ។

លោកស្រី មាន សំអាន បានសង្កត់ធ្ងន់ថា ខេត្តពោធិ៍សាត់ ក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន និងលោកស្រី ហ៊ុន ចាន់ធី បានគិតគូររៀបចំពិធីបុណ្យអុំទូក ធ្វើឲ្យមានការទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាកម្សាន្តប្រមាណជាង៧ម៉ឺននាក់ ក្នុងរយៈ២ថ្ងៃកន្លងទៅ។ ក្នុងពិធីទទួលទានអំបុក អ្វីដែលគួរឲ្យគត់សម្គាល់ គឺកម្មវិធីនេះបានរំលេចអំពីអត្តសញ្ញាណជាតិ ដោយអ្នកចូលរួមទាំងអស់បានប្រើប្រាស់សម្លៀកបំពាក់បែបប្រពៃណីជាតិខ្មែរ។

សូមបញ្ជាក់ថា ក្នុងពិធីនេះ ក៏មានរៀបចំកម្មវិធីបុកអំបុក ដុតក្រឡាន ដុតពោត ដុតដំឡូង ដុតមាន់...ព្រមទាំងមានកម្មវិធីសម្តែងរបាំ របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ការរាំលេងកម្សាន្តបែបប្រពៃណី និងទទួលទានអំបុកយ៉ាងសប្បាយរីករាយ ក្រោមដំបូលនៃសុខសន្តិភាពផងដែរ៕