(ភ្នំពេញ)៖ ក្នុងគោលបំណងធានាសុវត្ថិភាពចំណីអាហារជូនបង ប្អូនប្រជាពលរដ្ឋ ក៏ដូចជាកីឡាករទូក ដែលអញ្ជើញមកចូលរួម កម្សាន្ដក្នុង ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ដោយបានការឯកភាពពីគណៈកម្មាធិការជាតិ រៀបចំពិធីបុណ្យជាតិ-អន្តរជាតិ បានចាត់តាំងឲ្យសាខាកាំកុងត្រូលទាំងអស់ក្នុងរាជធានីភ្នំពេញបាននាំរថយន្ទីរពិសោធន៍ចល័ត ចុះទៅអង្កេត ពិនិត្យទំនិញ ពិសេសចំណីអាហារដែលដាក់តាំងលក់ក្នុងបរិវេណ និងជុំវិញកន្លែងប្រារព្ធព្រះរាជពិធី ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែទទួលបាននូវភាពកក់ក្តៅ ក្នុងការទទួលទាន និងទទួលបានសុខភាពល្អ។

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សាខាកាំកុងត្រូលទាំងអស់ក្នុងរាជធានីភ្នំពេញ បានបន្តសហការគ្នាចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ តាមគោលដៅរបស់ខ្លួន ដែលបានកំណត់ជាបន្តទៀត។

មន្រ្តីកាំកុងត្រូល បានអោយដឹងថា ការត្រួតពិនិត្យនេះ គឺសំដៅពិនិត្យទៅលើអនាម័យ ស្លាកសញ្ញាផលិតផល ថ្ងៃផុតកំណត់រយៈពេលប្រើប្រាស់ និងសារធាតុគីមីហាមឃាត់ ដែលប្រើប្រាស់លើផលិតផលចំណីអាហារមួយចំនួន ដែលសង្ស័យមានហានិភ័យខ្ពស់ ។

ទន្ទឹមនេះមន្រ្តីកាំកុងត្រូល ក៏បានចែកផ្សាយនូវផ្ទាំងរូបភាព Poster និងបានណែនាំឲ្យ អាជីវករ អ្នកលក់ដូរ និងប្រជាពលរដ្ឋ សូមមេត្តាពិនិត្យមើលលក្ខណៈ អនាម័យ ភាពសមស្របនៃការដាក់តាំងលក់ ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុពុល និងចំណីអាហារ ហើយមិនត្រូវដាក់តាំង លក់ផលិតផលភេសជ្ជ ត្រូវកំដៅថ្ងៃ និងហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ ឬទំនិញដែលមានសារធាតុគីមីហាមឃាត់ យកមកលក់ ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាព របស់អ្នកទទួលទានឡើយ៕