(ភ្នំពេញ)៖ ថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៩ គ្មានទេនូវវត្តមាន លោក សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ នៅក្នុងប្រទេសកម្ពុជា ដែលខុសទាំងស្រុងទៅនឹងការប្រកាសក្តែងៗកាលពីប៉ុន្មានថ្ងៃមុនថា លោកនឹងមកដល់ប្រទេសកម្ពុជា ដោយគ្មានផ្លាស់ប្តូរនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដើម្បីទម្លាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់។

ក្រុមអ្នកគាំទ្រចលនាផ្តួលរំលំរបស់ទណ្ឌិត សម រង្ស៉ី បានលួចទម្លាយឱ្យដឹងថា ការបរាជ័យដ៏ធំប្រកបដោយភាពអាម៉ាសរបស់ លោក សម រង្ស៉ី នាថ្ងៃ០៩ ខែវិច្ឆិកានោះ គឺដោយសារតែការមិនចូលរួមគាំទ្រដោយក្រុមរបស់ លោក កឹម សុខា។ ពួកគេអះអាងថា រយៈពេលកន្លងមកបន្ទាប់ពីលោក សម រង្ស៉ី បានប្រកាសធ្វើរដ្ឋប្រហារ នៅថ្ងៃទី០៩ ខែវិច្ឆិកា ក្រុមរបស់លោក កឹម សុខា មិនត្រឹមតែមិនគាំទ្រទេ ថែមទាំងចេញមុខប្រឆាំងទៀតផង ដោយរិះគន់ចលនានេះថា នឹងបង្កឱ្យមានភាពវឹកវរ ពលរដ្ឋរងទុក្ខវេទនា បើសិនជាកើតមានពិតមែន ហើយការបង្កហិង្សានេះមិនមែនជាគោលនយោបាយរបស់ លោក កឹម សុខា តាំងពីដើមមកនោះទេ។

សកម្មជនដដែលនេះ បានបញ្ជាក់ទៀតថា ទោះបីជាបរាជ័យធ្ងន់ធ្ងរយ៉ាងណាក្តី លោក សម រង្ស៉ី មិនឱ្យមានការផ្សព្វផ្សាយថា ខ្លួនបរាជ័យនោះទេ ប៉ុន្តែឱ្យជំរុញផ្សព្វផ្សាយថា ចំណុចបរាជ័យថ្ងៃទី០៩ ខែវិច្ឆិកា គឺជាការចាប់ផ្តើមចលនាទៅវិញ ដើម្បីធ្វើយ៉ាងណារំងាប់អារម្មណ៍របស់អ្នកគាំទ្រ និងមិនឱ្យបាក់ទឹកចិត្ត។ មួយវិញទៀត ការផ្សព្វផ្សាយអំពីថ្ងៃ០៩ ខែវិច្ឆិកា ជាថ្ងៃចាប់ផ្តើមនៃការធ្វើចលនាផ្តួលរំលំរាជរដ្ឋាភិបាលនេះក៏នឹងក្លាយទៅជាយុទ្ធនាការមួយដើម្បីប្រមូលថវិកា ពីអ្នកគាំទ្រឱ្យបានកាន់តែច្រើនជាបន្តបន្ទាប់ទៅទៀត។

សម្រាប់វត្តមាន លោក សម រង្ស៉ី នៅប្រទេសម៉ាឡេស៊ីវិញ ត្រូវបានសកម្មជនដដែលរូបនេះបញ្ជាក់ថា ម៉ាឡេស៊ី មិនបានផ្តល់សារសំខាន់ដល់លោក សម រង្ស៉ី ឡើយ។ ដោយដំបូងនៅពេលមកដល់ព្រលានយន្តហោះ កូឡាឡាំពួរ លោកសម រង្ស៉ី ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍ម៉ាឡេស៊ីឃាត់ខ្លួនយកទៅសួរនាំដូចអ្នកស្រី មូរ សុខហួរ ដែរ។ បន្ទាប់ពីឃាត់ខ្លួនសួរនាំនេះ លោក សម រង្ស៉ី ត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ី ឱ្យចូល ប៉ុន្តែដាច់ខាតមិនអាចធ្វើសកម្មភាពនយោបាយប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាទេ ហើយវត្តមានរបស់លោកនៅប្រទេសម៉ាឡេស៊ីនេះ គឺត្រឹមតែជាអ្នកទេសចរមួយរូបប៉ុណ្ណោះ។

ទោះបីជាលោក សម រង្ស៉ី មិនឱ្យមានការផ្សព្វផ្សាយថាខ្លួនបរាជ័យ ក្នុងផែនការថ្ងៃ០៩ វិច្ឆិកា យ៉ាងណាក្តី ប៉ុន្តែក្នុងកិច្ចប្រជុំមួយនៅប្រទេសម៉ាឡេស៊ី ដើម្បីវាយតម្លៃស្ថានភាព កាលពីល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា លោក អេង ឆៃអ៊ាង មេដឹកនាំ១រូបរបស់ចលនាឧទ្ទាម បានប្រាប់សកម្មជនរបស់ខ្លួន នៅប្រទេសថៃថា ផែនការរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល ដែលកៀរគរមនុស្សចូលរួមមកកម្ពុជា ថ្ងៃ៩ វិច្ឆិកានេះ មិនទទួលបានជោគជ័យឡើយ ដោយសារតែចំនួនអ្នកចូលរួមមានតិចតួចបំផុតជាមួយគ្នានេះ ការឧបត្ថម្ភគាំទ្រពីខាងក្រៅក៏មានចំនួនតិចផងដែរ។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី និងបក្ខពួក បានប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈដំណើរមាតុភូមិនិវត្តន៍របស់លោក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយធ្វើចលនាចេញពីទឹកដីថៃ ទម្លុះព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចូលមកកម្ពុជា ដើម្បីទាមទារទម្លាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញពីតំណែង។

ប៉ុន្តែទោះជាយ៉ាងនេះក្តី រយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថានភាពនៅទូទាំងប្រទេសកម្ពុជា ពិសេសតាមព្រំដែនកម្ពុជា-ថៃ គឺដំណើរការបានយ៉ាងល្អដូចធម្មតា មិនមានអ្វីប្រែប្រួលទេ ហើយប្រជាពលរដ្ឋបែរជាសប្បាយរីករាយនឹងការចូលរួមពិសាអំបុកខ្មែរថែជាតិ សាសនា និងព្រះមហាក្សត្រ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ទៅវិញ៕