(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានបងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមយ៉ាងច្រើនកុះករ ដើម្បីទស្សនាការបាញ់កាំជ្រួចចម្រុះពណ៌ដ៏ច្រើនសន្ធឹកសន្ធាប់ នៅខាងមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរក្នុងព្រះរាជពិធី បុណ្យឯករាជ្យជាតិ និងខួបលើកទី៦៦ នៃការបង្កើតកងយោធពលខេមរភូមិន្ទ។

សូមបញ្ជាក់ថា នាល្ងាចនេះ តាមបណ្តោយសួនច្បារមាត់ទន្លេ គិតចាប់ពីមុខផ្សាររាត្រី រហូតដល់កំពង់ចម្លងភ្នំពេញ-អរីយក្សត្រ និងព្រះបរមរាជវាំង ក៏ដូចជា សួនច្បារនានាក្នុងមូលដ្ឋានខណ្ឌដូនពេញ ឃើញថា មានបងប្អូនប្រជាពលរដ្ឋប្រមាណជាង ១០ម៉ឺននាក់ បានចូលរួមទស្សនា និងលេងកម្សាន្តយ៉ាងសប្បាយរីករាយ និងទឹកមុខស្រស់ញញឹមក្នុងព្រះរាជពិធី បុណ្យឯករាជ្យជាតិនេះ។

ទន្ទឹមគ្នានេះ រដ្ឋបាលខណ្ឌដូនពេញ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលអញ្ជើញមកលេងកម្សាន្តនាពេលនេះ សូមមេត្តារក្សាទុកសំរាមនៅក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ជៀសវាងកាចោលសំរាមពាសវាលពាសកាលដែលធ្វើឱ្យបាត់បង់សោភ័ណភាពនៅក្នុងទីក្រុង៕