(ភ្នំពេញ)៖ Facebook របស់ស្ថាប័នកងទ័ពមួយទៀតហើយ គឺលេខាធិការដ្ឋានមូលសមុទ្រ ទីបញ្ជាការដ្ឋានកងទ័ពជើងទឹក ត្រូវបានក្រុមឧក្រិដ្ឋជនវាយប្រហារ (Hack) យកទៅគ្រប់គ្រងហើយនៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ នេះបើតាមការបញ្ជាក់ពីមន្ដ្រីជាន់ខ្ពស់កងទ័ពជើងទឹក ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News។

សូមបញ្ជាក់ថា Facebook នៅតាមក្រសួងស្ថាប័នរដ្ឋ និងថ្នាក់ដឹកនាំកងកម្លាំង ប្រដាប់អាវុធជាច្រើន ត្រូវបានក្រុមឧក្រិដ្ឋជនបើកយុទ្ធនាការចូល Hack យកទៅគ្រប់គ្រង និងបង្ហោះខ្លឹមសារពាក់ព័ន្ធទៅនឹងកងទ័ពទៀតផង។ ខ្លឹមសារដែលក្រុមឧក្រិដ្ឋជនយកទៅបង្ហោះ នៅពេលដែលពួកគេ Hack យកទៅបាននោះ គឺអំពាវនាវឲ្យកងទ័ពនៅអព្យាក្រឹត្យ ហើយមិនប្រើអំពើហិង្សា ឬការបង្ហូរឈាមនោះឡើយ។

ក្រុមឧក្រិដ្ឋជនបានខ្លឹមសារតែមួយ ដែលមានន័យយ៉ាងដូច្នេះថា «កងទ័ពជាតិមានតួនាទី ការពារជាតិ ការពារប្រជាជនខ្មែរ ការពារព្រំដែន ការពារ បូរណភាពដែនដី ការពារលទ្ធិប្រជាធិបតេយ្យ។ កងទ័ពត្រូវតែអព្យាក្រឹត មិនប្រកាន់បក្សពួក ឬបក្សនយោបាយណាមួយទេ។ ដាច់ខាតត្រូវជៀសវាងអំពើហិង្សា ឬការបង្ហូរឈាមណាមួយ»

ទង្វើនេះគឺជាផែនការរដ្ឋប្រហារមួយដែលក្រុមពួកឧទ្ទាម សម រង្ស៉ី រៀបចំដើម្បីប៉ុងប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រៅការប្រកាសប្រមូលផ្តុំមនុស្សដើម្បីធ្វើបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាល និងស្ថាប័នព្រះមហាក្សត្រ។

យោងតាមសេចក្ដីរាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានត្រឹមវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី០៩ ខែវិច្ឆិកានេះ Facebook ដែលត្រូវបានក្រុមឧក្រិដ្ឋជន Hack យកទៅនោះរួមមាន៖

* ទី១៖ នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស
* ទី២៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ
* ទី៣៖ រដ្ឋបាលខេត្តព្រះសីហនុ
* ទី៤៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ
* ទី៥៖ មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា។
* ទី៦៖ ខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
* ទី៧៖ រដ្ឋបាលខណ្ឌសែនសុខ
* ទី៨៖ យុវជនកាកបាទក្រហមកម្ពុជា (Cambodian Red Cross-Youth)
* ទី៩៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស (GRK News)
* ទី១០៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
* ទី១១៖ លេខាធិការដ្ឋានមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក។

យុទ្ធនាការដ៏ខ្មៅងងឹតរបស់ក្រុមឧក្រិដ្ឋជនទាំងអស់នេះ បានកើតឡើង ស្របពេលដែលចំថ្ងៃ០៩ វិច្ឆិកា ឆ្នាំ២០១៩នេះ ដែលទណ្ឌិត សម រង្ស៉ី បានប្រកាសវិលចូលស្រុក៕