(ភ្នំពេញ)៖ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតថ្មី សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានថ្លែងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុនសែន ជាប្រមុខ ដែលបានយកចិត្ដទុកដាក់ខ្ពស់ ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងស្ដ្រីមានផ្ទៃពោះ។

ឯកអគ្គរដ្ឋទូតរូបនេះបានបន្ដថា បន្ទាប់ពីលោកធ្វើដំណើរទស្សនកិច្ចនៅតាមបណ្ដាខេត្ដ ក្នុងនោះមានខេត្ដសៀមរាប ដែលបានសង្កេតឃើញថា ប្រជាពលរដ្ឋភាគច្រើន ដែលមកទទួលសេវាពិនិត្យ-ព្យាបាល សម្រាលកូន គឺរាល់ការចំណាយដោយថវិការដ្ឋ។

ការថ្លែងបែបនេះ របស់លោកឯកអគ្គរដ្ឋទូត W.Patrick Murphy ក្នុងឱកាស ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្រព្រឹត្ដទៅនៅទីស្ដីការក្រសួង។

ក្នុងឱកាសលោក W.Patrick Murphy បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពរបស់ក្រសួងសុខាភិបាល ជាពិសេសការទទួលជោគជ័យ ក្នុងការសម្រេចបាន នូវការកាត់បន្ថយអត្រាប្រេវ៉ាឡង់ជំងឺអេដស៍ជាដើម រួមទាំងការងារមួយចំនួនទៀត។

ទន្ទឹមនោះ លោកឯកអគ្គរដ្ឋទូត W.Patrick Murphy បានជំរុញ និងប្ដេជ្ញាសន្យាពង្រឹងកិច្ចសហប្រតិបត្ដិការល្អជាមួយគ្នាបន្ថែមទៀត ឱ្យកាន់តែប្រសើរ ដើម្បីឈានទៅសម្រេចនូវសមិទ្ធិផលល្អៗជាប្រយោជន៍ ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ជាកិច្ចឆ្លើយតប រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណចំពោះកិច្ចសហការកន្លងមកនេះ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានការគាំទ្រ និងធ្វើការងារជាមួយគ្នាកន្លងមក លើវិស័យសុខាភិបាលកម្ពុជា លើផ្នែកគាំពាំសុខភាពមាតា ទារក និងកុមារ។ លើសពីនោះ ចំពោះការប្ដេជ្ញារួមគ្នារឹតចំណងមិត្ដភាព រវាងកម្ពុជា-អាមេរិក ឱ្យកាន់តែទទួលបានផ្លែផ្កាបន្ថែមទៀត។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដទៀតថា ក្រៅការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្ដិការរវាងគ្នា រដ្ឋមន្ដ្រីសង្ឃឹមថា នឹងបន្ដពិនិត្យលើកិច្ចព្រមព្រៀងកន្លងមក និងទៅក្នុងថ្ងៃខាងមុខជានិរន្ដ ។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រីសុខាភិបាល បានលើកឡើង ពីការប្រយុទ្ធប្រឆាំងទៅនឹងជំងឺអេដស៍ របេង និងគ្រុញចាញ់ ដែលត្រូវការដៃគូអភិវឌ្ឍបន្ដជួយក្នុងការលុបបំបាត់ ទោះពេលនេះ កម្ពុជាទទួលបានសមិទ្ធិផលល្អហើយក្ដី។

ជាមួយគ្នានោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានបង្ហាញពីគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវសុខភាពប្រជាពលរដ្ឋជាចម្បង ដោយធ្វើយ៉ាងណា ធានាឱ្យបានថា គ្មានពលរដ្ឋណាម្នាក់ មិនទទួលបានសេវាព្យាបាលនោះទេ។ ជាពិសេសពលរដ្ឋក្រីក្រ និងស្រ្ដីមានផ្ទៃពោះក្នុងគ្រួសារក្រីក្រ ដោយទទួលបាននូវការឧបត្ថម្ភ ជាថវិកាតាំងពីមានផ្ទៃពោះខែដំបូង រហូតដល់សម្រាលកូនរួច និងឧបត្ថម្ភដល់កូនអាយុ២ឆ្នាំ៕