(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទព័ជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងគ្រួសារទ័ព បានរៀបចំប្រារព្ធពិធីពិសាអំបុកសាមគ្គី ការពារជាតិ សាសនា ព្រះមហាក្សត្រ យ៉ាងសប្បាយរីករាយ។

នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ ស្រី ឌឹក បានថ្លែងថា ក្រៅពីតួនាទីក្នុងការពង្រឹងការការពារបូរណភាពទឹកដី និងភាពសុខសាន្តជូន ប្រជាពលរដ្ឋ នៅតាមព្រំដែននោះ កងកម្លាំងទាំងអស់ទូទាំងកងពលធំ បានរៀបចំពិធីនេះឡើងយ៉ាងសប្បាយរីករាយ ស្របតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា។

លោកឧត្តមសេនីយ៍ផ្កាយ៣ ស្រី ឌឹក បានឱ្យដឹងថា ការរៀបចំពិធីអកអំបុកថ្ងៃនេះ គឺដើម្បីអបអរសាទរដល់បុណ្យឯករាជ្យជាតិ ក៏ដូចជា បង្ហាញអំពីការ សាមគ្គីគ្នា របស់ប្រជាពលរដ្ឋ ក្នុងការទទួលទានអំបុកដើម្បី ការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ។ ការទទួលទានអំបុកនេះ ក៏ជាការឆ្លើយតប ចំពោះក្រុមក្បត់ជាតិ ដែលមានបំណងចង់បំផ្លិចបំផ្លាញដល់សន្តិភាព ដោយបង្ហាញថា ប្រជាពលរដ្ឋស្រលាញ់សន្តិភាព មិនចាញ់ឧបាយកលជនក្បត់ជាតិឡើយ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចលនា ទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ លោក សម រង្ស៉ី ឱ្យប្រជាពលរដ្ឋបះបោរផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕