(ភ្នំពេញ)៖ មន្រ្ដីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ បានអះអាងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា គិតមកត្រឹមម៉ោង៤៖០០នាទីរសៀលថ្ងៃនេះ ស្ថានភាពសន្ដិសុខនៅប្រទេសកម្ពុជា ពោលទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា ពិសេសនៅតាមខ្សែបន្ទាប់ព្រំដែន គឺមានស្ថានភាពល្អដូចធម្មតា ហើយប្រជាពលរដ្ឋកំពុងសប្បាយរីករាយ ក្នុងការទទួលទានអំបុក។

មន្រ្ដីជាន់ខ្ពស់ដដែលរូបនោះ បានបញ្ជាក់ទៀតថា បន្ទាប់ពីបរាជ័យក្នុងផែនការចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីសំណាក់ក្រុមឧទ្ទាម សម រង្ស៉ី នោះ នៅថ្ងៃនេះសមាជិកដែលមានបំណងចូលរួមជាមួយក្រុមឧទ្ទាម បាននាំគ្នាចូលមកសារភាពកំហុសកាន់តែច្រើន។ ដោយឡែកចំពោះក្រុមទេសចរបាតុករ ដែលបាន ធ្វើដំណើរមកចាំទទួលមេដឹកនាំក្រុមឧទ្ទាម នៅតាមព្រំដែនក៏បានវិលត្រឡប់ជាបណ្ដើរៗវិញហើយ។

មន្រ្ដីជាន់ខ្ពស់រូបនេះបានថ្លែងយ៉ាងដូច្នេះថា «ជារួមសភាពការណ៍រហូតមកដល់រសៀលម៉ោង៤៖០០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅទូទាំងប្រទេសកម្ពុជា ទាំងក្រុងភ្នំពេញ និងតាមបណ្ដាលខេត្ត គឺស្ថានភាពមានភាពល្អប្រសើរដូចធម្មតា ហើយយើងឃើញប្រជាពលរដ្ឋនាំគ្នា សប្បាយរីករាយជាមួយនឹងការអកអំបុក ការពារជាតិ សាសនា និងព្រះមហាក្សត្រ»

មន្ត្រីដដែលបានបញ្ជាក់ទៀតថា «យើងសង្កេតឃើញនៅថ្ងៃនេះ បន្ទាប់ពីផែនការរបស់ក្រុមឧទ្ទាមត្រូវបរាជ័យ មានសមាជិកនៃក្រុមឧទា្ទម កាន់តែច្រើនជាងមុន បានមកសារ ភាពកំហុស ហើយចំពោះទេសចរបាតុកម្ម ដែលត្រៀមទទួលមេក្លោងរដ្ឋប្រហារក៏បាន ធ្វើការត្រឡប់ទៅកន្លែងដើមវិញជាបណ្ដើរៗផងដែរ បន្ទាប់ពីពួកគេអស់ជំនឿក្នុងការរង់ចាំទទួលមេឧទ្ទាម»

សូមជម្រាបថា កំលាំងសមត្ថកិច្ចត្រូវបានដាក់ពង្រាយយ៉ាងតឹងរឹងបំផុត នៅតាមរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ពិសេសខេត្តជាប់ព្រំដែនប្រទេសថៃ ដើម្បីទប់ស្កាត់ការវិលត្រឡប់ របស់មេក្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៉ី ដែលបានកំណត់ផែនការផ្ដួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយម។ ប៉ុន្ដែបំណងដ៏អាក្រក់នេះ មិនបានសម្រេចបំណងឡើយ៕