(ភ្នំពេញ)៖ ក្រោយជួបសំណេះសំណាលជាមួយក្រុមកីឡាករអុំទូកប្រមាណជិត ៣០០នាក់ មកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកានេះរួចមក លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំក្រុមកីឡាករអុំទូក ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ទទួលអំបុកខ្មែរជុំគ្នា ដើម្បីពង្រឹងស្មារតីរួមគ្នាការពារជាតិ សាសនា ព្រះមហាក្សត្រយ៉ាងប្ដូរផ្ដាច់។

បរិយាកាសនៃពិធីអកអំបុកដ៏តូចតែមានអត្ថន័យធំធេងនេះ កើតចេញពីស្មារតីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋអ្នកស្រុកបារាយណ៍។ ពួកគាត់បានតាំងចិត្តប្រឹងប្រែងអុំទូកនាំជ័យជម្នះ នាំសុខសន្តិភាពឆ្ពោះទៅមុខ ពន្លិចឱ្យអស់រាល់ក្រុមអគតិទាំងឡាយ ដែលចង់បំផ្លាញសុខសន្តិភាព ស្ថិរភាព និងចង់បំផ្លាញជាតិ សាសនា និងព្រះមហាក្សត្រនៃកម្ពុជា។

គួរបញ្ជាក់ថា ទូកងដែលចូលរួមប្រណាំងមកពីស្រុកបារាយណ៍មានចំនួន ៣ទូក ក្នុងនោះមានទូកងចំនួន ២ និងទូកចែវចំនួន ១៖ ទូកងទី១មាននាមថា «ចតុលោកតេជោសែនជ័យ» ទូកងទី២មាននាមថា «ធនស័ក្តិតេជោសែនជ័យបារមីវត្តបាណក» ចំណែកឯទូកចែវមាននាមថា «តេជោសែនជ័យបារមីវត្តកងមាស»។

ក្នុងពិធំសំណេះសំណាលនាពេលនោះ លោករដ្ឋមន្ត្រី ថោង ខុន បានប្រកាសជំនួយឧបត្ថម្ភដល់ក្រុមកីឡាករទូកទាំ៣នេះមានប្រមាណ ៣៨លានរៀល និងលុយដុល្លារប្រមាណ ១ម៉ឺនដុល្លារ រួមទាំងការឧបត្ថម្ភអង្ករ ស្បៀង ភេសជ្ជៈ ទឹកបរិសុទ្ធ និងអំណោយផ្សេងទៀតជាច្រើន (គិតត្រឹមថ្ងៃទី០៩នេះ)។

ទន្ទឹមនឹងការពង្រឹងស្មារតីខាងលើនេះ លោក ថោង ខុន ក៏បានលើកឡើងនូវអនុសាសន៍មួយចំនួនផងដែរ រួមមាន៖
* សូមគណៈកម្មការគ្រប់គ្រងទូកទាំង៣ យកចិត្តទុកដាក់លើការស្នាក់នៅ ការហូបចុក អនាម័យ និងសុខភាពរបស់ក្រុមកីឡាករទូក។
* គណៈកម្មការ និងក្រុមកីឡាករត្រូវគោរពវិន័យ បទបញ្ជា មានសាមគ្គី ឯកភាពផ្ទៃក្នុងល្អ និងយោគយល់គ្នា។
* សូមក្រុមកីឡាករទាំងអស់ ត្រូវខិតខំប្រឹងប្រែងបញ្ចេញអស់កម្លាំងកាយចិត្ត រួមសាមគ្គីគ្នា ដើម្បីរក្សាការពារខ្សែក្រវាត់ ដណ្តើមយកជ័យជម្នះ និងនាំកិត្តិយសជូនវត្ត ជូនឃុំ ស្រុក និងខេត្តកំពង់ធំ។
* សូមក្រុមកីឡាកររក្សាសុខភាព ការហូបចុក និងសម្រាកយកកម្លាំងឲ្យបានគ្រប់គ្រាន់ដើម្បីត្រៀមប្រកួត។
* ចិត្តជាកីឡាករ ទោះចាញ់ ឬឈ្នះជារឿងធម្មតា យើងប្រកួតដើម្បីចូលរួមថែរក្សាប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ជាតិ និងដើម្បីសុខភាព។
* យកចិត្តទុកដាក់ និងចូលរួមពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។
* ត្រូវចេះទុកដាក់សំរាម កាកសំណល់ និងសម្ភារៈនានាឱ្យបានត្រឹមត្រូវ។

សូមជម្រាបថា ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ គឺធ្វើឡើងដើមី្បរំលឹក និងគោរពដល់វីរភាពរបស់បុព្វបុរសទាហានជើងទឹកជំនាន់ដើម ដែលបានពលីជីវិតក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក កម្ចាត់ពួកសត្រូវឈ្លានពាន ការពារទឹកដី។

ទន្ទឹមគ្នានេះដែរ គឺដើម្បីបង្ហាញពីសុខសន្តិភាពពេញលេញ ភាពសម្បូរសប្បាយរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស លែងមានការភ័យខ្លាចក្នុងការធ្វើដំណើរ និងសុវត្ថិភាពទៀតឡើយ៕