(ស្វាយរៀង)៖ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលអភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២១០៩នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីមិទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ( ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៩) និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមលោក លោកស្រីកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីអង្គភាពនានាជុំវិញខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ព្រះសង្ឃ និស្សិត សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក.ខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស ចូលរួមសរុបប្រមាណជា ៤.០០០ អង្គ/នាក់។

ការរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដ៏សំខាន់នៅថ្ងៃនេះ បានឆ្លុះបញ្ចាំងឲ្យកាន់តែច្បាស់អំពីការរំដោះប្រទេសឲ្យរួចផុតពីរបប អាណានិគមនិយមបារាំង ហើយទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះ ស្ថិតក្នុងដំណាក់កាលដែលប្រទេសជាតិក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាននិងកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្របវិស័យ ជាមួយនិងការរីកលូតលាស់នៃលទ្ធិប្រជាធិបតេយ្យ ក្នុងសុខសន្តិភាព និងសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គមល្អប្រសើរ។

បន្ទាប់មកទៀតលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង លោកណុប ចំរើន អភិបាលនៃគណៈអភិបាលក្រុងស្វាយរៀង បានចូលរួមពិសារ និងដាល់អំបុកថែរក្សាការពារ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងរាំកម្សាន នៅសួនឯកឧត្តម ឯកឧត្តមសេនីយ៍ ហុក ឡង់ឌី ពោធិ៍ព្រឹក្ស និងតាមបណ្ដាសង្កាត់ទាំង៧ ក្នុងក្រុងស្វាយរៀង ដោយភាពស្និទ្ធស្នាល និងសប្បាយរីកប្រកបដោយសាមគ្គីភាព។

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានថ្លែងថា ការហូបអំបុកសាមគ្គី ការពារជាតិ សាសនា ព្រះមហាក្សត្រមានទូទាំងខេត្តស្វាយរៀងទាំង៨០ឃុំ សង្កាត់ ៦៩០ភូមិមានគ្រប់ភូមិគ្រប់វត្តអារាម៕