(កណ្តាល)៖ ពិធីពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ត្រូវបានរៀបចំឡើងយ៉ាងគគ្រឹកគគ្រេង នៅទូទាំងប្រទេស នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជាក់ស្តែងនាព្រឹកថ្ងៃសៅរ៍ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាឮ បានចូលរួមពិសារអំបុក សាមគ្គី ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ក្នុងស្មារតីអបអរសាទរ ថ្ងៃបុណ្យឯករាជ្យជាតិ និងរក្សាឲ្យបាននូវសុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ពិធីដ៏សប្បាយរីករាយនេះ ប្រារព្ធនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពញាឮ ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ លោករដ្ឋមន្ត្រី បានបន្តដំណើរចុះ និងចូលរួម អបអរសាទរ ពិសារអំបុក នៅតាមបណ្តា ឃុំ ទាំង១១ របស់ស្រុកពញាឮ ដែលបាន និងកំពុងប្រារព្ធពិធីពិសារអំបុកសាមគ្គីនេះផងដែរ។

លោករដ្ឋមន្រ្តី លឹម គានហោ បានឱ្យដឹងថា ការរៀបចំពិធីអកអំបុកថ្ងៃនេះ គឺដើម្បីអបអរសាទរដល់បុណ្យឯករាជ្យជាតិ ក៏ដូចជា បង្ហាញអំពីការសាមគ្គីរបស់ប្រជាពលរដ្ឋ ក្នុងការទទួលទានអំបុកដើម្បី ការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ។ លោកបានបញ្ជាក់ថា ការទទួលទានអំបុកនេះ ក៏ជាការឆ្លើយតបចំពោះក្រុមក្បត់ជាតិ ដែលចង់បំផ្លិចបំផ្លាញដល់សន្តិភាព ដោយបង្ហាញថា ប្រជាពលរដ្ឋស្រលាញ់សន្តិភាព មិនចាញ់ឧបាយកលជនក្បត់ជាតិឡើយ។

ជាមួយគ្នានេះ លោកបណ្ឌិត ដួង ហេង ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នា រួមគ្នាថែរក្សាសន្តិភាព និងការអភិវឌ្ឍ ដែលកម្ពុជាទទួលបាននាពេលនេះ ហើយបានអំពាវនាវដល់ពលរដ្ឋ កុំចូលរួមជាមួយក្រុមណាមួយ ដែលបង្កអសន្តិសុខ បំផ្លិចបំផ្លាញសន្តិភាព ដែលកំពុងមានផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចលនា ទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ លោក សម រង្ស៉ី ឱ្យប្រជាពលរដ្ឋបះបោផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕