(កណ្តាល)៖ ពិធីពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ត្រូវបានរៀបចំឡើងយ៉ាងគគ្រឹកគគ្រេង នៅទូទាំងប្រទេស នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សម្រាប់នៅឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃនេះលោកបណ្ឌិត ដួង ហេង ប្រធានក្រុមការងារចុះជួយឃុំ បានរៀបចំ និងដឹកនាំយុវជន និងប្រជាពលរដ្ឋជាង ១០០០នាក់ ចូលរួមហូបអំបុក និងប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៩ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ យ៉ាងសប្បាយរីករាយ។

លោកបណ្ឌិត ដួង ហេង បានឱ្យដឹងថា ការរៀបចំពិធីអកអំបុកថ្ងៃនេះ គឺដើម្បីអបអរសាទរដល់បុណ្យឯករាជ្យជាតិ ក៏ដូចជា បង្ហាញអំពីការសាមគ្គីរបស់ប្រជាពលរដ្ឋ ក្នុងការទទួលទានអំបុកដើម្បី ការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ។ លោកបានបញ្ជាក់ថា ការទទួលទានអំបុកនេះ ក៏ជាការឆ្លើយតបចំពោះក្រុមក្បត់ជាតិ ដែលចង់បំផ្លិចបំផ្លាញដល់សន្តិភាព ដោយបង្ហាញថា ប្រជាពលរដ្ឋស្រលាញ់សន្តិភាព មិនចាញ់ឧបាយកលជនក្បត់ជាតិឡើយ។

ជាមួយគ្នានេះ លោកបណ្ឌិត ដួង ហេង ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នា រួមគ្នាថែរក្សាសន្តិភាព និងការអភិវឌ្ឍ ដែលកម្ពុជាទទួលបាននាពេលនេះ ហើយបានអំពាវនាវដល់ពលរដ្ឋ កុំចូលរួមជាមួយក្រុមណាមួយ ដែលបង្កអសន្តិសុខ បំផ្លិចបំផ្លាញសន្តិភាព ដែលកំពុងមានផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចលនា ទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ លោក សម រង្ស៉ី ឱ្យប្រជាពលរដ្ឋបះបោផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

នៅក្នុងឱកាសនោះ ក្នុងនាមទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន, លោកបណ្ឌិត ដួង ហេង បានផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងនាយឧត្តមសេនីយ៍កិត្តិបណ្ដិត ហ៊ីង ប៊ុនហៀង និងលោកស្រី ជូនចំពោះប្រជាពលរដ្ឋ។ លោកថា ទីណាប្រជាពលរដ្ឋមានទុក្ខលំបាក ទីនោះតែងតែមានក្រុមការងាររបស់គណបក្ស ប្រជាជនកម្ពុជា ក្រោមការណែនាំរបស់សម្តេចតេជោ ចុះទៅជួយភ្លាមៗ មិនឲ្យពលរដ្ឋណារងគ្រោះ ឬអត់ឃ្លានដោយសារអត់អាហារនោះឡើយ។

ជាការឆ្លើយតបវិញ ប្រជាពលរដ្ឋទូទាំងឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានប្រកាសប្តេជ្ញារួមការពារសន្តិភាពឲ្យបានជាដាច់ខាត និងបាននាំគ្នាប្រកាសប្រឆាំងយ៉ាងខ្លាំងក្លាចំពោះ ផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី ដែលមានបំណងចង់បំផ្លាញសេចក្តីសុខរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូល។ ប្រជាពលរដ្ឋទាំងអស់ បានចាត់ទុកថា តម្លៃសន្តិភាពដែលរកបាន ដោយលំបាកបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងមេដឹកនាំគណបក្សប្រជាជនកម្ពុជា ដូច្នេះពួកគាត់ត្រូវតែរួមការពារមិនឲ្យទណ្ឌិតក្រុមក្បត់ជាតិ សម រង្ស៊ី និងបក្ខពួក មកបំផ្លាញដោយងាយស្រួលនោះឡើយ។

ពាក់ព័ន្ធនឹងបញ្ហាប្រទេសជាតិវិញ លោកបណ្ឌិត ដួង ហេង នៅតែលើកឡើង និងចាត់ទុកតម្លៃសន្តិភាពរបស់ជាតិ មិនអាចកាត់ថ្លៃបានឡើយ ពោលមិនថាតែនៅក្នុងឃុំដើមឬសនោះទេ ប៉ុន្តែនៅទូទាំងប្រទេស ប្រជាពលរដ្ឋដើរហើរគ្រប់ទីកន្លែង ប្រកបមុខរបរ និងមានជីវភាពកាន់តែធូរធាពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

ប្រជាពលរដ្ឋបានប្រកាសផងដែរថា ពួកគាត់នឹងគំាទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីគ្រប់អាណត្តិតទៅមុខទៀត។

នៅក្នុងឱកាសនោះ លោក ដួង ហេង ក៏បានចែកថវិកាជាទ្រនាប់ដៃជូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងក្មេងៗ សរុបជិត២០លានរៀលផងដែរ៕