(ភ្នំពេញ)៖ ដូចការទាយទុកមែន សម រង្ស៊ី និងមេដឹកនាំចលនាឧទ្ទាមក្រៅច្បាប់ផ្សេងទៀត ដូចជា មួរ សុខហួរ និង អេង ឆៃអ៊ាង ជាដើមកំពុងជំរុញឲ្យ អ្នកគាំទ្ររបស់ខ្លួនដែលចាញ់បោកការលួងលោមឲ្យចេញមុខធ្វើសកម្មភាពខុសច្បាប់ ជំនួសខ្លួនដែលឈរមើលពីចម្ងាយ ហើយមិនហ៊ានអើតក្បាល មកខ្លួនឯងទេ។

លោកស្រី មួរ សុខហួរ ដែលកំពុងស្ថិតនៅទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ទីដែលគេវាស់ដីឲ្យដើរនោះ បានលួចផ្តល់បទសម្ភាសន៍ ជាមួយវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី៨ វិច្ឆិកា ដោយបានប្រើភាសាបោកប្រាស់ អ្នកគាំទ្ររបស់ខ្លួនជាពិសេសពលករនៅ ប្រទេសថៃ ឲ្យចេញមុខក្រោកឈរធ្វើចលនា ដោយមិនចាំបាច់រង់ចាំមេដឹកនាំចូលរួមទេ។

ពាក្យសម្តីនេះខុសពីការអះអាង កាលពីមុនដែលថា លោក សមរង្ស៊ី និងថ្នាក់ដឹកនាំអតីតបក្សសង្គ្រោះជាតិផ្សេងទៀត នឹងមកដឹកនាំក្បួនផ្ទាល់ចូលកម្ពុជា។ លោកស្រី មួរ សុខហួរ បានខិតខំបញ្ចុះបញ្ចូលអ្នកគាំទ្ររបស់ខ្លួន ដែលជាពលរដ្ឋស្លូតត្រង់ឲ្យធ្លាក់ក្នុងអន្ទាក់របស់ខ្លួន ហើយហ៊ានប្រព្រឹត្តល្មើសច្បាប់ ក្នុងផែនការរដ្ឋប្រហារថ្ងៃ៩ វិច្ឆិកា ដោយមានវិទ្យុអាស៊ីសេរីជាអ្នកចាក់ចេកចាក់ស្ករ។

ចំណែកឯលោក សម រង្ស៉ី និងមួរ សុខហួរ ខ្លួនឯងដេកក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ធ្វើព្រងើយ ហើយរង់ចាំមើលពីចម្ងាយ។ នេះបានចំជាអ្នកនយោបាយ ដែលយកពលរដ្ឋធ្វើឈ្នាន់ដើម្បីកេងចំណេញនយោបាយលើខ្នងរាស្ត្រ ដ៏អាក្រក់ និងឃោរឃៅបំផុត។ អ្នកនយោបាយបែបនេះ គេហៅថា ជាអ្នកនយោបាយដ៏ថោកទាបបំផុត ដែលរស់ដោយសារជញ្ជក់ឈាម និងទឹកភ្នែករបស់ពលរដ្ឋស្លូតត្រង់ ជាពិសេសគឺសកម្មជន និងអ្នកគាំទ្ររបស់ខ្លួន។

ប៉ុន្តែផែនការវិលចូលស្រុកវិញ នៅថ្ងៃ៩ វិច្ឆិកា របស់លោក សម រង្ស៊ី ពិតជាបានបរាជ័យទាំងស្រុង ពីព្រោះនៅចាប់ពីព្រលឹម រហូតដល់ថ្ងៃត្រង់ ថ្ងៃទី០៩ ខែវិច្ឆិកានេះ ស្ថានការណ៍ នៅប៉ោយប៉ែត មានសភាពស្ងប់ស្ងាត់ធម្មតា ដោយគ្មានអ្វីកើតឡើងទាំងអស់។ មានមូលហេតុមួយចំនួនដែលអាចបញ្ជាក់ថា ផែនការរបស់ សម រង្ស៉ី បានបរាជ័យ៖

* មូលហេតុទី១៖ ដោយសារតែមេចលនាឧទ្ទាមខុសច្បាប់គឺ លោក សម រង្ស៊ី និងគូកន មិនអាចឈានជើងចូលទឹកដីថៃបានឡើយ ពីព្រោះអាជ្ញាធរថៃបានបិទរូបថត លោក សម រង្ស៊ី និងគូកន ដែលជាក្រុមឧទ្ទាមក្រៅច្បាប់ និងមានដីកាចាប់ខ្លួន នៅគ្រប់ទីកន្លែងទាំងអស់។ បើហ៊ានអើតក្បាលច្បាស់ជា ត្រូវអាជ្ញាធរថៃ ចាប់ខ្លួនបញ្ជូនមកកម្ពុជាជាមិនខាន។

ដូច្នេះគ្មានអ្វីដែលយើងត្រូវឆ្ងល់ និងមន្ទិលសង្ស័យទៀត ទេព្រោះចលនា ឬសកម្មភាពណាមួយពិតជាមិនអាចសម្រេចបាននោះទេ បើគ្មានមេដឹកនាំ គឺប្រៀបដូចជាសត្វពស់ដែរ បើអត់ក្បាលក៏មិនអាចវារទៅមុខបានដែរ។ បើនិយាយឲ្យខ្លី ផែនការរដ្ឋប្រហារ៩ វិច្ឆិកានេះ គឺរលាយរលត់ព្រោះអត់ក្បាលម៉ាស៊ីន ដឹកនាំផ្ទាល់ហើយចង់យកពលរដ្ឋធ្វើជាឈ្នាន់តែប៉ុណ្ណោះ។

បើនិយាយតាមបែបផ្សេង ក្នុងសមរភូមិមួយ បើគ្មានមេដឹកនាំ ឬបើមានមេទ័ពមហាកំសាកដូច សម រង្ស៊ី ប្រាកដជាចាញ់១០០ភាគរយ ពីព្រោះគ្មានកូនទាហានណា ហ៊ានចេញមុខច្បាំងនោះឡើយ។

* មូលហេតុទី២៖ ប្រជាពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរនៅស្រុកថៃ ភាគច្រើនបំផុតគេបានស្គាល់អស់ហើយក្រយ៉ៅ និងល្បិចបោករបស់លោក សម រង្ស៊ី និងគូកន ដែលមកលួងលោមពង្វក់ឲ្យពួកគេ ធ្លាក់ចូលអន្ទាក់របស់ខ្លួនហើយចេញមុខ ប្រព្រឹត្តបទល្មើសជំនួសខ្លួន ហើយនៅពេលមានបញ្ហាកើតឡើង ពួកគេជិះយន្តហោះទៅស្រុកបារាំង ឬសហរដ្ឋអាមេរិក ឬអូស្ត្រាលី ឬកាណាដាបាត់។ ចំណែកឯអ្នកទទួលទោសជំនួស គឺអ្នកគាំទ្រដែលមិនអាចរត់ទៅណាបាន។ ដូច្នេះអ្នកទាំងនោះ ក៏លែងបណ្តោយខ្លួនឲ្យចាញ់បោក សម រង្ស៉ី ទៀតឡើយ។

* មូលហេតុទី៣៖ អាជ្ញាធរថៃមិនអនុញ្ញាតឲ្យក្រុមឧទ្ទាមក្រៅច្បាប់ ធ្វើសកម្មភាពណាមួយនៅលើទឹក ដីរបស់គេដើម្បីប្រឆាំង នឹងប្រទេសជិតខាងឡើយ។ នេះជាគោលការណ៍របស់អាស៊ានផង និងជាកិច្ចសហការណ៍រវាងប្រទេសជិតខាងផង។ ដូច្នេះ ប្រសិនបើហ៊ានប្រមូលផ្តុំ ឬធ្វើសកម្មភាពអ្វីមួយច្បាស់ជា ត្រូវអាជ្ញាធរថៃចាប់ខ្លួនជាមិនខាន។

ពលករខ្មែរដែលស្នាក់នៅ និងធ្វើការលើទឹកដីថៃ ប្រាកដជាបានដឹងច្បាស់ពីច្បាប់ នៅស្រុកថៃថាតឹងតែងយ៉ាងណា។ ដូច្នេះ ពួកគេមិនចាញ់ការបោកប្រាស់របស់ សម រង្ស៉ី និងមួរ សុខហួរ ឡើយហើយបើហ៊ានធ្វើសកម្មភាព គឺពិតជាត្រូវអាជ្ញាធរថៃ ចាប់ញាត់ទ្រុងជាក់ជាមិនខាន។

* មូលហេតុទី៤៖ នៅខាងភាគីកម្ពុជាវិញ សមត្ថកិច្ចក៏បានឈរជើងការពារសន្តិសុខយ៉ាងរឹងមាំដែរ ដោយមិនអនុញ្ញាតឲ្យកម្លាំងខុសច្បាប់ណាមួយមកបំផ្លាញ
សុខសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈបានឡើយ ជាពិសេសក្នុងកំឡុងពេល បុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ។ ប្រសិនបើមានសកម្មភាពមិនប្រក្រតីកើតឡើង សមត្ថកិច្ច នឹងចាត់វិធានការភ្លាមយ៉ាងមានប្រសិទ្ធភាពបំផុត។

*មូលហេតុទី៥៖ ពលរដ្ឋខ្មែរនៅក្នុងប្រទេសឯណេះវិញ កំពុងសប្បាយរីករាយ អបអរសាទរទិវាបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាពេលវេលា ដ៏សប្បាយរីករាយដ៍ធំបំផុតប្រចាំឆ្នាំ។ ដូច្នេះគ្មានអ្នកណាទៅនឹកនា ដល់ក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយលោក សម រង្ស៉ី ដែលចង់មកបង្កចលាចលសង្គមនោះឡើយ។

សរុបទៅថ្ងៃទី០៩ ខែវិច្ឆិកានេះ គឺពិតជាគ្មានស្រមោល សម រង្ស៉ី នៅលើទឹកដីកម្ពុជាទេ ហើយក៏គ្មានអ្វីកើតឡើងទាំងអស់ក្រៅតែពីការសប្បាយរីករាយ ក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំរបស់រដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ដែរ៕

ដោយ៖ អ្នកវិភាគនយោបាយម្នាក់