(ភ្នំពេញ)៖ បច្ចុប្បន្ននេះមាននិស្សិតខ្មែរជាច្រើននាក់ បានទទួលជោគជ័យ ក្នុងការដាក់អាហារូបករណ៍ ទៅសិក្សានៅបណ្ដាប្រទេសធំៗ រួមមាន អឺរ៉ុប អាមេរិក អូស្ដ្រាលី ណូវែលហ្សេឡង់ ចក្រភពអង់គ្លេស អាល្លឺម៉ង់ ចិន ថៃ សិង្ហបុរីជាដើម ដូចនេះហើយសន្និសីទអាហារូបករណ៍លើកទី៨នេះ នឹងនាំយកនិស្សិតអាហារូបករណ៍ បណ្តាស្ថានទូត និងស្ថាប័នផ្ដល់អាហារូបករណ៍ពីប្រទេសធំៗជាច្រើន ដើម្បីចូលរួមលែករំលែកចំណេះដឹង រួមនឹងឱកាសអាហារូបរណ៍ផ្សេងៗជាច្រើនផងដែរ។

ក្នុងចំណោមនិស្សិតអាហារូបករណ៍ ដែលទទួលបានជោគជ័យយ៉ាងច្រើន ជារៀងរាល់ឆ្នាំ នឹងមានបញ្ញវន្ដ១០រូបបានត្រឡប់មកវិញ ជាមួយនឹងសមិទ្ធផលថ្មី ដើម្បីចូលរួមចែករំលែក ទៅកាន់សិស្សនិស្សិតជំនាន់ក្រោយ ពីគន្លឹះសំខាន់ៗ ក្នុងការដាក់អាហារូបករណ៍ រួមជាមួយការត្រៀមខ្លួន ឲ្យមានប្រសិទ្ធិភាពក្នុងសន្និសីទអាហារូបករណ៍ លើកទី៨ នៅដើមខែធ្នូនេះ។

បញ្ញវន្ដទាំង១០រូប ដែលនឹងចូលរួមចែករំលែកពីគន្លឹះសំខាន់ៗទាំង ការស្វែងរកអាហារូបករណ៍ ការបំពេញបែបបទ និងរៀបចំសំណេរ ការត្រៀមខ្លួនសម្ភាស ក៏ដូចជាបទពិសោធន៍ជាក់ស្ដែងក្នុងការសិក្សា និងរស់នៅក្រៅប្រទេសដូចជា៖

* ទី១៖ ប្រទេសអង់គ្លេស៖ លោក សួស អ៊ឹមស៊ូជីវី និស្សិតអាហារូបករណ៍ Chevening Scholarship និងអ្នកនាង សន រ៉ាមណា និស្សិតអាហារូបករណ៍ Chevening Scholarship

* ទី២៖ ប្រទេសណូវែលហ្សេឡង់៖ កញ្ញា ងួន វឌ្ឍនារ័ត្ន និស្សិតអាហារូបករណ៍ New Zealand Scholarship និងលោក ជាន រតនៈវិសាល និស្សិតអាហារូបករណ៍ New Zealand Government Scholarships

* ទី៣៖ ប្រទេសចិន៖ លោក អ៊ឹម ច័ន្ទរក្សា និស្សិតអាហារូបករណ៍ Chinese Government Scholarship និងលោក ឆេង ប៉េងនិត និស្សិតអាហារូបករណ៍ Chinese Government Scholarship

* ទី៤៖ ប្រទេសថៃ៖ លោក លី ប៊ុនហេង និស្សិតអាហារូបករណ៍ Princess Sirindhorn Scholarship

* ទី៥៖ ប្រទេសស៊ីងហ្គាពួរ៖ កញ្ញា ណី សោភា និស្សិតអាហារូបករណ៍ PM Hun Sen-EASB National Scholarship Award

* ទី៦៖ ប្រទេសអូស្ដ្រាលី៖ លោក ឡាក់ យសសី និស្សិតអាហារូបករណ៍ Australia Awards

* ទី៧៖ ប្រទេសអាមេរិច៖ លោក វុទ្ធី វណ្ណនឿន និស្សិតអាហារូបករណ៍ Civil Society Leadership Awards

សន្និសីទអាហារូបករណ៍លើកទី៨ ដែលមានការចូលរួមពីស្ថានទូត ស្ថាប័នផ្ដល់អាហារូបករណ៍ និងនិស្សិតអាហារូបករណ៍ជាច្រើនរូប នឹងជជែកពិភាក្សា ដោយផ្ដោតទៅលើប្រធានបទសំខាន់ៗដូចជា៖ ស្គាល់អាហារូបករណ៍ល្បីៗ និងអាហារូបករណ៍ដែលគេពុំសូវស្គាល់ យល់ដឹងពីលក្ខខណ្ឌ និងតម្រូវការអាហារូបករណ៍រៀនបំពេញបែបបទ (application form) ឲ្យមានភាពទាក់ទាញ សរសេរសំណេរអាហារូបករណ៍ឲ្យបានល្អ និងត្រៀមសម្ភាសន៍ឲ្យបានពិន្ទុខ្ពស់ ជាពិសេសបានស្គាល់ និងបង្កើតទំនាក់ទំនងជាមួយរៀមច្បង ដែលជានិស្សិតអាហារូបករណ៍។

ចូលរួមសន្និសីទអាហារូបករណ៍អនុស្សាលើកទី៨ នឹងធ្វើឡើងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ព្រឹកដល់៥ល្ងាច នៅមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-កូរ៉េ (CKCC)។ សំបុត្រចូលរួមមានតម្លៃត្រឹម៦ដុល្លារ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៥ វិចិ្ឆកា ២០១៩ និង៧ដុល្លារ បន្ទាប់ពីថ្ងៃទី២៥ដល់ថ្ងៃកម្មវិធី៕