(ភ្នំពេញ)៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានតាំងពីបូរមបុរាណយូរលង់មកហើយ ដែលមានចែងក្នុងឯកសារ របស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរផងដែរ។ ព្រះរាជពិធីបុណ្យនេះ តែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប។

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានផ្តល់បទសម្ភាសជាមួយអង្គភាពព័ត៌មាន Fresh News អំពីប្រវត្តិនៃព្រះរាជពិធីបុណ្យនេះ។ បើតាមអ្នកជំនាញអារ្យធម៌ខ្មែរ ប្រវត្តិនៃព្រះរាជពិធីបុណ្យអុំទូកអកអំបុក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ត្រូវបានបែងចែកជា៣ ដូចខាងក្រោមនេះ៖

* ប្រវត្តិនៃការបង្កើតពីធីបុណ្យអុំទូក៖ ដើម្បីរម្លឹកគុណដល់ព្រះបាទទជ័យវរ្ម័នទី៧ ស្តេចយាងធ្វើសង្គ្រាមជើងទឹក ដើម្បីបង្ក្រាបពួកចាម ដោយកងទ័ពទូកជាចម្បាំងរំដោះ ក្រុងកម្ពុជាឱ្យរួចផុត ស្រឡះពីខ្មាំងសត្រូវ (គ.ស ១១៧៧-១១៨១)។ ការបង្កើតបុណ្យនេះ ក៏ដើម្បីរម្លឹកគុណដល់ព្រះបាទអង្គចន្ទទី១ ដែលបានការពារទឹកដីបានរុងរឿងផងដែរ នៅសម័យលង្វែក ព.ស២០៧១ គ.ស១៥២៨ ដោយបានការពារទឹកដី ពីការឈ្លានពានរបស់ពួកសៀម។

* ប្រវត្តិនៃការបង្កើតពិធីបណ្តែតប្រទីប៖ ដើម្បីដឹងគុណដល់ព្រះគង្គា និងព្រះធរណី ដែលបានផ្តល់ដល់ជីវភាពរស់នៅ និងសុខុមាលភាពចំពោះទឹកដីវិញ ដែលយើងនាំគ្នាធ្វើឱ្យកករល្អក់។ ម៉្យាងវិញទៀត ការបណ្តែតប្រទីបនេះ មានការពាក់ព័ន្ធនឹងជំនឿ នៃព្រះពុទ្ធសាសនា ពោលគឺដើម្បីបូជាចំពោះព្រះចង្កូមកែវពិភពនាគ ដែលព្រះពុទ្ធបានទៅស្ទឹងនម្មទា និងនៅទីឯទៀត ហើយដោយជឿថាជាការកុសលយ៉ាងធំ បានផលយ៉ាងប្រសើរ ដើម្បីសុខចម្រើនរុងរឿង ដល់ខ្លួនដល់ប្រជាជន និងប្រទេសជាតិ។

* ប្រវត្តិនៃការបង្កើតពិធីអកអំបុក និងសំពះព្រះខែ៖ ត្រូវបានប្រជាពលរដ្ឋខ្មែរ ធ្វើឡើងដើម្បីរម្លឹកដល់ព្រះពោធិសត្វ ដែលយោងយកកំណើតជាទន្សាយ ដោយគ្រានោះព្រះអង្គបានលះបង់អាយុសង្ខារ ដល់ព្រះឥន្ទ្រាធិរាជដើម្បីបំពេញទានបារមី។ ទន្ទឹមនឹងនេះ ពិធីអកអំបុក និងសំពះព្រះខែ ត្រូវបានធ្វើឡើងដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ ដល់ប្រជាពលរដ្ឋខ្មែរ ព្រោះនេះជារដូវទំនេរពីការច្រូតកាត់ស្រូវវស្សា។

ចង់ដឹងថា តើប្រវត្តិនៃការបង្កើតព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានដំណើរដើមទងយ៉ាងណានោះ សូមប្រិយមិត្តអញ្ជើញទស្សនា កិច្ចសម្ភាសរវាងអង្គភាពព័ត៌មាន Fresh News និងលោក រ័ត្ន សណ្តាប់ ខាងក្រោមនេះ៖