(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ការអនុវត្តច្បាប់ដ៏តឹងរ៉ឹងម៉ឺងម៉ាត់កន្លងមក ចំពោះផែនការឧបាយកលបំផ្លាញសន្តិភាព គឺដើម្បីការពារប្រជាពលរដ្ឋជាង ១៦លាននាក់ឱ្យរស់នៅក្នុងសុខសន្តិភាព។

ការបញ្ជាក់បែបនេះរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលលោកឧត្តមសេនីយ៍ឯក បានជាអធិបតីបិទវគ្គហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិត ថ្នាក់វរសេនាតូចថ្មើរជើងសហការវាយលុក នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត មរតកតេជោសែន ភ្នំវាលចាប យោធភូមិភាគទី៥ ខេត្តបាត់ដំបង នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។ មេទ័ពជើងគោកកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការអនុវត្តច្បាប់ដ៏តឹងរ៉ឺងម៉ឺងម៉ាត់កន្លងមកចំពោះផែនការឧបាយកលបំផ្លាញសន្តិភាព គឺដើម្បីការពារប្រជាពលរដ្ឋ១៦ លាននាក់ឱ្យរស់នៅក្នុងសុខសន្តិភាព។

ឆ្លៀតនៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក បានលើកទឹកចិត្ត និងគាំទ្រចំពោះស្មារតីខិតខំប្រឹងប្រែងរបស់កម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងការចូលរួមថែរក្សាការពារសន្តិភាព ស្ថិរភាព និងសមិទ្ធផលសង្គមជាតិ សម្រាប់សេចក្តីសុខរបស់ប្រជាពលរដ្ឋ និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអបអរសាទរ និងកំសាន្តសប្បាយក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្នុងពេលខាងមុខនេះកុំបីខាន ជាមួយនឹងភាពរីករាយក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងភាពសុខសាន្តជួបជុំក្រុមគ្រួសារញាតិមិត្ត។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា លើមូលដ្ឋាននៃសន្តិភាព កម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ និងកំណើនសេដ្ឋកិច្ចខ្ពស់ ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា កាន់តែមានភាពប្រសើរឡើងជាលំដាប់។

ផ្ទុយទៅវិញ ពួកអ្នកនយោបាយជ្រុលនិយម នៅតែចិញ្ចឹមឧបាយកលខ្មៅកខ្វក់ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយឆន្ទៈរបស់ប្រជាពលរដ្ឋ តាមរយៈការជំរុញសកម្មភាពប្រទូស្តរាយខុសច្បាប់នានាបែបអនាធិបតេយ្យ សំដៅញុះញង់បញ្ឆេះកំហឹងមហាជន ធ្វើឱ្យចុះខ្សោយនីតិរដ្ឋ និងបង្ករអស្ថិរភាព ដែលជាការបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរបំផុត ប៉ះពាល់ដល់ជោគវាសនាប្រទេសជាតិ និងអាយុជីវិតប្រជាជន ដើម្បីបម្រើឱ្យតែមហិច្ឆិតលោភលន់ចង់បានអំណាចដោយខុសច្បាប់ ផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ។

បន្ថែមពីនេះមេទ័ពជើងគោកវ័យក្មេងកម្ពុជា បានឱ្យដឹងថា យើងទាំងអស់គ្នាត្រូវយល់ឱ្យច្បាស់ពីតម្លៃនៃសន្តិភាព ពីព្រោះប្រសិនបើឧបាយការណ៍ ញុះញង់ បំបែកបំបាក់ និងលាបពណ៌នេះ បានសម្រេច នោះប្រទេសយើងនឹងធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម បំផ្លិចបំផ្លាញហិនហោចវេទនា ស្លាប់ព្រាត់ប្រាសជាមិនខាន និងសូមបំបាត់ឱ្យបាននូវវប្បធម៌លាបពណ៌ ដោយឈប់លាបពណ៌ប្រជាជន លាបពណ៌កងទ័ព បង្កើតឱ្យមានគំនុំសងសឹង ធ្វើសង្គ្រាមកាប់សម្លាប់គ្នា នាំឱ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងវិនាសកម្ម។ ត្រូវមានមនសិការភ្ញាក់រលឹកគោរពច្បាប់ គោរពរដ្ឋធម្មនុញ្ញ នោះខ្មែរនឹងបានសេចក្តីសុខសាន្ត អាចបន្តការភិវឌ្ឍរីកចម្រើនទៅមុខទៀតសម្រាប់កូនចៅយើងជំនាន់ក្រោយ។

ដោយឡែក លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ឱ្យដឹងថា វគ្គហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិតថ្នាក់វរសេនាតូចថ្មើរជើង សហការវាយលុករបស់យោធភូមិភាគទី៥នេះ គឺជាវគ្គហ្វឺកហ្វឺន ដែលត្រូវរៀបចំធ្វើជាប្រចាំក្នុងមួយឆ្នាំម្តង ស្របតាមផែនការហ្វឹកហ្វឺន របស់កងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងសមត្ថភាពយោធិនក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី និងជាការផ្តល់ឱកាសរៀនសូត្រដល់នាយទាហានជំនាន់ក្រោយនៅក្នុងការដឹកនាំរៀបចំការងារហ្វឹកហ្វឺនសម្រាប់អនាគតទៅមុខទៀត។

ដូច្នេះ ជាចក្ខុវិស័យទៅអនាគត កងទ័ពជើងគោកមានគោលដៅពង្រឹង និងលើកកម្ពស់គុណភាព ហ្វឹកហ្វឺន តាមរយៈការជំរុញដំណើរការ នៃការហ្វឹកហ្វឺនឱ្យកៀកទៅនឹងការពិត នៃការប្រយុទ្ធជាក់ស្តែង។ ការរៀបចំវគ្គហ្វឹកហ្វឺននេះ គឺជាការបន្តចូលរួមចំណែកក្នុងការអនុវត្តផែនការ កែទម្រង់កងយោធពលខេមរភូមិន្ទ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យការពារជាតិ ឱ្យទទួលបានជោគជ័យ។ គោលដៅសំខាន់ពីរ នៃគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល គឺការធ្វើឱ្យមានសន្តិភាពស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិ។ ក្នុងនោះ ការពង្រឹងខឿនការពារជាតិ គឺជាអាទិភាពចម្បងខ្ពស់បំផុត ដែលត្រូវធានាឱ្យបានដាច់ខាតនៅគ្រប់កាលៈទេសៈ។

លោកឧត្តមសេនីយ៍ឯក បានលើកឡើងថា ការខិតខំយកចិត្តទុកដាក់របស់យោធភូមិភាគទី៥ ក្នុងការចាត់តាំងឱ្យមានការហ្វឹកហាត់ក្បាច់គុន កងយោធពលខេមរភូមិន្ទ គឺជាការចូលរួមចំណែកក្នុងការចាប់ផ្តើមទំព័រថ្មីនៃការ ហ្វឹកហ្វឺន និងប្រើប្រាស់ក្បាច់គុនបុរាណខ្មែរយើង ដែលសព្វថ្ងៃបានក្លាយ ជាក្បាច់គុនផ្លូវការ របស់កងយោធពលខេមរភូមិន្ទ ក្រោមចក្ខុវិស័យប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការបង្កើតឱ្យមានអត្តសញ្ញាណវប្បធម៌ សម្រាប់កងយោធពលខេមរភូមិន្ទ និងជាការចូលរួមចំណែក ធ្វើឱ្យក្បាច់គុនបុរាណ របស់បុព្វបុរសខ្មែររស់រានឡើងវិញ និងបន្តអភិវឌ្ឍទៅមុខសម្រាប់កូនខ្មែរ និងកងយោធពលខេមរភូមិន្ទគ្រប់ៗជំនាន់៕