(កោះកុង)៖ ច្រកទ្វារអន្ដរជាតិចាំយាម ស្ថិតក្នុងខេត្តកោះកុង ជាប់ព្រំដែនប្រទេសថៃ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានភាពស្ងប់ស្ងាត់ល្អ ភ្ញៀវទេសចរធ្វើដំណើរចេញចូលដូចធម្មតា គ្មានការប្រមូលផ្ដុំកម្លាំងមហាជនណាមួយនោះឡើយ។ ដោយឡែក កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចត្រូវបន្ដដាក់ពង្រាយដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ដដែល។

ភ្នាក់ងារបណ្ដាញព័ត៌មាន Fresh News ដែលប្រចាំការនៅច្រកចាំយាម បានរាយការណ៍ទៀតថា មន្ដ្រីនគរបាលដែលប្រចាំការនៅទីនោះ បានបញ្ជាក់ថា ក្រោមបញ្ជារបស់ថ្នាក់លើ គឺកម្លាំងសមត្ថកិច្ចជាច្រើននាក់ រួមមាន៖ កម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងទាហានជាច្រើននាក់ បានយាមកាមនៅទីនេះ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី បានប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈដំណើរមាតុភូមិនិវត្តន៍របស់លោក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយធ្វើចលនាចេញពីទឹកដីថៃ ទម្លុះព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ករណីនេះនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ច័ន្ទអ៊ូចា បានប្រកាសហើយថា រដ្ឋាភិបាលថៃ នឹងមិនអនុញ្ញាតឲ្យក្រុមរបស់ លោក សម រង្ស៉ី ប្រើប្រាស់ទឹកដីថៃ ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់នោះឡើយ។

លោក សម រង្ស៉ី ខ្លួនឯង កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក៏បានប្រកាសពន្យារពេលដោយមិនកំណត់នូវដំណើរមាតុភូមិនិវត្តរបស់លោក បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ថៃ មិនអនុញ្ញាតឱ្យលោកឡើងយន្តហោះ ដោយសារតែគ្មានឈ្មោះក្នុងបញ្ជីអ្នកដំណើរ៕