(ភ្នំពេញ)៖ រយៈពេល៤ឆ្នាំជាប់ៗគ្នាហើយ ដែលកម្មវិធី «Samsung Employee Volunteer» បានបង្កើតឡើងហើយឆ្នាំនេះ ក្រុមហ៊ុនសាមសុងប្រចាំប្រទេសកម្ពុជា បានធ្វើការបរិច្ចាគ «ប្រព័ន្ធចម្រោះទឹកស្អាតបែបជីវខ្សាច់» ដែលផ្តល់គុណប្រយោជន៍ដល់សុខភាពសិស្សានុសិស្ស ប្រមាណជាង ១,០០០នាក់ ដើម្បីឱ្យពួកគេមានទឹកស្អាតទទួលទានបានយ៉ាងងាយស្រួល និងល្អសម្រាប់សុខភាពផងដែរ។

លោកស្រីនាយិកា សាន ស្រីកន្និដ្ឋា បានថ្លែងថា ឆ្នាំនេះសាលាបឋមសិក្សា ហ៊ុន សែន ព្រែកឫស្សី ដែលស្ថិតក្នុងក្រុងតាខ្មៅពិតជាមានសំណាង ហើយលោកស្រីក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់ក្រុមហ៊ុន សាមសុងប្រចាំប្រទេសកម្ពុជា ដែលបានជ្រើសរើសសាលាលោកស្រីសម្រាប់កម្មវិធីបុគ្គលិកស្ម័គ្រចិត្ត ក្នុងឆ្នាំ២០១៩នេះ។ យើងពិតជារំភើបក្រៃលែងពេលដែលឭដំណឹងថាសាលារបស់យើងនឹងទទួលបាន «ប្រព័ន្ធម្រោះទឹកស្អាតបែបជីវខ្សាច់»។ ប្រព័ន្ធចម្រោះទឹកស្អាតនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សិស្សានុសិស្សរបស់យើង ក្នុងការទទួលបានសុខមាលភាពគ្រប់ពេលវេលាបើទោះបីជា ពួកគេស្ថិតនៅក្នុងសាលាក៏ដោយ»។

គួរបញ្ជាក់ផងដែរថា ក្រៅពីការបរិច្ចាគប្រព័ន្ធចម្រោះទឹកស្អាតហើយនោះ ក្រុមហ៊ុនសាមសុង ប្រចាំប្រទេសកម្ពុជា ក៏បានបរិច្ចាគបន្ថែមនូវដបទឹក និងសម្ភារៈសិក្សាចំនួន ៤០០ ឈុត ទៀត ជូនដល់សិស្សានុសិស្សផងដែរ។ ដើម្បីជាការតបស្នងក្នុងកិច្ចសហការលើកកម្ពស់ផ្នែកសុខភាព និងការអប់រំក្រុមហ៊ុន សាមសុង ក៏ទទួលបាននូវលិខិតសរសើរពីគណៈគ្រប់គ្រងសាលាបឋមសិក្សាព្រែកឬស្សីផងដែរ។

លោក ស៊ឹងហូ ឆយ ( Seungho Choi) អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃអេឡិចត្រូនិចប្រចាំកម្ពុជាបានថ្លែងថា «សាមសុង គឺជាម៉ាកសញ្ញាដែលទទួលស្គាល់ទូទាំងពិភពលោក ក្នុងការធ្វើឱ្យជីវិតមានភាពងាយស្រួល និងកាន់តែប្រសើរឡើងតាមរយៈវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យជាច្រើន។ អ្វីដែលកាន់តែពិសេសបំផុតនោះក្រុមហ៊ុន សាមសុង ជាក្រុមហ៊ុនដែលឈានមុខគេបំផុត ក្នុងពិភពលោកតែមួយគត់ ដែលផ្តល់ជូនផាសុកភាព និងសុខុមាលភាពក្នុងការរស់នៅជូនដល់យើងទាំងអស់គ្នា»។

លោកក៏បានបន្ថែមទៀតថា ផលិតផលសាមសុង បានផ្សាភ្ជាប់ទំនាក់ទំនងទៅនឹងជីវិតរស់នៅរបស់ប្រជាជន ហើយបុគ្គលិកយើងក៏បានផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយសកម្មភាពមនុស្សធម៌ សប្បុរសធម៌ និងមេត្តាធម៌ មិនថាពួកគេស្ថិត ក្នុងស្ថានភាពបែបណាក៏ដោយ។ម្យ៉ាងវិញទៀត យើងតែងតែចាត់ទុកកុមារ និងក្មេងៗជំនាន់ក្រោយជាទំពាំស្នងឬស្សី និងជាអនាគតរបស់ប្រទេសកម្ពុជា។ នៅថ្ងៃណាមួយ កុមារៗនៅសាលារៀនរបស់យើង ក្នុងថ្ងៃនេះនឹងជួយអភិវឌ្ឍកម្ពុជា។

ក្នុងព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពី កញ្ញា មាន សូនីតា ដែលតំណាងឲ្យផលិតផលសាមសុង ក៏បានស័គ្រ្មចិត្ត និងចំណាយពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួន ដើម្បីផ្ដល់ជាកម្លាំងចិត្ត និងគំនិតវិជ្ជមានដល់សិស្សានុសិស្សផងដែរ។ កញ្ញាបានបញ្ជាក់ថា «នាងខ្ញុំពិតជារីករាយក្រៃលែង ដែលបានក្លាយជាផ្នែកមួយនៃគ្រួសារ សាមសុង។ ហើយថ្ងៃនេះ គឺពិតជាផ្តល់នូវភាពរំភើបរីករាយដល់នាងខ្ញុំ ដែលបានមកចូលរួម និងចែកសម្ភារសិស្សាជូនដល់ប្អូនៗកុមារទាំងអស់នាព្រឹកនេះ ហើយសម្រាប់សកម្មភាពនេះ នាងខ្ញុំមានមោទនភាពក្នុងការធ្វើជាតារាតំណាងឲ្យសាមសុង»។

សូមជម្រាបថា កម្មវិធី «Samsung Employee Volunteer» ជាសកម្មភាពស្ម័គ្រចិត្តជា សកលមួយប្រចាំឆ្នាំរបស់ក្រុមហ៊ុនសាមសុង ហើយសម្រាប់ឆ្នាំនេះ បុគ្គលិកស្ម័គ្រចិត្តចំនួន៥០នាក់ មកពីសាមសុងប្រចាំប្រទេសកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដោយពោរពេញជាមួយភាពរីករាយ និងស្នាមញញឹមគ្រប់ៗគ្នា៕