(ភ្នំពេញ)៖ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ រួមទាំងលោកស្រី នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកីឡាករអុំទូក ង សរុបជិត២០០នាក់ នៅត្រើយម្ខាងនៃដងទន្លេមេអង្គ ជិតសណ្ឋាគារសុខាភ្នំពេញ ដើម្បីណែនាំការងារមួយចំនួន មុនចូលរួមប្រកួតក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងបណ្ដែតប្រទីប សំពះព្រះខែ ដែលនឹងឈានចូលមកដល់នាថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះ។

គួរជម្រាបថា សម្រាប់ខេត្តព្រះវិហារមានទូក ង អុំចំនួន២ ត្រៀមចូលរួមប្រកួតក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ក្នុងនោះរួមមាន៖ ទូកង «កោះកេរ្តិ៍សែនជ័យបារមីព្រះអង្គខ្មៅ» និងទូក ង «សូរិយាមហានគរតេជោព្រះវិហារ» ។

លោក សួស យ៉ារ៉ា បានណែនាំដល់ក្រុមការងារ និងគណៈកម្មការត្រូវយកចិត្តទុកដាក់លើការស្នាក់នៅ ហូបចុក អនាម័យ និងសុខភាពរបស់ក្រុមកីឡាករទូក។ ម្យ៉ាងទៀត គណៈកម្មការ និងក្រុមកីឡាករទូក ង ត្រូវគោរពវិន័យ បទបញ្ជា មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ និងចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ពិសេសត្រូវ ខិតខំហ្វឹកហាត់ និងរួមកម្លាំងគ្នា ដើម្បីធ្វើយ៉ាងណាឱ្យល្បឿនទូក ង បានកាន់តែលឿនជាងមុនថែមទៀត ដើម្បីរក្សាតំណែងលេខ១ ឱ្យបានក្នុងឆ្នាំ២០១៩នេះ ដូចទៅនិង ឆ្នាំ២០១៨ទៀត ដើម្បីជួយលើកកម្ពស់មុខមាត់ជូនខេត្តព្រះវិហារបន្តទៀត។

លោក សួស យ៉ារ៉ា បានបញ្ជាក់ទៀតថា ប្រទេសកម្ពុជាទទួលបានសន្តិភាពចំនួន២០ឆ្នាំមកហើយ ដែលសន្តិភានេះបានបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅកម្ពុជា មានឯករាជ្យភាព អធិបតេយ្យភាព សេរីភាព ដោយមិនមានការភ័យខ្លាចអ្វីទាំងអស់ ហើយ ដោយសារប្រទេស មានសុខសន្តិភាពពេញលេញនេះហើយ ទើបធ្វើឱ្យយើងមានឱកាសរៀបចំពិធីបុណ្យជាតិ ជាច្រើន ដែលបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ អាចចូលរួមដោយមានភាពសប្បាយរីករាយ អាចធ្វើដំណើរទៅមក ដោយសុខសុវត្ថិភាព និងមិនមានភាពភ័យខ្លាច ទៀតនោះទេ។

អ្នកតំណាងរាស្ត្រមណ្ឌល ព្រះវិហារ បានបញ្ជាក់ទៀតថា ការដែល យក រឿងនយោបាយមកលាយឡំនឹងពីធីបុណ្យប្រពៃណីជាតិរបស់ពួកប្រឆាំង ដើម្បីយកមក ជាការ គំរាមកំហែងដល់ ប្រជាពលរដ្ឋនោះ គឺមិនមានប្រសិទ្ធភាពនោះទេ ដោយសម្តេចតេជោ ហ៊ុន សែន បានធានាសុវត្ថិភាព១០០% ជូនដល់បងប្អូនប្រជាពលរដ្ឋ ដូចនេះ សូម បងប្អូនប្រជាព លរដ្ឋអញ្ជើញចូលរួមពិធីបុណ្យអុំទូក អកអំបុក បណ្ដែ តប្រទីប សំពះព្រះខែ ឱ្យបានសប្បាយរីករាយ និងកុំជឿតាមការញុះញង់របស់ពួកប្រឆាំង មួយ ក្តាប់តូចនោះឱ្យសោះ។

ជាមួយគ្នានោះ លោក សៅ សុគីម ប្រធានក្រុមនិងជាអ្នកកាន់ក្បាលទូក «កោះកេរ្តិ៍សែនជ័យបារមីព្រះអង្គខ្មៅ» និងលោក ហៀង បូរ ប្រធានអ្នកកាន់ក្បាលទូក «សូរិយាម ហានគរតេជោ ព្រះវិហារ» បានឱ្យដឹងថា លោកពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលលោកបានមកចូលរួមពិធីបុណ្យអុំ​ទូកនេះ ហើយកាលដែលបានចូលរួម ដោយសប្បាយរីករាយនេះ គឺដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហើយលោកនិងចូលរួមថែរក្សាសន្តិភាពនេះឱ្យបានជារៀងរហូតផងដែរ។
លោកថា សម្រាប់ទូក «កោះកេរ្តិ៍សែនជ័យបារមីព្រះអង្គខ្មៅ» គឺធ្លាប់បានចូលរួមប្រកួតជាច្រើនដងមកហើយ ដែលជាក់ស្តែង នៅក្នុងឆ្នាំ២០១៨កន្លងទៅ គឺបានគ្រងតំណែង លេខ១ថែមទៀតផង។

លោកទាំង២ បានប្តេជ្ញាចិត្តថា និងខិតខំធ្វើយ៉ាងសហការណ៍គ្នា យកជ័យជន្នះឱ្យបាននៅក្នុងឆ្នាំ២០១៩នេះបន្តទៀត ហើយក្រោយពីទទួលបានជ័យជំនះលោកទាំង២ តំណាងសមាជិក ក្រុមទូកទាំង អស់ សុំស្នើរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយសាងសង់ស្ពានមួយខ្សែឆ្លងពីខេត្តកំពង់ធំ ទៅកាន់ ខេត្តព្រះវិហារ មួយផង ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋឱ្យកាន់តែល្អប្រសើឡើងបន្ថែមទៀត។

សូមបញ្ជាក់ថា ក្នុងឱកាសចុះជួបសំណោះសំណាលនេះដែរ លោក សួស យ៉ារ៉ា បាននាំយកអំណោយជូនដល់ក្រុមទូកទាំង២ ដូចជា ស្រាបៀរ៣០កេះ, ទឹកក្រូច២០កេះ, គោជល់៣០កេះ, មី២០កេះ, អង្ករ ៣០០គីឡូក្រាម, ទឹកសុទ្ធ៦០កេះ និងថវិកាម្នាក់៥ម៉ឺនរៀល សម្រាប់បន្ថែមលើអំណោយរបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលបានឧបត្ថម្ភក្នុងមួយទូកអង្ករ ២០០គីឡូក្រាម, មី៥កេះ, ត្រីខ១កេះធំ, បីចេង៥គីឡូ, ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យួរ និងថរិកាម្នាក់៥ម៉ឺនរៀល៕