(តាកែវ)៖ ជនសង្ស័យ ២នាក់ទៀត ដែលជាសមាជិករបស់ក្រុមឧទ្ទាម សម រង្ស៉ី ត្រូវបានកម្លាំងនគរបាលខេត្តតាកែវ ឃាត់ខ្លួននៅថ្ងែទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការចូលរួមផែនការផ្តួលរំលំរាជរដ្ឋាភិបាល។

មន្រ្តីនគរបាលជាន់ខ្ពស់ខេត្តតាកែវ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា សមាជិកក្រុមឧទ្ទាមទំាំង២នាក់នេះរួមមាន៖

* ទី១៖ ឈ្មោះ ថាវ រិទ្ធិ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតាលាក់ខាងជើង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ពាក់ព័ន្ធ «រួមគំនិតក្បត់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់»
* ទី២៖ ឈ្មោះ កូយ ចន្ថា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរពេទ្យ មានទីលំនៅភូមិត្រពាំងសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ពាក់ព័ន្ធ «រួមគំនិតក្បត់ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់»។

ការចាប់ខ្លួនជនត្រូវចោទទាំង២នាក់ បានធ្វើឡើងតាមដីកាចាប់ខ្លួនរបស់តុលាការខេត្តតាកែវផងដែរ។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

សូមបញ្ជាក់ថា ជនក្បត់ជាតិ សម រង្ស៉ី បានប្រកាសពន្យារពេលដំណើរវិលត្រឡប់មកកម្ពុជា។ នេះបើយោងតាមទណ្ឌិត សម រង្ស៉ី ប្រកាសតាមវីដេអូផ្សាយផ្ទាល់លើ Facebook របស់ខ្លួននៅយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ទណ្ឌិត សម រង្ស៉ី បានថ្លែងថា «គម្រោងមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ប្រហែលត្រូវពន្យារពេលបន្តិចពីព្រោះអំបិញមិញនេះ នៅព្រលានយន្តហោះទីក្រុងប៉ារីសភ្នាក់ងារក្រុមហ៊ុនអាកាសចរណ៍របស់ថៃ បានប្រាប់ខ្ញុំថាពួកគាត់បានទទួលបញ្ជាខ្ពស់មែនទែនថា មិនឱ្យខ្ញុំឡើងលើយន្តហោះដែលត្រូវហោះមកប្រទេសថៃ ដើម្បីខ្ញុំបន្តដំណើរទៅប្រទេសកម្ពុជា»។

មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ឲ្យដឹងថា «សម រង្ស៉ី មិនមានឈ្មោះក្នុងជើងហោះហើរពីប៉ារីស ទៅកាន់ទីក្រុងបាងកក នៅថ្ងៃទី០៧ វិច្ឆិកានេះទេ»៕