(ភ្នំពេញ)៖ អ្នកវិនិយោគិនមកពីក្រៅប្រទេស បានប្រកាសពីការដាក់ទុនវិនិយោគរបស់ខ្លួន ដែលមានទឹកប្រាក់ជាង១០លានដុល្លារ ដើម្បីសាងសង់អាគារខុនដូរ និងអាគារការិយាល័យ ដែលកម្ពស់ចាប់ពី២១ជាន់រហូតដល់៣៨ជាន់ ដែលមានទីតាំងស្ថិត នៅក្នុងកណ្តាលក្រុងភ្នំពេញ ។

មិនត្រឹមតែបានចំណាយថវិការដ៏ច្រើន សម្រាប់សាងសង់អាគារខុនដូរ និងអាគារការិយាល័យប៉ុណ្ណឹងទេ ប៉ុន្តែម្ចាស់ក្រុមហ៊ុនខាងលើនេះ បានគៀងគរអ្នកវិនិយោគទុនជាច្រើននាក់ទៀត ដែលមានចិនដីគោក និងចិនតៃវ៉ាន់ ដើម្បីចូលមកកម្ពុជា សម្រាប់កិច្ចសហការបើកជំនួញធំៗ។

បើតាមលោក តឹង ជឹនយាគ ប្រធានក្រុមហ៊ុន Picasso City Garden Development, co LTD កំពុងពិភាក្សាជាមួយនឹងដៃគូជំនួញ ដើម្បីគ្រោងនាំចូល Brand Macdonald សម្រាប់បើកអាជីវកម្មមួយទៀត នៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកប្រធានរូបនេះបានឱ្យដឹងថា «មុនពេលសម្រេចចិត្តបើកអាជីវកម្មរបស់ខ្លួន ពួកគេត្រូវតែសម្លឹងឱ្យបានស៊ីជម្រៅ ទៅលើស្ថានភាពនយោបាយនៃប្រទេសនោះ។ សម្រាប់ពួកយើងនៅទីនេះ គឺមិនខ្លាចអ្វីទាំងអស់ ក្នុងការបោះវិនិយោគទុន ចូលមកក្នុងប្រទេសកម្ពុជា គឺយើងមិនមានហានីភ័យខ្លាច អំពីស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាទេ គឺយើងមានការជឿទុកចិត្តខ្ពស់ ក្នុងការដាក់វិនិយោគ នៅក្នុងប្រទេសមួយនេះ»

ជាមួយគ្នានេះដែរ ម្ចាស់ក្រុមហ៊ុនខាងលើនេះក៏មានក្តីរំពឹងថា សម្រាប់ការលក់គម្រោងទី២ ដែលមានឈ្មោះថា KYI Center និងត្រូវទទួលបានជោគជ័យ ក្រោយពេលសម្ពោធអាគារខុនដូរនេះត្រូវបានបញ្ចប់។ ហើយលោកក៏ចង់ឱ្យវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា នាពេលអនាគត អាចនិងមានសន្ទុះកាន់តែរីកចម្រើនដូចនៅប្រទេសហុងកុង។

លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងដែនដី និងសំណង់ បានបញ្ជាក់ថា ទាក់ទងនឹងវិស័យអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ពាក់ព័ន្ធទៅនិងសំណង់អាគារខ្ពស់។

លោកបន្តថា «ស្របពេលនឹងការរីកចម្រើននេះ អាជីវកម្មក្នុងវិស័យសំណង់បានចុះបញ្ជីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានកើនដល់២៣០៧ក្រុមហ៊ុននៅទូទាំងប្រទេស ហើយយើងមានស្ថាបត្យករប្រមាណជាង២៥០០នាក់ និងវិស្វករប្រមាណជាង៣ម៉ឺននាក់»

លោក លាង មុនីរិទ្ធ បញ្ជាក់ថា មូលហេតុដែលនាំឱ្យវិស័យនេះ មានការរីកចម្រើនយ៉ាងដូច្នេះក៏ដោយសារតែ រាជរដ្ឋាភិបាលកម្ពុជា តែងទុកវិស័យឯកជនជាដៃគូ និងលើកកម្ពស់តួនាទីវិស័យឯកជន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ សម្រាប់វិស័យអចលនទ្រព្យ និងសំណង់នៅប្រទេសកម្ពុជា គឺរាជរដ្ឋាភិបាល បានផ្តល់ការអនុគ្រោះជាច្រើនដល់វិស័យវិនិយោគគិនបរទេស ចំពោះសិទ្ធលើអចលទ្រព្យ។

បើតាមរបាយការណ៍ក្រសួងដែនដីបានឱ្យដឹងថា កាលពីឆ្នាំ២០១៨ ទុនវិនិយោគវិស័យសំណង់មានប្រមាណជាង៥ពាន់លានដុល្លារអាមេរិក បើធៀបនិងឆ្នាំ២០១៧ គឺមានការថយចុះប្រមាណ១៥.៣៥% និងក្នុងរយៈពេលឆមាសទី១ នៃដើមឆ្នាំ២០១៩នេះ មានប្រមាណជាង៣ពាន់លានដុល្លារ៕