(ភ្នំពេញ)៖ គំនូរសិល្បៈមួយផ្ទាំងបង្ហាញពីការដួលរលំ «ជញ្ជាំងប៊ែរឡាំង» ដែលរចនាឡើងដោយវិចិត្រករខ្មែរ និងអាល្លឺម៉ង់ ត្រូវបានរំលេចឡើងនៅលើទ្វារស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ដើម្បីអបអរសាទរខួប៣០ឆ្នាំនៃការរួបរួមគ្នាឡើងវិញរវាងអាល្លឺម៉ង់ខាងលិច និងខាងកើត។

ផ្ទាំងគំនូរនេះ ត្រូវបានធ្វើពិធីបើកផ្ទាំងក្រណាត់ខ្មៅបង្ហាញជាផ្លូវការនៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយមានការអញ្ជើញចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងអ្នកព័ត៌មានជាច្រើននាក់ផ្សេងទៀត។

ផ្ទាំងគំនូរមួយផ្ទាំងនេះមិនត្រឹមតែបានបង្ហាញពីការរួបរួមឡើងវិញរបស់អាល្លឺម៉ង់នោះ តែក៏បានបង្ហាញពីទំនាក់ទំនងដ៏ប្រសើររវាងកម្ពុជា និងអាល្លឺម៉ង់ផងដែរ។ លោក Christian Berger បានថ្លែងថា អក្សរដែលរំលេចលើផ្ទាំងរូបភាព «Aufbruch និងវិវត្តន៍» មានន័យដូចគ្នាថា ការវិវត្តន៍ប្រកបដោយភាពវិជ្ជមាន។ លោក ក៏សូមឱ្យពាក្យទាំងពីរ ដែលបានសរសេរនៅលើផ្ទាំងគំនូរនេះ ឆ្លុះបង្ហាញពីទំនាក់ទំនងរវាងប្រទេសកម្ពុជា និងអាល្លឺម៉ង់។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងក្នុងឱកាសនោះថា ការតាំងបង្ហាញគំនូរនេះ ធ្វើឱ្យប្រទេសទាំងពីរ បានយល់ពីគ្នាទៅវិញទៅមកកាន់តែប្រសើរ។ លោកបន្តថា លោកពិតជារីករាយ ដែលស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានរៀបចំកម្មវិធីដាក់ផ្ទាំងគំនូរលើជញ្ជាំងស្ថានទូត ដែលធ្វើឲ្យគេស្គាល់វិចិត្រករក្មេងៗរបស់កម្ពុជា និងអាល្លឺម៉ង់។

ផ្ទាំងគំនូរនេះត្រូវបានរចនាឡើងរួមគ្នារវាងវិចិត្រករកម្ពុជា លោក ហួរ សុបិន និងវិចិត្រករអាល្លឺម៉ង់ Danilo Halle។ រូបភាពចម្រុះពណ៌រំលេចលើខ្លោងទ្វារទាំងសងខាងត្រូវបានរចនាឡើងជា៩ជួរ ពីឆ្វេងទៅស្តាំ និង១១ជួរពីលើចុះក្រោម។ រូបភាពនេះបញ្ជាក់ពីព្រឹត្តិការដ៏សំខាន់ និងជាប្រវត្តិសាស្ត្រនៃថ្ងៃទី០៩ ខែវិច្ឆិកា ដែលជាថ្ងៃដ៏សំខាន់សម្រាប់កម្ពុជា និងអាល្លឺម៉ង់។ ក្នុងនោះថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ជាថ្ងៃដែលកម្ពុជា ទទួលបានឯករាជ្យពីអាណានិគមន៍បារាំង ហើយថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៨៩ ជាថ្ងៃដួលរលំជញ្ជាំងប៊ែរឡាំង។

នៅក្រោយសង្គ្រាមលោកលើកទី២ របងថ្មប្រវែង១៥៥គីឡូម៉ែត្រ និងកម្ពស់ ៣ម៉ែត្រកន្លះ បានខណ្ឌចែក និងហ៊ុព័ទ្ធរដ្ឋធានីប្រទេសអាល្លឺម៉ង់ជាផ្នែកខាងលិច និងខាងកើតអស់ជិត៣០ឆ្នាំ ដើម្បីរារាំងកុំឱ្យពលរដ្ឋនៃប្រទេសអាល្លឺម៉ង់ខាងកើត ដែលប្រកាន់របបកុម្មុយនីស្តភៀសខ្លួនទៅអាល្លឺម៉ង់ខាងលិចដែលប្រកាន់របបសេរី។ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៨៩ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការរួបរួមរវាងអាល្លឺម៉ង់ខាងលិចគាំទ្រដោយអាមេរិក និងអាល្លឺម៉ង់ខាងកើត គាំទ្រដោយសហភាពសូវៀត។

រូបគំនូរបានបង្ហាញអត្ថន័យដ៏ជ្រាលជ្រៅនៃការរួបរួមរបស់អាល្លឺម៉ង់។ ក្នុងនោះរូបដុំឥដ្ឋនៅលើផ្ទាំងរូបភាព ជានិមិត្តរូបនៃជញ្ជាំង ដែលធ្វើពីដុំឥដ្ឋ ហើយពណ៌ចម្រុះដែលបានប្រើ គឺជាការរួមបញ្ចូលគ្នានៃទង់ជាតិប្រទេសទាំងពីរ។ ដោយឡែកពាក្យដែលនៅផ្នែកខាងឆ្វេងជាភាសាអាល្លឺម៉ង់ «Aufbruch» និងនៅខាងស្ដាំជាភាសាខ្មែរ «វិវត្តន៍» ពាក្យទាំងពីរបង្ហាញពីអត្ថន័យថា ការកម្ទេចចោលនូវអ្វីដែលចាស់ ដើម្បីបង្កើតឡើងនូវអ្វីដែលថ្មី និងវិជ្ជមាន៕