(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បានធ្វើមាតុភូមិនិវត្តន៍មកដល់ ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានបញ្ចប់បេសកកម្មដោយជោគជ័យ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី អស់រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ។

មន្ត្រីខុទ្ទកាល័យទេសរដ្ឋមន្ត្រី ដែលអមដំណើរបានដឹងថា នៅក្នុងបេសកកម្មរយៈពេល៤ថ្ងៃនេះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានចូលរួមជាវាគ្មិន ក្នុងវេទិកាហ្សាកាត់ពិភពលោក លើកទី៨ នៅទីក្រុងបាន់ឌុង សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលមានអ្នកចូលរួមជិត៤០០នាក់ រួមមាន វាគ្មិនអ្នកស្រាវជ្រាវ ថ្នាក់ដឹកនាំស្ថាប័នហ្សាកាត់ផ្សេងៗ មកពី៣៥ប្រទេស ក្រោមអធិបតីភាព លោកបណ្ឌិត Ma'ruf Amin អនុប្រធានាធិបតីឥណ្ឌូនេស៊ី។

បន្ទាប់ពីវេទិកាហ្សាកាត់ពិភពលោកលើកទី៨ ទេសរដ្ឋមន្ត្រី អូស្មា ន ហាស្សាន់ ក៏បានជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយអនុប្រធានាធិបតីឥណ្ឌូនេស៊ីផងដែរ។

បន្ទាប់ពីនាំផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយក្តីនឹករលឹក និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ជូនចំពោះលោក Ma'ruf Amin, ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានលើកឡើងថា សន្តិភាព និងការរីកចម្រើននៅកម្ពុជា កើតឡើងបានដោយការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា និងការរួមចំណែករបស់មិត្តឥណ្ដូនេស៊ី។

លោកបានបន្តថា ក្រោយពីសង្គ្រាមរ៉ាំរ៉ៃជាច្រើនឆ្នាំ ប្រទេសជាតិមួយ ដែលមានតែបាតដៃទទេ ដោយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសមួយនេះ ប្រែក្លាយខ្លួនជាប្រទេសដែលជាប់ចំណាត់ថ្នាក់ទី៧ នៅក្នុងពិភពលោក ដែលមានការអភិវឌ្ឍ លឿនបំផុត និងមានកំណើនសេដ្ឋកិច្ចជាង៧ភាគរយ ក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ។

លើសពីនេះក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឲ្យមានសុខដុមបនីយកម្មជាតិសាសន៍ ដែលជាគំរូដ៏ប្រពៃសម្រាប់ពិភពលោក។ ទាំងនេះ សុទ្ធសឹងជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ក្នុងនោះសហគមន៍ឥស្លាម ក៏ជាចំណែកមួយផងដែរ ដែលបានប្ដេជ្ញាសាមគ្គីគ្នា ជាធ្លុងមួយ ដើរតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ទេសរដ្ឋមន្ដ្រី បានបន្តទៀតថា ប្រទេសឥណ្ឌូនេស៊ី ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមស្វែងរកសន្តិភាពនៅកម្ពុជា ទាំងក្នុងដំណាក់កាលចរចាផង និងដំណាក់កាលកិច្ចព្រមព្រៀង ទីក្រុងប៉ារីសផង បានពង្រីកនូវកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ដោយបានជួយហ្វឹកហាត់ ដល់កងទ័ព និងអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា បានចូលរួមចំណែកបញ្ជូនកងទ័ពថែរក្សាសន្តិភាព (UNTAC) មកកាន់កម្ពុជា ផ្ដល់អាហារូបករណ៍ ដល់សិស្ស និស្សិតកម្ពុជា ក្នុងនោះរួមមាននិស្សិតខ្មែរឥស្លាមផងដែរ។

មិនតែប៉ុណ្ណោះ សាធារណរដ្ឋឥណ្ឌូនេស៊ី បានជួយជ្រោមជ្រែងសហការផ្ដួចផ្ដើមបង្កើត សហភាពបញ្ញវន្តមុស្លិមកម្ពុជា ដើម្បីចូលជាសមាជិកសម្ព័ន្ធបញ្ញវន្តមុស្លិម អាស៊ានផងដែរ។ ដោយឡែក សហគមន៍ខ្មែរឥស្លាម កម្ពុជាបានស្គាល់ឥណ្ឌូនេស៉ីច្បាស់ តាមរយៈទំនាក់ទំនង វប្បធម៌ ប្រពៃណី និងសាសនា កម្ពុជាបានចាត់ទុក សាធារណរដ្ឋឥណ្ឌូនេស៊ី ជាមិត្តដ៏ល្អ។

មុននឹងបញ្ចប់ ទេសរដ្ឋមន្ត្រី បានប្រាប់ភាគីឥណ្ឌូនេស៊ី អំពីការប៉ុនប៉ងអាក្រក់ របស់ក្រុមប្រឆាំងក្រៅច្បាប់ ក្នុងការផ្ដួលរំលុំរាជរដ្ឋាភិបាល និងរំលាយរបប រាជានិយមនៅកម្ពុជាផងដែរ។ ក្នុងនាមសមាជិករាជរដ្ឋាភិបាល លោក អូស្មាន ហាស្សាន់ បានស្នើដល់ភាគីឥណ្ឌូនេស៊ី ជួយទប់ស្កាត់នូវរាល់សកម្មភាព របស់ក្រុមនេះឲ្យខាងតែបាន។

ជាការឆ្លើយតប លោក Ma'ruf Ameen បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ញើការនឹករលឹកដល់លោក ហើយលោកក៏សូមលើកទឹកចិត្ត និងជូនពរសម្ដេចតេជោ សូមមានសុខភាពល្អ ដើម្បីបន្តដឹកនាំថែរក្សាសុខសន្តិភាពនៅកម្ពុជា និងសូមអបអរសាទរ ចំពោះសហគមន៍ឥស្លាមនៅកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល លោក Ma'ruf Amin បានប្ដេជ្ញាគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន គ្រប់ស្ថានការណ៍ និងគ្រប់កាលៈទេសៈទាំងទ្វេភាគី ក្នុងតំបន់ និងលើឆាកអន្តរជាតិ៕