(ភ្នំពេញ)៖ បើទោះបីជានៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានការដាក់ពង្រាយកម្លាំង ដើម្បីឃ្លាំមើលការវិលត្រឡប់មកកម្ពុជាវិញ នូវមុខសញ្ញាក្បត់ជាតិ មួយក្តាប់តូចក៏ដោយ ប៉ុន្ដែកម្លាំងសមត្ថកិច្ចមួយផ្នែក ដែលនៅខាងក្នុងបានដាក់ពង្រាយតាមដងផ្លូវ ដើម្បីត្រួតពិនិត្យទៅលើយានយន្តគ្រប់ប្រភេទ ក្នុងការសង្កេតរកមុខសញ្ញា ក្រុមឧទ្ទាមផង និងត្រួតពិនិត្យអាវុធជាតិផ្ទុះផង ដោយក្នុងគោលបំណងរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។

ជាក់ស្ដែងកម្លាំងសមត្ថកិច្ច៣ប្រភេទ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានចុះប្រតិបត្តិការរដ្ឋបាលចល័តតាមបណ្ដាគោលដៅសំខាន់ៗរបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់រាល់គ្រប់បទល្មើស ដែលអាចកើតមានឡើង ដោយប្រការណាមួយ ក្នុងការផ្ដល់កិច្ចអន្តរាគមន៍ទាន់ពេល ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បើគិតត្រឹមល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបែកចែកកម្លាំងជា៣ក្រុម មានកម្លាំងនគរបាលប៉ុស្ដិ៍-ខណ្ឌ អាវុធហត្ថ ប្រជាការពារសង្កាត់-ខណ្ឌ ដឹកនាំពីលោក-លោកស្រី អភិបាលរងខណ្ឌ៤រូប មានលោក ប្រាជ្ញ សីហា, លោក ស៊ូ សោគន្ធ, លោកស្រី សួស សូលីដា និងលោក លីន ញ៉ក់ ព្រមទាំងលោកវរសេនីយ៍ទោ ហ៊ាង ថារេត អធិការនគរបាលខណ្ឌ និងប្រធាន អនុប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ ជាមួយអធិការរងនគរបាលខណ្ឌតាមផែននីមួយៗផងដែរ។

ក្រោយទទួលបទបញ្ជាភ្លាមៗរបស់លោក ជា ពិសី កម្លាំងសមត្ថកិច្ចទាំង៣ប្រភេទ និងមន្ត្រីពាក់ព័ន្ធទាំងអស់ បានចេញប្រតិបត្តិការចុះត្រួតពិនិត្យនៅតាមដងផ្លូវ និងគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្ររៀងៗខ្លួន ដោយមានបំពាក់ទៅដោយអាវុធផងដែរ ក្នុងការទប់ទល់នឹងសភាពការណ៍ជាក់ស្តែង ដែលអាចកើតមានឡើង ដោយចៃដន្យ ដើម្បីផ្ដល់កិច្ចអន្តរាគមន៍ទាន់ពេលវេលា ក្រោយពីមួយរយៈចុងក្រោយនេះ មានមនុស្សមួយក្រុម ដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិ សម រង្សី បានប្រកាស អំពីផែនការវិលត្រឡប់មកកម្ពុជាវិញ មានទាំងការកែនមហាជនឲ្យងើបឡើង, ប្រមូលកម្លាំងកងទ័ព, ប្រមូលលុយចិញ្ចឹមទ័ព និងផែនការមួយចំនួនទៀត ដែលអាចសន្និដ្ឋានបានថា ជាផែនការមួយធ្វើឡើង ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល ដែលកើតឡើងពីការបោះឆ្នោត ដោយស្របច្បាប់៕