(ភ្នំពេញ)៖ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ជាមួយក្រសួង-ស្ថាប័ន លើសេចក្ដីព្រាងគោលនយោបាយជាតិ ស្ដីពីសមភាពយេនឌ័រ និងផែនការយុទ្ធសាស្ដ្រនារីរតនៈទី៥ ឆ្នាំ២០១៩-២០២០ ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារ តារាអ៊ែរផត ភ្នំពេញ។

សិក្ខាសាលាពិគ្រោះយោបល់ ខាងលើនេះ មានការចូលរួមពី លោក-លោកស្រី ប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រ របស់ក្រសួង-ស្ថាប័ន, លោកស្រី អាំង សុខរើន តំណាងអង្គការ UNFPA និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ទេកទេស ក្រសួងកិច្ចការនារី និងអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ព្រមទាំងតំណាងពីក្រសួងពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ។

លោកស្រី អ៊ឹង កន្ថាផាវី បានឲ្យដឹងថា ស្របតាមសេចក្តីណែនាំ របស់ទីស្តីការគណៈរដ្ឋមន្ត្រី គោលនយោបាយជាតិ ស្តីពីសមភាពយេនឌ័រ មាន៨ជំពូក រួមមាន៖ សេចក្តីផ្តើម, ចក្ខុវិស័យ, គោលបំណង, គោលដៅ, យុទ្ធសាស្ត្រ, ផែនការសកម្មភាព ការតាមដានត្រួតពិនិត្យ និងការវាយតម្លៃ និងសេចក្តីសន្និដ្ឋាន។

លោកស្រីរដ្ឋមន្ដ្រី បន្ដទៀតថា នៅក្នុងក្របខណ្ឌគោលនយោបាយជាតិ មានគោលបំណង ជំរុញការបញ្ជ្រាបយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី និងឆ្លើយតបប្រកបដោយបរិយាប័ន្ន «មិនបោះបង់នរណាម្នាក់ឲ្យនៅឯកោ» ក្នុងរបៀបវារៈនៃកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍សង្គម និងអភិបាលកិច្ចល្អ និងមានគោលដៅចំនួន៥រួមមាន៖

១៖ ពង្រឹងសង្គតិភាព និងការអនុវត្តគោលនយោបាយ ក្របខណ្ឌច្បាប់ និងវិធានការដែលឆ្លើយតបនឹងយេនឌ័រ
២៖ បង្កើនគណនេយ្យភាព និងការវិនិយោគឆ្លើយតបនឹងសមភាពយេនឌ័រ តាមវិស័យនិងគ្រប់កម្រិត
៣៖ ផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ
៤៖ ពង្រឹងប្រសិទ្ធភាព ក្នុងការអនុវត្តមុខងាររបស់យន្តការ និងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការជំរុញការបញ្ជ្រាបយេនឌ័រ និងលើកកម្ពស់ស្ថានភាពស្រ្តី
៥៖ ពង្រឹងវិធានការសមធម៌យេនឌ័រ ការបង្កើនភាពអង់អាចដល់ស្រ្តី និងបរិយាប័ន្ននៅក្នុងរបៀបវារៈ កំណើនសេដ្ឋកិច្ច កិច្ចគាំពារសង្គម និងអភិបាលកិច្ច ប្រកបដោយវានុវត្តន៍

គោលនយោបាយនេះ មានយុទ្ធសាស្ត្រចំនួន៥គឺ៖

១៖ អភិវឌ្ឍ និងអនុវត្តគោលនយោបាយ ក្របខណ្ឌច្បាប់ កម្មវិធីជាតិ និងវិធានការ
២៖ បង្កើនគណនេយ្យភាព និងការវិនិយោគឆ្លើយតបនឹងសមភាពយេនឌ័រតាមវិស័យ
៣៖ ការផ្លាស់ប្តូរឥរិយាបថ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ
៤៖ ពង្រឹងភាពជាដៃគូ និងយន្តការ និងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
៥៖ វិធានការសមធម៌យេនឌ័រ នៅក្នុងកំណើនសេដ្ឋកិច្ច កិច្ចគាំពារសង្គម និងអភិបាលកិច្ច

ជាមួយគ្នានោះ រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានគូសបញ្ជាក់ថា ចំពោះផែនការយុទ្ធសាស្រ្តនារីរតនៈទី ៥ មាន៩ជំពូក ដែលរួមមាន៖ សេចក្តីផ្តើម ចក្ខុវិស័យ បេសកកម្ម គោលបំណង និងគោលដៅក្របខណ្ឌយុទ្ធសាស្ត្រ, សកម្មភាពការងារ, ធនធានហិរញ្ញវត្ថុ, ការតាមដានត្រួតពិនិត្យ និងការវាយតម្លៃ និងសេចក្តីសន្និដ្ឋាន។

នៅក្នុងក្របខណ្ឌយុទ្ធសាស្រ្ត សេចក្តីព្រាងនារីរតនៈទី៥ នឹងបន្តជំរុញការបញ្ជ្រាបយេនឌ័រ ការអនុវត្តយុទ្ធសាស្ត្រ លើវិស័យអាទិភាព ចំនួន៦ និងការអភិវឌ្ឍស្ថាប័ន មានដូចខាងក្រោម៖

* យុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ៖ ពង្រឹងយន្តការបញ្ជ្រាបយេនឌ័រតាមវិស័យ និងកម្មវិធីជាតិ
* វិស័យជាយុទ្ធសាស្ត្រ ស្តីពីការពង្រឹងភាពអង់អាច ផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី
* វិស័យជាយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការអប់រំស្ត្រី និងក្មេងស្រី និង ការផ្លាស់ប្តូរឥរិយាបថ
* វិស័យជាយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់សុខភាពស្រ្តី និងក្មេងស្រី
* វិស័យជាយុទ្ធសាស្ត្រ ស្តីពីកិច្ចការពារផ្លូវច្បាប់សម្រាប់ស្ត្រី និងក្មេងស្រី
* វិស័យជាយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការចូលរួមរបស់ស្ត្រី ក្នុងវិស័យសាធារណៈនយោបាយ និងភាពជាអ្នកដឹកនាំ
* វិស័យជាយុទ្ធសាស្ត្រ ស្តីពីការបញ្ជ្រាបយេនឌ័រ ក្នុងកម្មវិធីប្រែប្រួលអាកាសធាតុ
* យុទ្ធសាស្រ្តគាំទ្រស្ថាប័ន៖ ការអភិវឌ្ឍសមត្ថភាព និងប្រសិទ្ធភាពស្ថាប័ន

លោកស្រី អ៊ឹង កន្ថាផាវី បន្ថែមទៀតថា នៅក្នុងយុទ្ធសាស្រ្តនីមួយៗ ដូចបានរៀបរាប់ខាងលើ មានបណ្ដុំយុទ្ធសាស្ត្រគន្លឹះ ដែលជាសរុបចំនួន៥១។ នៅក្នុងយុទ្ធសាស្រ្តគន្លឹះនីមួយៗ មានចង្កោមសកម្មភាព គន្លឹះៗ អមដោយសូចនាករវាស់វែង និងដៃគូពាក់ព័ន្ធ ដែលមានរៀបរាប់លំអិត នៅក្នុងតារាងផែនការសកម្មភាព៥ឆ្នាំ ២០១៩-២០២៣។

គូសបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់នេះ ធ្វើឡើងក្នុងគោលបំណង ប្រមូលធាតុចូលសំខាន់ៗពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីឲ្យឯកសារ សេចក្តីព្រាងគោលនយោបាយជាតិ និងផែនការយុទ្ធសាស្រ្ត នារីរតនៈទី៥ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តប្រកបដោយប្រសិទ្ធិភាព ជាពិសេសបានឆ្លើយតប និងគិតគូរដាក់បញ្ចូលតម្រូវការ និងវិធានការនានា ពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់៕