(ស្វាយរៀង)៖ អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ (CNRP) ខេត្តស្វាយរៀង ចំនួន២នាក់ទៀត បានចូលសារភាព និងសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ហើយបានប្រកាសថា ពួកគេនឹងមិនដើរតាមផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី នោះឡើយ។

ការប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារួមមាន៖

*ទី១៖ លោក ឌុច សាខន អាយុ៦៩ឆ្នាំ អតីតអនុប្រធានប្រតិបត្តិគណៈកម្មាធិការអតីតគណបក្សង្គ្រោះជាតិប្រចាំខេត្ត
*ទី២៖ លោក ណឹម សុខា អាយុ៤៨ឆ្នាំ នៅភូមិសែនត ឃុំចន្ទ្រា ស្រុកចន្ទ្រា អតីតជាប្រធានប្រតិបត្តិស្រុកចន្ទ្រា។ ការចូលមកសារភាព និងរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងនៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

ទាំងលោក ឌុច សាខន និងលោក ណឹម សុខា បានថ្លែងថា ដោយមើលឃើញអំពីក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី ដែលបានរៀបចំផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងយល់ឃើញពីការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ ទើបលោកទាំងពីរសម្រេចចិត្ត ដោយមិនមានការបង្ខិតបង្ខំអ្វីឡើយ គឺចូលដោយស្ម័គ្រចិត្ត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ អតីតអនុប្រធានគណៈកម្មាធិការប្រតិបត្តិរបស់អតីតគណបក្សគណបក្សសង្គ្រោះ អតីតសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្រុងស្រុក និងអ្នកគាំទ្រ ប្រមាណ ២៨៩នាក់ របស់អតីតគណបក្សសង្គ្រោះជាតិ បានចូលសារភាព និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយបានប្រកាសថា ពួកគេនឹងមិនដើរតាមផែនការ ក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី នោះឡើយ។

អតីតអនុប្រធានគណៈកម្មាធិការប្រតិបត្តិរបស់អតីតគណបក្សគណបក្សសង្គ្រោះជាតិ អតីតសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្រុងស្រុក និងអ្នកគាំទ្រ ប្រមាណ ២៨៩នាក់ ស្រី ១២២នាក់រួមមាន៖

*ទី១៖ ក្រុងបាវិត ១០នាក់ ស្រី ៤នាក់
*ទី២៖ ស្រុកកំពង់រោទិ៍ ៤៤នាក់ ស្រី២២នាក់
*ទី៣៖ ក្រុងស្វាយរៀង ១២នាក់ ស្រី៣នាក់
*ទី៤៖ ស្រុករមាសហែក ១០៤នាក់ ស្រី៥៣នាក់
*ទី៥៖ ស្រុកស្វាយជ្រំ ៤៤នាក់ ស្រី ១០នាក់
*ទី៦៖ ស្រុកស្វាយទាប ១៣នាក់ ស្រី០១នាក់
*ទី៧៖ ស្រុកចន្ទ្រា ២០នាក់ ស្រី ១០នាក់
*ទី៨៖ ស្រុករំដួល៤២ នាក់ស្រី ១៩នាក់៕