(តាកែវ)៖ សមាគមអតីតសិស្ស-និស្សិត នៅកម្ពុជា និងសប្បុរសជនខ្មែរ នៅសហរដ្ឋអាមេរិក បានចុះចែកសម្ភារសិក្សា ជូនដល់សិស្សានុសិស្សចំនួន២៩២នាក់ និងជូនកាដូ ដល់លោកគ្រូ-អ្នកគ្រូ១២នាក់ ព្រមទាំងប្រគល់ទោងមួយឈុត នៅសាលាបឋមសិក្សាត្រពាំងកែស ឋិតនៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិត នៅកម្ពុជា បានបញ្ជាក់ថា នេះជាលើកទីមួយ ដែលសមាគមអតីតសិស្ស-និស្សិត នៅកម្ពុជា បានមកដល់ទឹកដី នៃខេត្តតាកែវ ដើម្បីចែកសម្ភារសិក្សា ដល់ក្មួយៗសិស្សានុសិស្សចំនួន ២៩២នាក់ និងជូនកាដូដល់លោកគ្រូ-អ្នកគ្រូ ចំនួន១២រូបផងដែរ។

លោកបានបន្ដថា ជាងនេះទៅទៀត បានប្រគល់ជូននូវទោងចំនួន១ឈុត សម្រាប់ប្រើប្រាស់ ក៏ដូចជាលេងកម្សាន្តដល់សាលាបឋមសិក្សា «ត្រពាំងកែស» ស្ថិតក្នុងភូមិត្រពាំងកែស ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមប្រធានបទ «ចូលរួមចែករំលែកសេចក្តីស្រលាញ់ដល់សង្គម»។

លោក មែ ស៊ីថុន បានឲ្យដឹងថា ភាពសប្បាយរីករាយនាពេលនេះ ធ្វើឲ្យលោក ក៏ដូចក្រុមការងារសមាគមទាំងអស់ មានភាពកក់ក្តៅ និងស្និតស្នាលបំផុតជាមួយលោកគ្រូ-អ្នកគ្រ ជាពិសេសក្មួយៗសិស្សានុសិស្ស ថ្វីត្បិតតែជាលើកទីមួយ តែភាពជាខ្មែរដូចគ្នា យើងកាន់តែពេញចិត្ត និងស្រលាញ់កាន់តែខ្លាំងឡើង ហើយប្រាកដជាមានលើកទីពីរ ទីបី ទីបួន និងបន្តបន្ទាប់ទៀត ជាក់ជាមិនខានឡើយ។

លោកបានលើកឡើងថា គោលបំណងរបស់សមាគម គឺចង់ឲ្យក្មួយៗសិស្សានុសិស្សទាំងអស់ ស្រលាញ់ការរៀនសូត្រយកចិត្តទុកដាក់លើការសិក្សា និងលើកទឹកចិត្តក្មួយៗ ឲ្យចេះចែករំលែកក្តីស្រលាញ់ដល់សង្គម ដែលសង្គមកម្ពុជាយើងមានចំពោះក្មួយៗ ជាងនេះទៅទៀត ក៏ចង់ឲ្យក្មួយៗទាំងអស់ស្រលាញ់ធម្មជាតិ ថែរក្សាព្រៃឈើ និងបំផុសឲ្យប្រជាជនចូលរួមដាំដើមឈើ ដើម្បីបរិស្ថានយើងទាំងអស់គ្នាផងដែរ ។

ប្រធានសមាគមអតីតសិស្ស-និស្សិត នៅកម្ពុជា ក៏បានគូសបញ្ជាក់ថា ចាប់ពីពេលនេះតទៅ សូមក្មួយៗទាំងអស់ខិតខំរៀនសូត្រ ចូលរួមលេងកីឡាឲ្យបានច្រើន និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវធ្វើជាសិស្សល្អនៅសាលារៀន ជាកូនល្អសម្រាប់គ្រួសារ ជាពលរដ្ឋគំរូសម្រាប់សហគមន៍ និងជាបញ្ញវន្តឆ្នើម សម្រាប់សង្គមជាតិយើង។

លោក អ៊ុ សំនិត ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកត្រាំកក់ ខេត្តតាកែវ បានចាត់ទុកថា សមាគមដែលបានផ្តល់នូវសម្ភារ ដែលសិស្សានុសិស្សចូលចិត្ត ជាកត្តាមួយជំរុញឲ្យពួកគេចង់រៀន ហើយក្នុងនោះដែរ ក៏ស្របនឹងសាលាកុមារមេត្រី កម្ពុជា ដែលត្រូវតែមានដូចជាសួនច្បារ ទោង សម្ភារឧបករណ៍ហាត់ប្រាណជាដើម សម្រាប់សិស្សានុសិស្ស។

សូមបញ្ជាក់ថា សមាគមអតីតសិស្ស-និសិត្សនៅកម្ពុជា ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០១៩ នេះ និងមានទីស្នាក់ការកណ្តាលស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ថ្វីត្បិតតែសមាគមនេះ ទើបតែបង្កើតក៏ពិតមែន ប៉ុន្តែក្រុមអតីតសិស្សនិស្សិតដែលជាសមាជិកស្នូល ក្នុងសមាគមនេះ បានចូលរួមកម្មវិធីមនុស្សធម៌ផ្សេងៗ ប្រមូលផ្តុំយុវជនគំរូ ផ្តួចផ្តើមគំនិត និងគៀងគរធនធានសម្រាប់ចូលរួមសកម្មភាពសង្គម ក្នុងគោលដៅរួមចំណែកលើកកម្ពស់វិស័យអប់រំ និងការពារគុណភាពបរិស្ថាន តាំងពីឆ្នាំ២០១៣មកម្ល៉េះ៕