(ពោធិ៍សាត់)៖ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលកំពុងឈរជើងប្រចាំការនៅច្រកថ្មដា ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ឈមជាមួយខេត្តត្រាត របស់ប្រទេសថៃ បាននិងកំពុងពង្រាយកម្លាំងការពារយ៉ាងយកចិត្តទុកដាក់ ដើម្បីទប់ស្កាត់ការបង្កចលាចលផ្សេងៗ របស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

កងកម្លាំងប្រដាប់អាវុធទាំងអស់នោះ បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងរក្សាការពារនូវសុខ សន្ដិភាពឲ្យខាងតែបាននៅតាមខ្សែបន្ទាត់ព្រំដែន និងត្រៀមជានិច្ចដើម្បីរង់ចាំអនុវត្ត បទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

មេបញ្ជាការនៅច្រកព្រំដែនថ្មថា បានអះអាងថា កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មានតួនាទីសំខាន់ក្នុងការការពារ ទឹកដីការពារសន្តិភាព ជូនជាតិមាតុប្រទេសជាតិ មិនត្រូវជឿលើសម្តីញុះញុងជនក្បត់ជាតិទណ្ឌិត សម រង្ស៊ី ដែលមានផែនការណ៍ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីបេះដូងប្រជាពលរដ្ឋស្របច្បាប់ឡើយ។

សូមបញ្ជាក់ថា លោក សម រង្ស៉ី និងបក្ខពួក បានប្រកាសធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ ទន្ទឹមនឹងការប្រកាសធ្វើរដ្ឋប្រហារនេះ លោកបានប្រកាសរៀបចំថវិកាសម្រាប់ឧបត្ថម្ភដល់កងទ័ព ដែលផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំនេះ ព្រមទាំងអំពាវនាវដល់ព្រះមហាក្សត្រឱ្យដាក់រាជថែមទៀត។

ពាក់ព័ន្ធនឹងសកម្មភាពរបស់ លោក សម រង្ស៉ី និងបក្ខពួកនេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថា ជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម៕