(សៀមរាប)៖ ប្រជាពលរដ្ឋខ្មែរ ក៏ដូចជា ភ្ញៀវទេសចរជាច្រើនបានដឹងហើយថា «ភ្នំគូលែន» គឺជាភ្នំដ៏ពិសិដ្ឋតាំងពីបុរាណកាលមក ដោយបានផ្ដល់នូវរតនសម្បត្តិដ៏មហាសាល បន្សល់ទុកនូវកេរតំណែលវប្បធម៌ ប្រវត្តិសាស្ត្រ សាសនា ប្រាង្គប្រាសាទ បរិស្ថាន ជីវចម្រុះ ព្រៃឈើ ទឹកធ្លាក់ ភូមិដ្ឋានប្រជាពលរដ្ឋ និងសម្រស់ធម្មជាតិយ៉ាងច្រើនសម្បូរបែប ព្រមទាំងបានផ្ដល់នូវទឹករ៉ែធម្មជាតិនៅក្រោមភ្នំដ៏ត្រជាក់ត្រជុំ សម្រាប់ការទ្រទ្រង់សារពាង្គកាយមនុស្សផងដែរ។

ដោយបានស្រាវជ្រាវរកឃើញពីសក្ដានុពល និងលក្ខណៈពិសេសបន្ថែមរបស់ទឹករ៉ែធម្មជាតិ ដែលមានប្រភពនៅក្រោមភ្នំដ៏ពិសិដ្ឋនេះរួចមក ក្រុមហ៊ុន Kulara Water ដែលជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិ អូ គូលែន (Eau Kulen) ដ៏ល្បីល្បាញនៅប្រទេសកម្ពុជានោះ បានចាប់ផ្ដើមដំណើរការផលិតទឹកពិសាថ្មីមួយប្រភេទទៀត ដែលមានជាតិហ្គាសកាត់ជ្រិចៗ។ ទឹកពិសាប្រភេទថ្មីនេះត្រូវបានគេឱ្យឈ្មោះថា «ស្ពាកលីង ឬ Sparkling»។

ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានជាង ១០ស្ថាប័ន នៅក្នុងរោងចក្រផលិតទឹករ៉ែធម្មជាតិ អូ គូលែន នាដើមសប្ដាហ៍នេះ លោក Jacques Marcille អគ្គនាយកក្រុមហ៊ុន Kulara Water បានថ្លែងថា ក្រុមហ៊ុន Kulara Water របស់លោកកំពុងផលិតទឹកមានហ្គាស ឬហៅថា Sparkling ដំបូងគេនៅកម្ពុជា «ម៉ាកអូគូលែន» ខណៈនៅកម្ពុជាបច្ចុប្បន្ន ទឹកដែលមានជាតិហ្គាសនេះសុទ្ធតែជាទឹកនាំចូលពីក្រៅប្រទេស ពោលគឺមិនទាន់មានរោងចក្រផលិតនៅក្នុងប្រទេសនៅឡើយទេ រីឯទីផ្សារក្នុងស្រុកក៏នៅតូចចង្អៀតនៅឡើយដែរ។

លោកបានអះអាងថា ទឹកពិសា Sparkling ម៉ាកអូគូលែននេះ បើពិសាទៅហាក់ដូចជាមានភាពស្រស់ស្រាយជាងពិសាទឹករ៉ែធម្មជាតិ អូ គូលែន ប៉ុន្តែក៏អាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់មនុស្សដែរ ពីព្រោះអ្នកមួយចំនួនគាត់ក៏មិនចូលចិត្តទទួលទានទឹកពិសា ដែលមានជាតិហ្គាសកាត់ជ្រិចៗទេ។

លោកបានអះអាងបន្តថា ជាតិហ្គាសដែលមាននៅទឹក Sparkling ម៉ាកអូគូលែននេះ មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពឡើយ។ ផ្ទុយទៅវិញ ទឹកប្រភេទថ្មីនេះផ្ដល់ផលល្អសម្រាប់សុខភាពលើសពីទឹករ៉ែធម្មជាតិទៅទៀត។ ទឹកនេះមានប្រភពយកពីក្រោមភ្នំគូលែនដ៏ពិសិដ្ឋ ដូចទៅនឹងទឹករ៉ែធម្មជាតិ អូ គូលែនដែរ គ្រាន់តែគេបន្ថែមឧស្ម័នកាបូនិកដើម្បីឱ្យមានជាតិហ្គាសប៉ុណ្ណោះ។

លោក Jacques Marcille បានបន្ថែមទៀតថា អ្នកជំនាញរបស់ក្រុមហ៊ុន Kulara Water បានធ្វើតេស្តលើទឹកពិសា Sparkling ម៉ាកអូគូលែននេះហើយ ដោយរកឃើញថា ទឹកនេះមានគុណភាពល្អ ពិសាទៅក៏ឆ្ងាញ់។

លោកបានណែនាំពីកាលៈទេសៈដែលទទួលទានទឹក Sparkling ម៉ាកអូគូលែនឱ្យមានរសជាតិឆ្ងាញ់ គឺត្រូវទុកវានៅកន្លែងត្រជាក់ ពិសានៅពេលវាត្រជាក់។ លោកក៏និយមទទួលទានទឹក Sparkling នេះ បន្ទាប់ពីលោកទទួលទានស្រាវិស្គី។

ដោយសារបច្ចេកទេសនៃការផលិតទឹកមានជាតិហ្គាសនេះ ស្មុគស្មាញជាងការផលិតទឹករ៉ែធម្មជាតិ អូ គូលែន ដូច្នេះវាក៏ត្រូវលក់ក្នុងតម្លៃថ្លៃជាងដែរ តែទោះយ៉ាងណា ក្រុមហ៊ុនមិនទាន់កំណត់តម្លៃលក់ក្នុងទីផ្សារនៅឡើយទេ, នេះបើតាមលោកអគ្គនាយក Jacques Marcille។

សូមជម្រាបថា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន Kulara Water ទទួលបានពានរង្វាន់ និងជ័យលាភីលេខ១ ជាក្រុមហ៊ុនមានទំនួលខុសត្រូវសង្គម (CSR) ពីសហភាពអឺរ៉ុប ដោយផ្អែកលើការវាយតម្លៃផ្សេងៗ ដូចជាការគិតគូរពីអត្ថប្រយោជន៍ និងសុខមាលភាពរបស់បុគ្គលិក ការកែច្នៃ នវានុវត្តភាព ការប្រើប្រាស់បច្ចេកទេសល្អៗ ពិសេសគឺផ្ដោតការយកចិត្តទុកដាក់ទៅលើការការពារបរិស្ថាន ដាំដើមឈើកម្រ ឬប្រឈមនឹងការផុតពូជ ការចូលរួមសកម្មភាពសង្គម ការជួយដល់សហគមន៍ជាដើម។

លោក Jacques Marcille បានឆ្លើយតបនឹងសំណួររបស់ភ្នាក់ងារ Fresh News ថា «រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន Kulara Water មិនទាន់មានការនាំចេញទឹករ៉ែធម្មជាតិ អូ គូលែន ទៅលក់នៅក្រៅប្រទេសនៅឡើយទេ ប៉ុន្តែមានក្រុមហ៊ុនរបស់ជប៉ុនមួយ បានមកទាក់ទងចង់ឱ្យក្រុមហ៊ុន Kulara Water នាំចេញទឹករ៉ែធម្មជាតិ អូ គូលែន ទៅលក់នៅប្រទេសជប៉ុន ប៉ុន្តែកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សា និងប្រមូលព័ត៌មានឱ្យបានហ្មត់ចត់នៅឡើយ»។

លោកបានបន្តទៀតថា ក្រុមហ៊ុន Kulara Water ក៏មិនទាន់មានសមត្ថភាពផលិតទឹកពិសាឱ្យបានច្រើន ឬអាចនាំចេញទៅជប៉ុនដែលជាទីផ្សារធំនៅឡើយទេ ពោលគឺអាចផ្គត់ផ្គង់សម្រាប់តែទីផ្សារក្នុងប្រទេសប៉ុណ្ណោះ៕