(ពោធិ៍សាត់)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩ បានរៀបចំប្រារព្ធទិវាស្បៀងអាហារពិភពលោក ក្រោមប្រធានបទ «យើងរួមគ្នាលើកកម្ពស់អាហារសុវត្ថិភាព និងអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយភាពអត់ ឃ្លានឲ្យដល់កម្រិតសូន្យ សម្រាប់អនាគតរបស់យើង»។
ពិធីនេះប្រារព្ធក្នុងបរិវេណវត្តមុន្នីឧត្តម នៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោករដ្ឋមន្រ្តី វេង សាខុន, លោក ម៉ៅ ធនិន អភិបាលខេត្ត លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមជាកិត្តិយសឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ថ្នាក់ដឹកនាំក្រសួង លោកស្រី Francesca Erdelmann តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) លោក Alexandre HUYNH តំណាងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិប្រជាជាតិ (FAO) មន្រ្តីរាជការ និងប្រជាពលរដ្ឋប្រមាណ ៥០០នាក់។
លោក ម៉ៅ ធនិន បានជម្រាបជូនអង្គពិធីអំពីស្ថានភាពនដំណើរការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មនៅខេត្តពោធិ៍សាត់ ដែលមានសក្តានុពលក្នុងការវិនិយោគ ដើម្បីបង្កើនផលិតភាពផលិតកម្ម ធានាសុវត្ថិភាព អាហារូបត្ថម្ភ និងកាត់បន្ថយភាពអត់ឃ្លានសមស្រប តាមប្រធានបទនៃទិវានាថ្ងៃនេះ។
លោកស្រី Francesca Erdelmann បានរាយការណ៍ជូនអង្គពិធីជ្រាបថា នេះគឺជាលើកទី៣៩ នៃទិវាស្បៀងអាហារពិភពលោក ហើយការប្រារព្ធទិវានាពេលនេះ គឺជាព្រឹត្តិការណ៍សាកលរបស់អង្គការសហប្រជាជាតិ ដែលពិភពលោកបានប្រារព្ធឡើង ក្នុងន័យបំផុសស្មារតីឲ្យយល់ដឹង និងទទួលស្គាល់អំពីតួនាទីសំខាន់ នៃវិស័យកសិកម្ម ក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ ដែលគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវមានឆន្ទៈចូលរួមឲ្យបានសកម្ម សំដៅឈានទៅបញ្ចប់ភាពអត់ឃ្លាន នៅទូទាំងសាកលលោក។
លោក Alexandre HUYNH បានថ្លែងថា ការលុបបំបាត់ភាពអត់ឃ្លាន គឺជាអាទិភាពចំបងបំផុតរបស់អង្គការ FAO ហើយក៏ទាមទារឲ្យគ្រប់តួរអង្គពាក់ព័ន្ធ រួមមានអ្នកផលិត អ្នកបរិភោគ រដ្ឋាភិបាល វិស័យឯកជន និងស្ថាប័នស្រាវជ្រាវ បង្កើនសកម្មភាពប្រកបដោយនិរនត្តរភាព ក្នុងន័យចូលរួមសហការក្នុងភាពជាដៃគូ ដែលជាគន្លឹះសំខាន់បំផុត ដើម្បីធ្វើយ៉ាងណាឲ្យប្រធានបទខាងលើទទួលបានជោគជ័យ។
លោកថា អង្គការ FAO នឹងបន្តគាំទ្ររាល់សកម្មភាព ដើម្បីរួមចំណែកធ្វើឲ្យអាហារមានសុវត្ថិភាព និងអាហារូបត្ថម្ភសម្រាប់មនុស្ស លោកនៅគ្រប់បណ្តាប្រទេសជាសមាជិក រួមទាំងកម្ពុជាផងដែរ។
លោករដ្ឋមន្រ្តី វេង សាខុន បានថ្លែងអំណរគុណ ចំពោះវត្តមានរបស់ភ្ញៀវជាតិ អន្តរ ជាតិ និងប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមក្នុងទិវានេះ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ដៃគូពាក់ព័ន្ធទាំងអស់ដែល បានសហការគ្នារៀបចំទិវានេះឡើង ប្រកបដោយអត្ថន័យ និងផ្លែផ្កាគួរជាទីមោទន។
លោកបន្តថា ប្រជាជនជាង១៥០ ប្រទេសនៅលើពិភពលោកបានរៀបចំទិវាស្បៀងអាហារពិភពលោកនេះឡើង គឺមានគោលបំណងលើកកម្ពស់ការយល់ដឹង និងសកម្មភាពជាសាកលសម្រាប់អ្នក ដែលទទួលរងគ្រោះដោយការអត់ឃ្លាន ធានាឲ្យបាននូវសន្តិសុខស្បៀង និងរបបអាហារដែលមានជីវជាតិគ្រប់គ្រាន់ សម្រាប់មនុស្សលោក។ នៅទូទាំងពិភពលោកមានប្រជាជនជាង៨២០លាននាក់ កង្វះអាហារូបត្ថម្ភជំងឺរ៉ាំរ៉ៃ ដែលក្នុងនោះ៦០% គឺជាស្រ្តី និងកុមារ ដែលមានអាយុក្រោម៥ឆ្នាំជិត ៥លាននាក់បានស្លាប់ ដោយសារតែបញ្ហាកង្វះអាហារូបត្ថម្ភជារៀងរាល់ថ្ងៃ និងរាប់លាននាក់ទៀត កំពុងតែប្រឈមនឹងការស្រេកឃ្លានអាហារ។
ឈ្វេងយល់ពីបញ្ហាខាងលើ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់អាទិភាពចម្បង ទៅលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងចាត់ទុកការវិនិយោគលើវិស័យនេះ គឺជា «កម្លាំងពន្លឿន» ក្នុងការជួយបង្កើនល្បឿន ដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព និងសុខុមាលភាពរបស់ប្រជាជន ជួយអភិវឌ្ឍន៍មូលធនមនុស្ស និងសេដ្ឋកិច្ចជាតិ។
លោករដ្ឋមន្ត្រីបន្តថា រាជរដ្ឋាភិបាលក៏បានរៀបចំយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ២០១៩-២០២៣ ដែលយុទ្ធសាស្រ្តជាតិនេះ មានគោលដៅធ្វើយ៉ាងណានៅឆ្នាំ២០២៣ ត្រូវកាត់បន្ថយផលប៉ះពាល់ នៃកង្វះអាហារូបត្ថម្ភ អត្រានៃភាពក្រេសក្រិនរបស់កុមារ និងអត្រានៃភាពស្គមស្គាំង តាមការរំពឹងទុក ដែលយុទ្ធសាស្រ្តនោះរួមមាន៖ លើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ តាមរយៈកសិដ្ឋានគ្រួសារខ្នាតតូច និងសហគមន៍ (កសិកម្ម នេសាទ និងព្រៃឈើ) ការគ្រប់គ្រងគ្រោះមហន្តរាយ ការបន្សាំនូវបម្រែបម្រួលអាកាស ធាតុ លើកកម្ពស់ប្រព័ន្ធផលិតកម្ម ពិពិធកម្ម និងកសិ-ធុរកិច្ច។
លោកបានបន្តទៀតថា ដើម្បីឲ្យគោលដៅនៃការលុបបំបាត់ ភាពអត់ឃ្លាននៅឆ្នាំ២០៣០ សម្រេចទៅបានចាំបាច់ត្រូវធ្វើការអភិវឌ្ឍន៍ ប្រកបដោយនិរន្តភាព គឺធានាសន្តិសុខស្បៀង ធើ្វឲ្យប្រសើរឡើងអាហារូបត្ថម្ភ ជំរុញអភិវឌ្ឍវិស័យកសិកម្ម អនុលោមទៅតាមផែនការសកម្មភាពជាតិ ២០១៦-២០២៥ ស្តីពីគំនិតផ្តួចផ្តើមសម្រាប់កាត់បន្ថយភាពអត់ឃ្លាន ឲ្យដល់កម្រិតសូន្យនៅកម្ពុជា តាមគោលដៅរំពឹងទុក។
លោករដ្ឋមន្ត្រីបន្តថា ក្រសួងកសិកម្មបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ ផ្តោតលើ «កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព» ដែលផ្តល់អាទិភាពឲ្យវិស័យកសិកម្មដើរតួនាទី លើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម ពាណិជ្ជូបនីយកម្មកសិកម្ម ការលើកកម្ពស់ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយនិរន្តភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការកាត់បន្ថយភាពក្រីក្រ ធានាតុល្យភាព និងរួមចំណែកកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ។
លោករដ្ឋមន្រ្តីបានរំឭកជូន នូវប្រសាសន៍របស់សម្តេចតេជោថា «ដំណោះស្រាយពាក់ព័ន្ធនឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ មិនត្រឹមតែជាការឆ្លើយតបទៅនឹងគោល នយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ ការដោះស្រាយនូវទុក្ខលំបាក ការលើកស្ទួយកម្រិតជីវភាព និងការលើកកម្ពស់សុខុមាលភាពទៀតផង» ហើយរាជរដ្ឋាភិបាលបានប្តេជ្ញា មិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយភាពអត់ឃ្លាននោះឡើយ។
ឆ្លើយតបទៅនឹងអនុសាសន៍ដ៏ប្រពៃនេះ និងដើម្បីអបអរសាទរទិវា ស្បៀងអាហារពិភពលោកឆ្នាំ២០១៩ លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍សំខាន់ៗ សម្រាប់ទុកជាទុនពុទ្ធិ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ធ្វើការដោះ ស្រាយនូវរាល់ចំណងបញ្ហា ដែលជាឧបសគ្គចំបង ក្នុងការអភិវឌ្ឍគោលនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួង ក្នុងទិសដៅដ៏មុខស្រួច គឺធ្វើយ៉ាងណាឲ្យប្រធានបទ «យើងរួមគ្នាលើកកម្ពស់អាហារសុវត្ថិភាព និងអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយភាពអត់ឃ្លាន ឲ្យដល់កម្រិតសូន្យសម្រាប់អនាគតរបស់យើង» សម្រេចទទួលបានជោគជ័យតាមការរំពឹងទុក៕