(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ បានដឹកនាំមេបញ្ជាការរង សេនាធិការរង មេបញ្ជាការ អាវុធហត្ថមូលដ្ឋានខណ្ឌទាំង១៤ និងនាយទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូប ចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី គង់ គីនី មេបញ្ជាការរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជំងឺធ្ងន់ធ្ងរ កំពុងសំរាកព្យាបាល នៅមន្ទីរសំរាកព្យាបាល លីវ ឈិញ ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវមនោសញ្ចេតនា ព្រួយបារម្ភ ចំពោះលោកឧត្តមសេនីយ៍ត្រី គង់ គីនី ដែលជាមិត្តរួមការងារ ស្ថិតក្រោមឱវាទផ្ទាល់របស់លោក និងបានផ្តាំផ្ញើលោកឧត្តមសេនីយ៍ត្រី គង់ គីនី សូមកុំបារម្ភរាល់ការចំណាយព្យាបាលអ្វីឲ្យសោះ ការចំណាយទាំងអស់ អង្គភាពអាវុធហត្ថរាជធានីភ្នំពេញ ធានារ៉ាប់រងទាំងស្រុង ធ្វើយ៉ាងណាសូមស្តាប់តាមការណែនាំរបស់គ្រូពេទ្យ និងថែរក្សាសុខភាពឲ្យបានល្អដូចដើម។

ក្នុងឱកាសសួរសុខទុក្ខ នេះផងដែរ ក្រុមការងារកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បាននាំយកភេសជ្ជៈ០៦កែស ផ្លែឈើ០១កន្ត្រក និងថវិកាផ្ទាល់ខ្លួនមួយចំនួន របស់មេបញ្ជាការរង សេនាធិការង និងមេបញ្ជាការខណ្ឌទាំង១៤ ដែលជាមិត្តរួមការងារក្នុងអង្គភាពអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី គង់ គីនី ដើម្បីទុកជាអំណោយសួរសុខទុក្ខ និង ប្រើប្រាស់ក្នុងគ្រួសារផងដែរ៕