(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។

ឥទ្ធិពលនៃជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន បាននិងកំពុងរំកិលអូសបន្លាយមកលើភាគខាងជើង និងភាគឦសានកម្ពុជា និងភាគខាងក្រោមទទួលរងនូវខ្យល់នាំមកនូវសំណើមបក់ពីសមុទ្រចិនខាងត្បូង ដែលលក្ខណៈបែបនេះធ្វើឲ្យ៖​

១៖​ ចាប់ពីថ្ងៃនេះដល់ ២៤ ខែតុលា៖ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តក្រចេះ កម្រិតទឹកភ្លៀងនឹងចុះពីតិចមកខ្សោយ។

២៖ ចាប់ពីថ្ងៃនេះ ដល់២៤ ខែតុលា៖ ខេត្តបាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ ពោធិ៍សាត់ និងកំពង់ឆ្នាំង នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។​

៣៖ ចាប់ពីថ្ងៃនេះ ដល់ ២១ ខែតុលា៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ កណ្តាល ព្រៃវែង ស្វាយរៀង តាកែវ កំពត ព្រះសីហនុ កែប កោះកុង និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ទន្ទឹមនោះអាចមានភ្លៀងធ្លាក់ច្រើននៅផ្នែកខ្លះ។ ចាប់ពីថ្ងៃទី២២ ដល់ ២៤ ខែតុលា កម្រិតទឹកភ្លៀងនឹងបន្តពីកម្រិតតិចមកមធ្យម។​

ជាមួយគ្នានេះ ក្រសួងអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតឡើងជាយថាហេតុ ពិសេសខេត្តតំបន់វាលទំនាប៕