(សូហ្វីយ៉ា, ប៊ុលហ្ការី)៖ នៅវេលាម៉ោងប្រមាណ៤រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ម៉ោងនៅទីក្រុងសូហ្វីយ៉ា ប្រទេសប៊ុលហ្ការី ត្រូវនឹងម៉ោង៨យប់ម៉ោងនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូដេលជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីទីក្រុងសូហ្វីយ៉ា ប្រទេសប៊ុលហ្ការី ត្រឡប់មកប្រទេសកម្ពុជាវិញហើយ។

ដំណើរនិវត្តន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ មានការជូនដំណើរដោយលោក ហ្គ័រ ហ្គ័រហ្គើអេវ អនុរដ្ឋមន្ត្រីក្រសួងការបរទេសប៊ុលហ្ការី លោកស្រី Marinela Petkova ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប៊ុលហ្ការី ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ ប្រទេសវៀតណាម លោក ប៉ូល សេងគី ភារ:ធារី នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្ការី ព្រមទាំងឥស្សរជនការទូតនៃប្រទេសកម្ពុជាជាច្រើនរូបទៀត។

សូមរំលឹកថា សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាកចេញពីរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែតុលា កន្លងទៅនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋឆែក, អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅប្រទេសហុងគ្រី និងចុងក្រោយបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសប៊ុលហ្ការី។

ដំណើរបំពេញទស្សនកិច្ចនៅប្រទេសតំបន់អឺរ៉ុបខាងកើតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនាពេលនេះ ទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់ ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយប្រទេសដែលធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធកាលពីពីអំឡុងទសវត្សរ៍ឆ្នាំ៨០ ឱ្យកាន់តែល្អប្រសើរថែមទៀត។ តាមរយៈការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរនេះ នឹងនាំមកនូវឧត្តមប្រយោជន៍ជាច្រើនទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

តាមការគ្រោងទុកសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នឹងអញ្ជើញមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ស្អែកនេះ៕