(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញប្រកាសតែងតាំង ថ្នាក់ដឹកនាំមួយចំនួន នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាព្រឹកថ្ងៃព្រហសត្បិ៍ ៤ រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងការកោតសសើរ និងអរគុណជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ ដែលបានចូលរួមចំណែកបំពេញការងារ ជូនអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងបេសកកម្ម ដឹកនាំសម្របសម្រួលកិច្ចការប្រយុទ្ធនឹងជំងឺអេដស៍ សំរាប់កម្ពុជារបស់យើង។

លោកបានរំឭក លើកទឹកចិត្តជូនមន្រ្តី ដែលទើបបានទទួលការតែងតាំងថ្មី សូមបន្តចូលរួមចំណែកលោកបានសកម្មថែមទៀត ព្រោះថា កិច្ចការបង្កាការឆ្លងរាលដាល និងឆ្លើយតបទៅនឹងមេរោគ អេដស៍ និងជំងឺអេដស៍ ត្រូវការចលនាចូលរួមគ្រប់ពេលវេលា គ្រប់វិស័យ គ្រប់បុគ្គល និងគ្រប់ទីកន្លែងជាចលនាជាតិដែលមាននិរន្តរភាព បើទោះជាកម្ពុជា បានទទួលជោគជ័យច្រើនហើយក៏ដោយ ក៏ការឆ្លងរាលដាលមេរោគអេដស៍ អាចនឹងស្ទុះខ្លាំងឡើងវិញបើសិនជា យើងម្នាក់ៗខ្វះការប្រុងប្រយ័ត្ន។

សូមបញ្ជាក់ថា លោកឱសថការី ឈឹម ឃិនដារ៉េត ត្រូវបានតែងតាំងជាអគ្គលេខាធិការថ្មី ខណៈដែលលោកវេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ពីមុខងារសាធារណៈ និងត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខា តែងតាំងជាអនុប្រធានអាជ្ញាធរជាតិបរយុទ្ធនឹងជំងឺអេដស៍ ។

តាមសំណើររបស់ សម្តេច តេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រោសប្រទានការតែងតាំង និងតម្លើងឋានៈជូន លោក ទា ផលា ជាអនុប្រធានអាជ្ញាធរជាតិ មានឋានៈស្មើរដ្ឋមន្រ្តី ហើយមន្រ្តីជាន់ខ្ពស់របស់អាជ្ញាធរជាតិជាច្រើនរូបផ្សេងទៀត ក៏ត្រូវបានតែងតាំង ជាអនុប្រធាន ទីប្រឹក្សាអាជ្ញាធរជាតិ និង ជានាយកខុទ្ទកាល័យផងដែរ៕