(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ត្រូវបានសមាជិកសមាជិកា សម្រេចបោះឆ្នោតជ្រើសរើសជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម សម្រាប់អាណត្តិទី៥ ក្រោមវត្តមានលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងបានប្រារព្ធសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ (២០១៩-២០២៥)។

ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងបរិវេណសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួម ពីគណៈកិត្តិយសសាខា គណៈកម្មាធិការសាខាអាណត្តិទី៤ សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្តសរុបចំនួន ២៧៥នាក់។

ក្នុងអង្គសន្និបាតអាណត្តិទី៥នេះដែរ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានចាត់តាំងលោក ហ៊ុន ណេង ជាប្រធានកិត្តិយសសាខា និងអនុប្រធានកិត្តិយសសាខា សរុបចំនួន ១៩នាក់។

សមាជិកសមាជិកាពេញសិទ្ធិបានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៥ ដែលមានសមាសភាព ១៥នាក់ ស្រី៣នាក់ ក្នុងនោះបានបោះឆ្នោតជ្រើសរើសលោក អ៊ុន ចាន់ដា ជាប្រធានគណៈកម្មាធិការសាខា, លោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍, លោក ហួត វុទ្ធី អនុប្រធាន, លោក ប៉ែន ម៉ារឌី អនុប្រធាន, លោកស្រី ចាន់ វ៉ាន់នី ហិរញ្ញិក និងលោកស្រី សុភ័ក្រ្ត ជាលេខាធិការគណៈកម្មាធិការសាខា។

គោលបំណងសំខាន់ នៃសន្និបាតនេះ គឺទី១៖ ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៤ និងផែនការទិសដៅអាណត្តិទី៥ (២០១៩-២០២៥), ទី២៖ ពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៤ និងផែនការទិសដៅអាណត្តិទី៥ (២០១៩-២០២៥), ទី៣៖ បោះឆ្នោតជ្រើសរើសគណៈកម្មា ធិការសាខាអាណត្តិទី៥ និងទី៤៖ ប្រកាសសេចក្ដីសម្រេចតែងតាំង ប្រធានអនុប្រធានកិត្តិយសសាខាអាណត្តិទី៥។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានប្តេជ្ញាចិត្តយ៉ាងមុតមាំដូចជា ត្រូវពង្រឹងអភិបាលកិច្ចល្អ, ពង្រឹង និងពង្រីកសមត្ថភាព គៀរគររកមូលនិធិ និងគ្រប់គ្រងមានគណនេយ្យភាព និងតម្លាភាព, ខិតខំពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព, ពង្រីក និងអភិវឌ្ឍកម្លាំងចលកររួមមានយុវជន និងអ្នកស្ម័គ្រចិត្ត ឱ្យកាន់តែសកម្មថែមទៀត, ទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាព និងអនុសាខាក្រុង ស្រុក កាន់តែជិតស្និទ្ធថែមទៀត និងបន្តអភិវឌ្ឍសាខាអនុសាខាឱ្យទៅជាសាខាមានដំណើរការល្អលើគ្រប់វិស័យ៕