(ភ្នំពេញ)៖ ក្រសួង៤ រួមមានក្រសួងផែនការ, ក្រសួងកិច្ចការនារី, ក្រសួងសុខាភិបាល, ក្រសួងអប់រំ យុវជន និងកីឡា បានរួមគ្នារៀបចំសិក្ខាសាលាពិគ្រោយោបល់ថ្នាក់ជាតិ ស្ដីពី ICPD ២៥ នៃដំណើរការរបស់កម្ពុជា ឆ្ពោះទៅសន្និសីទកំពូលទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា និងក្រោយសន្និសីទ។

សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើងដើម្បីកៀរគរ និងជំរុញការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការពន្លឿនការសន្យាកាលពីឆ្នាំ១៩៩៤ នៅទីក្រុងគែរ ប្រទេសអេហ្សីប អំពីផែនការសកម្មភាពរបស់ ICPD។

សិក្ខាសាលានេះរៀបចំឡើងក្រោមការចូលរួមពីលោក ប៊ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ, លោកស្រី ញាណ សុចិត្រា អគ្គនាយកនៃក្រសួងកិច្ចការនារី, លោក ជា ចាន់ទុំ តំណាងក្រសួងសេដ្ឋកិច្ច, លោកស្រី សឿន សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងភ្ញៀវកិត្តយកជាច្រើនរូបផងដែរ។

លោក ប៊ូច ប៊ុណ្ណាក់ បានរំលឹកពីអតីតកាលជូនអង្គសិក្ខាសាលាថា កាលពី២៥ឆ្នាំមុនរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមអនុម័តលើកម្មវិធីសកម្មភព នៃសន្និសីទអន្ដរជាតិស្ដីពី ប្រជាជន និងការអភិវឌ្ឍន៍ (ICPD) នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីបជាមួយបណ្ដាប្រទេសប្រមាណ១៧៩។

លោកបានបន្ដថា ចាប់តាំងពីការអនុម័តកម្មវិធីសកម្មភាពនៃ ICPD កម្ពុជាមានវឌ្ឍនភាពជាច្រើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេល២៥ឆ្នាំមកនេះ។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់កម្មវិធីសុខភាពបន្ដពូជ ជាមូលដ្ឋានក្នុងការអភិវឌ្ឍន៍ប្រទេស និងបានបង្កើតកម្មវិធីជាតិសុខាភាពបន្ដពូជ ដើម្បីលើកកម្ពស់ និងផ្ដល់សេវានេះ ជូនប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ ស្រ្ដីនិងយុវជនមានឱកាស និងជម្រើសច្រើនជាងមុន ស្រ្ដីបានទទួលការអប់រំប្រសើរជាងមុន ស្រ្ដីបានចូលរួមក្នុងការងារសង្គម និងសេដ្ឋកិច្ចច្រើនជាងមុន ពិសេសមានសិទ្ធិក្នុងការសម្រេចចិត្តថា គួររៀបការពេលណា? អាចកំណត់ចំនួនកូន និងគួរមានកូនពេលណាផងដែរ។ សំខាន់ជាងនេះទៀត ស្រ្ដីអាចទទួលបាននូវព័ត៌មាន និងសេវាពន្យារកំណើត ព្រមទាំងការថែទាំងសុខភាពពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល ហើយស្រ្ដីមានពេលវេលាគ្រប់គ្រាន់ ក្នុងការថែរក្សាសុខភាព ដែលផ្ដល់ឱកាសឲ្យពួកគាត់ បានចូលរួមក្នុងសកម្មភាពសង្គមប្រសើរជាងមុន និងមានលទ្ធភាពសិក្សា និងបំពេញការងារក្នុងការរកប្រាក់ចំណូលបំពេញគ្រួសារផងដែរ។

ជាមួយគ្នានោះលោក ជា ចាន់ទុំ បានបង្ហាញពីវឌ្ឍនភាពពាក់កណ្ដាលអាណត្តិ នៃសន្និសីទតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៦ ស្ដីពីប្រជាជន, បញ្ហាប្រឈម ព្រមទាំងសេចក្ដីសន្និដ្ឋាន និងជំហានបន្ដបន្ទាប់ទៅមុខទៀតផងដែរ។

សូមជម្រាបថា កាលពីឆ្នាំ១៩៩៤ នៅឯសន្និសីទអន្ដរជាតិ ស្ដីពីប្រជាជន និងការអភិវឌ្ឍរដ្ឋាភិបាល ប្រទេសចំនួន១៧៩ បានទទួលស្គាល់អំពីសិទ្ធិ និងសុខមាភាពរបស់មនុស្សគ្រប់រូប។ គណៈប្រតិភូជាតិ ដែលដឹកនាំដោយលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នឹងចូលរួមក្នុងសន្និសីទកំពូលនៅទីក្រុងណៃរ៉ូប៊ី នាខែវិច្ឆិកានេះ ដើម្បីអះអាងឡើងវិញពី ការប្ដេជ្ញារបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយនូវបញ្ហាប្រឈមដែលមិនទាន់សម្រេចបាន៕