(ភ្នំពេញ)៖ លោក សំរិទ្ធ ឯកសុវណ្ណ នាយករងទូរទស្សន៍ CNC និងជាអ្នកថតវីដេអូយូរឆ្នាំមួយរូបក្នុងវិស័យព័ត៌មាន បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយកំពុងសម្រាកព្យាបាលជំងឺនៅឯមន្ទីរពេទ្យក្នុងប្រទេសថៃ។

ភរិយារបស់លោក សំរិទ្ធ ឯកសុវណ្ណ បានឱ្យដឹងថា លោក ឯកសុវណ្ណ មានមេរោគនៅក្នុងគ្រាប់ឈាម ធ្វើឱ្យគ្រាប់ឈាមក្រហមធ្លាក់ចុះខ្លាំង។ ភរិយារបស់លោកបន្តរៀបរាប់ថា បច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងតាមដានជំងឺ ហើយមិនទាន់ដឹងថា អនុញ្ញាតឱ្យត្រឡប់មកផ្ទះវិញនៅពេលណានោះទេ។ ប៉ុន្តែស្ថានភាពជំងឺបានប្រសើរខ្លះហើយ។

សូមបញ្ជាក់ថា លោក សំរិទ្ធ ឯកសុវណ្ណ បានប្រឡូកក្នុងវិស័យព័ត៌មានជាច្រើនឆ្នាំមកហើយ ដោយមានជំនាញជាអ្នកថតវីដេអូ។ តាមរយៈអាជីពនេះ លោកបានរួមចំណែកជាច្រើនក្នុងការផ្តល់ព័ត៌មានពីសកម្មភាពរបស់ថ្នាក់ដឹកនាំជាតិ និងការវិវឌ្ឍន៍របស់សង្គមជាតិ។ អាជីពនេះ ក៏បានផ្តល់ឱកាសឱ្យលោកធ្វើសកម្មភាពផ្សេងៗជាច្រើនរួមទាំងសកម្មភាពមនុស្សធម៌ផងដែរ។

ជាពិសេសនៅក្នុងពេលកម្ពុជា និងថៃ ប៉ះទង្គិចគ្នានាឆ្នាំ២០០៨ នៅតំបន់ប្រាសាទព្រះវិហារ លោក សំរិទ្ធ ឯកសុវណ្ណ គឺជាអ្នកព័ត៌មានមួយរូបដែលបានចុះទៅ ថតយករូបភាពជាប្រចាំនៅតំបន់នោះ ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋខ្មែរបានជ្រាបពីការវិវឌ្ឍន៍នៃស្ថានការណ៍នាពេលនោះ។

បច្ចុប្បន្នលោក ឯកសុវណ្ណ គឺជាបង្អែកដ៏ធំក្នុងគ្រួសារ ខណៈភរិយាមិនមានការងារធ្វើ ហើយកូននៅតូចៗនៅឡើយ។ ការធ្លាក់ខ្លួនឈឺរបស់លោក ឯកសុវណ្ណ ជាការគំរាមកំហែងមួយដល់ជីវភាព ហើយធ្វើឱ្យលោកប្រឈមការលំបាកទាំងការស្វែងរកថវិកាព្យាបាលជំងឺ និងសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។

លោក សំរិទ្ធ ឯកសុវណ្ណ តាមរយៈអង្គភាពព័ត៌មាន Fresh News ក៏បានថ្លែងអំណរគុណដល់មិត្តអ្នកព័ត៌មានទាំងអស់ ដែលបានបង្ហាញពីព្រួយបារម្ភ ចំពោះសុខភាពរបស់លោក ហើយបានសួរសុខទុក្ខ និងជូនពរជាបន្តបន្ទាប់៕