(ភ្នំពេញ)៖ លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News បានថ្លែងថា មានក្រុមជនអគតិមួយចំនួន បាននឹងកំពុងបង្កើតព័ត៌មានក្លែងក្លាយ តាមរយៈការកាត់ត វាយប្រហារលើព័ត៌មាន Fresh News ដោយបានកែអត្ថន័យខ្លឹមសារវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា។

នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News បានថ្លែងបន្តថា ការបង្កើតព័ត៌មានក្លែងក្លាយតាមរយៈការកាត់តលើកម្មវិធី ​Photoshop និងកម្មវិធីកាត់តផ្សេងៗ គឺជារបត់ថ្មីមួយ ដែលងាយនឹងបង្កើតព័ត៌មានក្លែង ពោលគឺខុសពីការបង្កើតគេហទំព័រ ឬ Facebook ហើយសរសេរព័ត៌មានប្រឌិត។

លោក លឹម ជាវុត្ថា បានអះអាងថា «ក្នុងនាមខ្ញុំជានាយកគ្រប់គ្រងអង្គភាពព័ត៌មាន Fresh News សូមប្រកាសទាត់ចោលចំពោះខ្លឹមសារដែល ក្រុមអគតិមួយចំនួន បានសរសេរប្រឌិត និងកាត់តភ្ជាប់ជាមួយ Logo របស់អង្គភាពព័ត៌មាន Fresh News ថា «សម្តេច ហ៊ុន សែន៖ បានប្រកាសថា គណបក្សប្រជាជននៅតែដឹកនាំបន្ត ហើយទទួលស្គាល់ថា ការដឹកនាំជាង៣៥ឆ្នាំមកនេះមិនមានអ្វីរីកចម្រើនឡើយ ព្រោះអន្តរជាតិមិនទទួលស្គាល់របបដឹកនាំរបស់ខ្ញុំសូមបញ្ជាក់»

ខ្លឹមសារដើមរបស់ Fresh News មានចំណងជើងថា៖ «សម្តេចតេជោ ហ៊ុន សែន៖ ល្គឹកណា គណបក្សប្រជាជនកម្ពុជានៅតែឈ្នះឆ្នោត សម្តេចនៅតែបន្ត ដឹកនាំប្រទេស រាជរដ្ឋាភិបាលមិនយកពន្ធលើដីស្រែចំការ ហើយបៀវត្សអប្បបរមា ទោះបីឡើងដល់ណាក៏អត់ជាប់ពន្ធដែរ» (ដូចមានរូបភាពខាងក្រោម)។

ក្រៅពីក្លែងព័ត៌មានខាងលើនេះ នៅមានព័ត៌មានផ្សេងទៀតក៏ត្រូវបានក្រុមអគតិជននេះកែខ្លឹមសារផងដែរ៖ «សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ចេញសេចក្តីថ្លែងការណ៍ បង្ហាញអំពីកាតព្វកិច្ចពេញលេញរបស់កងទ័ព ស្តាប់បញ្ជារបស់លោកតែម្នាក់ នៅពេលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្រៅប្រទេស»  

ខ្លឹមសារដើមរបស់ Fresh News មានចំណងជើងថា៖ «ក្រសួងការពារជាតិ ចេញសេចក្តីថ្លែងការណ៍ បង្ហាញអំពីកាតព្វកិច្ចពេញលេញរបស់កងទ័ព ក្នុងការកម្ចាត់ក្រុមឧទ្ទាម សម រង្ស៉ី»។

សូមជំរាបថា កាលពីថ្ងៃទី១៤ ខែតុលា​ ឆ្នាំ២០១៩ម្សិលមិញ មានជនទុច្ចរិត បានកាត់តរូបភាពសំរាមមួយសន្លឹក ដោយភ្ជាប់ជាមួយទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន ហើយបានសរសេរ «រូបភាពនេះត្រូវជនអគតិ ពួកប្រឆាំងវាមិនយល់ ហើយយកមកផុសបង្អាប់កិត្តិយសពលរដ្ឋខ្លួន។ បើយើងមើលមួយផ្លូវទៀត គឺដោយសារការដឹកនាំ របស់ខ្ញុំជាង៣០ឆ្នាំមកនេះ ធ្វើឱ្យកម្ពុជារីកចម្រើនសំបូរសប្បាយ ពលរដ្ឋសំបូរហូបចុក ហូរហៀរ បរិបូរណ៍ ទើបធ្វើឱ្យសំរាមកើនឡើង»

ឆ្លើយតបនឹងបញ្ហា លោក ដួង តារា អ្នកគ្រប់គ្រង Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ដោយបានប្រកាសថា សម្តេចតេជោ ហ៊ុន សែន មិនបានចេញសារពាក់ព័ន្ធបញ្ហាសំរាមនៅក្នុង ខេត្តកណ្តាលនោះទេ៕